ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦ខែរដ្ឋចំណាយប្រមាណ១៧៥ លានដុល្លារឧបត្ថម្ភពលរដ្ឋក្រីក្រីដែលរងគ្រោះដោយកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិតចាប់ពីការដាក់ឱ្យដំណើរការនៅក្នុងខែមិថុនា មកទល់នឹងដំណាច់ ខែវិច្ឆិកា ឆ្នាំ២០២០ គឺមានរយៈពេល៦លើកហើយ ដែលរដ្ឋាភិបាលបានទម្លាក់សាច់ប្រាក់ជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ក្នុងនោះមានគ្រួសារសរុបចំនួន…

រាជធានីភ្នំពេញ ៖ គិតចាប់ពីការដាក់ឱ្យដំណើរការនៅក្នុងខែមិថុនា មកទល់នឹងដំណាច់ ខែវិច្ឆិកា ឆ្នាំ២០២០ គឺមានរយៈពេល៦លើកហើយ ដែលរដ្ឋាភិបាលបានទម្លាក់សាច់ប្រាក់ជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ក្នុងនោះមានគ្រួសារសរុបចំនួន ៧០៤ ១៣៥ នៅទូទាំងប្រទេស ទទួលបាននូវការឧបត្ថម្ភជាសាច់ប្រាក់ពីកម្មវិធីរបស់រដ្ឋនេះ ។

កម្មវិធីឧបត្ថម្ភប្រាក់នេះ ត្រូវបានមន្រ្តីលើកឡើងថា ជាកម្មវិធីប្រកបដោយមហិច្ឆតា និងមិនធ្លាប់មានពីមុនមក ។ ពលរដ្ឋក្រីក្របានទទួលចាស់ប្រាក់ផ្ទាល់ពីរដ្ឋ តាមប្រព័ន្ធធនាគារ ដោយក្នុងនោះចំនួនគ្រួសារបានកើនឡើងពីចំនួន ៥២៦ ៦៨៦ នៅក្នុងខែមិថុនា ដល់ចំនួន ៧០៤ ១៣៥ គ្រួសារ នៅក្នុងខែវិច្ឆិកា ។​ រាជរដ្ឋាភិបាលបានចំណាយអស់ថវិកាចំនួន ៧១២ ១២៩ ០៥៣ ២០០ រៀល ដែលសមមូលស្មើនឹងប្រមាណ ១៧៥ លានដុល្លារអាមេរិក។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឹកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការតាមដាន និងប្រតិតុល្យការការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅ ព្រឹកថ្ងៃទី២៣ ធ្នូនេះ ។

កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការតាមដាន និងប្រតិតុល្យការការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។

ការងារធ្វើការតាមដាន និងប្រតិតុល្យការនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបានថាប្រជាជនក្រីក្រ និងងាយរងគ្រោះទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលត្រឹមត្រូវ និងការអនុវត្តយន្តការនៃកម្មវិធីមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ដោយបានប្រើប្រាស់វិធីសាស្រ្តចំនួន០២ រួមគ្នា ដោយផ្តោតទៅទិដ្ឋភាពខាងបរិមាណផង និងទិដ្ឋភាពខាងគុណភាពផង ហើយផ្តោតលើកិច្ចសម្ភាសន៍សំខាន់ៗចំនួន ០៣ គឺ កិច្ចសម្ភាសន៍គ្រួសារក្រីក្រ និងជនងាយរងគ្រោះតាមរយៈទូរស័ព្ទ, ការចុះសម្ភាសផ្ទាល់ដល់មូលដ្ឋានជាមួយមន្រ្តី និងមេភូមិ-ឃុំមូលដ្ឋាន និងគ្រួសារក្រីក្រ និងកិច្ចសម្ភាសន៍ជាមួយអាជីវករ និងភ្នាក់ងារវីង។

លោក វង្សី វិស្សុត មានប្រសាសន៍ថា របាយការណ៍តាមដានការអនុវត្តកម្មវិធីខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយតម្រង់ផ្លូវយើងថែមទៀត ក្នុងការកែសម្រួលឡើងវិញនូវប្រព័ន្ធរបស់យើង ទាំងក្នុងកម្រិតនៃការរៀបចំគោលនយោបាយ និងទាំងក្នុងកម្រិតនៃការរៀបចំផែនការ និងយន្តការសម្រាប់អនុវត្ត ពិសេសដើម្បីកែលំអរនូវចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើឱ្យប្រព័ន្ធរបស់យើងកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៅក្នុងការអនុវត្តកម្មវិធីគាំពារសង្គមរបស់រាជរដ្ឋាភិបាលទាំងមូល ទាំងសម្រាប់កម្មវិធីដែលត្រូវបន្តអនុវត្តរាល់ឆ្នាំ និងទាំងកម្មវិធីដែលត្រូវអនុវត្តតែពេលមានគ្រោះអាសន្ន (Emergency) ឬវិបត្តិ (Crisis) ផ្សេងៗ ដូចពេលមានផ្ទុះជំងឺកូវីដ-១៩ នាពេលនេះដើម ។ល។

លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា ៩៩,១% នៃគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ពីព្រោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានអនុវត្តចំពេលកំពុងជួបការលំបាកផ្នែកជីវភាព ហើយគ្រួសារទទួលផលក៏បង្ហាញការពេញចិត្តលើនីតិវិធីនៃការផ្ទៀងផ្ទាត់ និងដកសាច់ប្រាក់ផងដែរ ។

ដោយឡែក ពាក់ព័ន្ធនឹងដំណើរការនៃការអនុវត្តកម្មវិធីវិញ លទ្ធផលបានបង្ហាញថា ភាគច្រើននៃមន្រ្តី និងមេភូមិ-ឃុំ បានទទួលដំណឹង និងទទួលការណែនាំអំពីដំណើរការនៃការអនុវត្តកម្មវិធី ដូចជាលក្ខខន្តិកៈនៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ, ការប្រើប្រាស់កុំព្យូទ័រ, ការដោះស្រាយបញ្ហាបន្ទាន់ៗ និងការយល់ដឹងពីលក្ខខន្តិកៈអ្នកទទួលផល ទោះបីជាការយល់ដឹងរបស់មន្រ្តីឃុំមានកម្រិតផ្សេងៗគ្នា ពិសេសនៅតាមជនបទដាច់ស្រយ៉ាល។

ឯកឧត្តម វង្សី វិស្សុត ក៏បានធ្វើការណែនាំដល់ក្រុមការងាររៀបចំរបាយការណ៍នេះ ឱ្យបន្តធ្វើការសិក្សា និងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដោយផ្តោតបន្ថែមលើបញ្ហាគន្លឹះៗមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយ និងកែលម្អនូវរាល់ចំណុចខ្វះចន្លោះទាំងឡាយ ដូចជា បញ្ហាពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណអ្នកទទួលផលជាដើម ដែលអាចនឹងឃ្លាតចេញពីគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។

លោក វង្សី វិស្សុត បានធ្វើការណែនាំដល់ក្រុមការងាររៀបចំរបាយការណ៍នេះ ឱ្យបន្តធ្វើការសិក្សា និងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដោយផ្តោតបន្ថែមលើបញ្ហាគន្លឹះៗមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយ និងកែលម្អនូវរាល់ចំណុចខ្វះចន្លោះទាំងឡាយ ដូចជាបញ្ហាពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណអ្នកទទួលផលជាដើម ដែលអាចនឹងឃ្លាតចេញពីគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ។ លោកថាលទ្ធផលនៃការសិក្សានេះ ក៏ត្រូវរកឱ្យឃើញផងដែរអំពីជម្រើស និងអនុសាសន៍នានា ទាំងខាងទិដ្ឋភាពខាងគោលនយោបាយ និងយន្តការនៅក្នុងការអនុវត្តកម្មវិធីជាក់ស្តែងផងដែរ ពិសេសអំពីផលប៉ះពាល់របស់កម្មវិធីមកលើសេដ្ឋកិច្ច និងសង្គម ព្រមទាំងជីវភាព និងរបៀបរបបនៃការរស់នៅប្រចាំរបស់ប្រជាជនដែលជាអ្នកទទួលផលផងដែរ។

សូមជម្រាបថា ក្នុងឱកាសផ្ញើសារជូនជនរួមជាតិតាមប្រព័ន្ធវីដេអូ ពីព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភ ជូនគ្រួសារពលរដ្ឋក្រីក្រនិងងាយរងគ្រោះពីជំងឺកូវីដ-១៩ រហូតដល់ខែមីនាឆ្នាំ២០២១ហើយបើដល់ពេលនោះ ជំងឺកូវីដ១៩ មិនបានធូរស្រាលនោះទេ រាជរដ្ឋាភិបាលនឹងនៅតែបន្តជួយប្រជាពលរដ្ឋ   តទៅទៀត ដោយមិនទុកចោល ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយមិនបានជួយនោះឡើយ៕

រដ្ឋាភិបាលបានប្រកាសទម្លាក់សាច់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះពីជំងឺកូវីដ១៩ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០មក។ នៅក្នុងមួយខែៗ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៣០លានដុល្លារ ក្នុងបេសកកម្មមនុស្សធម៌ដ៍ធំនេះ ដោយមាន គ្រួសារពលរដ្ឋក្រីក្រងាយរងគ្រោះប្រភេទក្រ១និងក្រ២ ប្រមាណជា៧០ម៉ឺនគ្រួសារបានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ