រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២០នេះ អង្ករកម្ពុជា ដែលបាននាំចេញទៅក្រៅប្រទេស ឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យសម្រេចបាន ៥៣៦ ៣០៥ តោន ក្នុងនេះមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១ ១៣២ តោន អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩ ០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៣៨ តោន។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់បន្ថែមថា ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨ ៣៦៥ តោន ស្មើជាង១៧,១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ ៩៤០ តោន ។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៤៧ ៥៣០ តោន ថយចុះចំនួន ១១ ៨២៤ តោន ស្មើនឹង -១៩,៩២% ធៀបទៅនឹងខែតុលា ឆ្នាំ២០១៩ ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១០ខែនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់។ ការនាំចេញទៅសហភាពអឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៧៤ ៣៩១ តោនកើនចំនួន ៣២,៥១%។ ប្រទេសចិនមានបរិមាណសរុបចំនួន ១៩៤ ៤៥១ តោន កើនឡើងចំនួន ៣៦,២៦%, ។ ចំណែក បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧១ ៨៨២ តោន កើនឡើងចំនួន ១៣,៤០%, និង គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៥ ៥៨១ តោន បានកើនឡើងចំនួន ១៧,៨៣% ។
ចំណែកឯការនាំចេញស្រូវទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម រដ្ឋមន្ត្រីក្រសួងកសិកម្ម ឲ្យដឹងដែរថា រយៈពេល ៩ខែ២៨ថ្ងៃ ដើមឆ្នាំ២០២០ គិតថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០នេះ មានបរិមាណសរុបចំនួន ១ ៤២៧ ២២៦ តោន៕
ចែករំលែកព័តមាននេះ