ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី​លើ​ដំណាំ​កសិកម្ម

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជា​រឿយ​ៗ​គេ​តែង​សង្កេត​ឃើញ​ប្រជា​កសិករ​ដាំ​បន្លែ​នៅ​តំបន់​ទេសចរណ៍​អង្គរ​ក៏​ដូច​នៅ​តាម​បណ្ដា​ខេត្ដ​នានា​តែង​ប្រើប្រាស់​ជីគីមី​លើ​ដំណាំ​កសិកម្ម​របស់​ខ្លួន​ដើម្បី​ឱ្យ​ទទួល​បាន​ផល​ល្អ ។ ការ​ប្រើប្រាស់​ជីគីមី​នេះ​ពួក​គាត់​អះអាង​ថា ជួយ​ឱ្យ​ផលដំណាំ​កសិកម្ម​ទទួល​បាន​ផល​ច្រើន បើ​ទោះជា​គេ​ដឹង​ថា​ការ​ប្រើប្រាស់​ជីគីមី​នេះ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ា​ង​ណា​ក្ដី ។ បច្ចុប្បន្ន ប្រជា​កសិករ​ដាំ​បន្លែ​មួយ​ចំនួន…

ខេត្តសៀមរាប ៖ ជា​រឿយ​ៗ​គេ​តែង​សង្កេត​ឃើញ​ប្រជា​កសិករ​ដាំ​បន្លែ​នៅ​តំបន់​ទេសចរណ៍​អង្គរ​ក៏​ដូច​នៅ​តាម​បណ្ដា​ខេត្ដ​នានា​តែង​ប្រើប្រាស់​ជីគីមី​លើ​ដំណាំ​កសិកម្ម​របស់​ខ្លួន​ដើម្បី​ឱ្យ​ទទួល​បាន​ផល​ល្អ ។ ការ​ប្រើប្រាស់​ជីគីមី​នេះ​ពួក​គាត់​អះអាង​ថា ជួយ​ឱ្យ​ផលដំណាំ​កសិកម្ម​ទទួល​បាន​ផល​ច្រើន បើ​ទោះជា​គេ​ដឹង​ថា​ការ​ប្រើប្រាស់​ជីគីមី​នេះ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ា​ង​ណា​ក្ដី ។

បច្ចុប្បន្ន ប្រជា​កសិករ​ដាំ​បន្លែ​មួយ​ចំនួន បាន​ងាក​មក​ប្រើប្រាស់​ជីធម្មជាតិ ដែល​ពួក​គាត់​យល់​ថា ការ​ប្រើប្រាស់​ជីធម្មជាតិ​នេះ បាន​ជួយ​ឱ្យ​ការ​ដាំ​ដុះ​ដំណាំ​ពួក​គាត់​មាន​ទីផ្សារ និង​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ បើ​ទោះបី​ដំណាំ​កសិកម្ម​ពួក​គេ​មិន​ទទួលផល​ដូច​ការ​ប្រើប្រាស់​ជីគីមី​ក៏​ដោយ ។

កំពុង​លើកដៃ​បេះ​ននោង​បណ្ដើរ អ៊ំ​ប្រុស ជួប ជឿន រស់នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​រៀបរាប់​ថា គាត់​មានបទពិសោធន៍​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​ប្រើប្រាស់​ជីគីមី​លើ​បន្លែ​ដំណាំ​គ្រប់​ប្រភេទ ដើម្បី​ឱ្យ​វា​មានការ​លូតលាស់​ល្អ និង​ឆាប់​ទទួលផល ។ បុរស​វ័យ​ជិត​៧០​ឆ្នាំ​រូប​នេះ​បាន​បន្ដ​ថា បន្ទាប់​ពី​ដឹង​ថា ការ​ប្រើ​ជីគីមី​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខុស​ភាព​មនុស្ស និង​ឆាប់​ខូច​ដី​ផង​នោះ រូប​គាត់​បាន​ងាក​មក​ប្រើប្រាស់​ជីធម្មជាតិ ឬ​ជីកំប៉ុស​វិញ​ម្ដង ។ បន្ទាប់​ពី​បាន​ប្រើប្រាស់​ជីធម្មជាតិ លើ​ដំណាំ ក្រុម​គ្រួសារ​របស់​គាត់​មិន​ពិបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​នោះ​ទេ ពោល​គឺ​មាន​ឈ្មួញ​ចាំ​ទទួល​ទិញ​ជា​ស្រេច ដោយ​ក្នុង​មួយ​ថ្ងៃ​ទទួល​ប្រាក់​ចំណូល​ពី​ការ​ដាំ​បន្លែ​នោះ​ប្រមាណ​១​សែន​រៀល ខណៈ​បន្លែ​ផ្សេង​ទៀត​កំពុង​ទទួលផល​ដូច​គ្នា ។ ជាមួយ​គ្នា​នោះ​ដែរ អ៊ំ​ប្រុស​បាន​បញ្ជាក់​ថា ការ​ប្រើ​ជីធម្មជាតិ​មិន​ត្រឹមតែ​ផ្ដល់​ផល​ដល់​រូប​គាត់​នោះ​ទេ ថែម​ទាំង​មិន​ធ្វើ​ឱ្យ​ខូច​ដី​ដំណាំ​ផង​ដែរ ។

សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​៧​ភូមិ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជា​២.៥០០​គ្រួសារ ស្មើនឹង​ប្រមាណ​១២.០០០​នាក់ ។

ប្រជាពលរដ្ឋ​ទាំងនោះ​ប្រមាណ​៨៥% ជា​កសិករ​ដាំ​បន្លែ​អាច​ជួយ​ជីវភាព​គ្រួសារ​ឲ្យ​ធូរធា រ​និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ផង​ដែរ ។ មិន​ខុស​ពី​អ៊ំ​ប្រុស ជួប ជឿន​ប៉ុន្មាន​ទេ ដែល​មានមុខ​របរ​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​ដោយ​យក​ជីធម្មជាតិ​មក​ប្រើប្រាស់​លើ​ដំណាំ ។

អ្នកស្រី ទូច ប៉ុន ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ បាន​និយាយ​ថា អ្នកស្រី​មានមុខ​របរ​ដាំ​ត្រកួន ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​អ្នកស្រី​អះអាង​ថា គាត់​ប្រើប្រាស់​តែ​ជីធម្មជាតិ ហើយ​ក្នុង​មួយ​ថ្ងៃ​ទទួល​ចំណូល​ពី​១៥​ដុល្លារ​ទៅ​២០​ដុល្លារ ។​អ្នកស្រី​រៀបរាប់​ថា ការ​ដាំ​បន្លែ​ដាក់​ជីធម្មជាតិ​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ផល​ចំណេញ​ច្រើន​ជាង​ដាំ​បន្លែ​ដាក់​ជីគីមី ព្រោះ​អ្នកទិញ​រកតែ​បន្លែ​ដែល​គ្មាន​ជាតិពុល ។ ប៉ុន្ដែ​ទោះជា​យ៉ាងណា​អ្នកស្រី​បាន​បញ្ជាក់​ថា គាត់​នៅ​តែ​ប្រើ​ជីគីមី​ដដែល​គឺ​ប្រើ​តិចតួច​ប៉ុណ្ណោះ​លាយ​ជាមួយ​ជីធម្មជាតិ ។

អ្នកស្រី ទូច ប៉ុន បាន​បន្ដ​ថា ការ​ប្រើ​ជីធម្មជាតិ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកស្រី​ផង និង​អ្នក​ទទួលទាន​ផង បើ​ទោះបី​ការ​ទទួលផល​មិន​ច្រើន​ដូច​ការ​ប្រើប្រាស់​ជីគីមី​ក៏​ដោយ ។ ស្ដ្រី​រូប​នោះ​សម្ដែង​ការ​សប្បាយចិត្ដ​ដោយ​មាន​ជីវភាព​ធូរធារ​ដោយសារ​មុខរបរ​ដាំ​បន្លែ​នេះ ។

បើ​យើង​ក្រឡេក​មើលទៅ​ក្បែរ​ផ្ទះ​អ្នក​ភូមិ​នីមួយ​ៗ​ពោរពេញ​ដោយ​ថ្នាល​បន្លែបង្ការ​គ្រប់​ប្រភេទ មាន​ពណ៌​ខៀវស្រងាត់​ស្រស់បំព្រង ។ នៅ​ក្នុងភូមិ​មាន​ប្រឡាយ​ពោរពេញ​ទៅ​ដោយ​ទឹក​គ្រប់​រដូវ​កាលដែល​អាច​បញ្ជាក់​បាន​ថា នៅ​រដូវប្រាំង​អ្នក​ភូមិ​ក៏​អាច​យក​ទឹក​ប្រឡាយ​នោះ មក​ស្រោចស្រព​លើ​ដំណាំ​ពួក​គាត់​បាន​ដែរ ។

ប្រធាន​សមាគម​មជ្ឈមណ្ឌល​ព័ត៌មាន​សហគមន៍ នៅ​សង្កាត់​ជ្រាវ ដែល​កំពុង​រៀបចំ​ឱ្យ​សហគមន៍​ដាំ​បន្លែ​ប្រកបដោយ​អនាម័យ និង​មានគុណ​ភាពល្អ លោក ក្រួច លី បាន​ថ្លែង​ថា បច្ចុប្បន្ន​អ្នក​ភូមិ​បាន​ប្រើប្រាស់​ជីគីមី​លើ​ដំណាំ​ពួក​គាត់​តែ​៥%​ប៉ុណ្ណោះ ហើយ​ដំណាំ​ពួក​គេ​ក៏​មានការ​គាំទ្រ​ពី​ភ្ញៀវ​ទេសចរ​ផង​ដែរ ខណៈ​ដែល​នៅ​ក្នុង​សហគមន៍​នោះ ជា​តំបន់​ទេសចរ​មួយ​ដែល​មាន​សត្វ​ស្លាប និង​ដំណាំ​ធម្មជាតិ​ស្រស់បំព្រង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យទៅ​ទស្សនា​កម្សាន្ត ។

លោក​ក្រួច លី បាន​បន្ដ​ថា កន្លង​មក​ក៏​មាន​ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​ទិញ​បន្លែ​ពួក​គាត់​ទៅ​ដាក់​នៅ​តាម​សណ្ឋាគារ​ធំ​ៗ​ផង​ដែរ ព្រោះ​បន្លែ​គាត់​ប្រើប្រាស់​តែ​ជីធម្មជាតិ ។ លោក​ថា​នឹង​ព្យាយាម​ពន្យល់​ណែនាំ​អ្នកស្រុក​ឲ្យ​បន្ដ​ការ​ប្រើប្រាស់​ជីធម្មជាតិ​លើ​ដំណាំ​បន្លែ​បន្ថែម​ទៀត ដើម្បី​ឱ្យ​មាន​ទីផ្សារ​នៅ​តាម​បណ្ដា​សណ្ឋាគារ​ធំ​ៗ​នៅ​តំបន់​ទេសចរណ៍​អង្គរ​នេះ ។

លោក ប្រាក់ ជា​ថូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​ក្រសួងកសិកម្ម បាន​មាន​ប្រសាសន៍​ថា តាម​ការ​សិក្សា​ស្រាវ​ជ្រា​កន្លង​មក ការ​ប្រើប្រាស់​ជីគីមី​មាន​ផល​ប៉ះពាល់​ដល់​មនុស្ស និង​សត្វ ព្រមទាំង​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ ។ លោក​បន្ដ​ថា មន្ដ្រី​ជំនាញ​មាន​គម្រោង​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់​ប្រភេទ​ជី​ម្យ៉ាង​ដែល​គេ​ហៅ​ថា ទ្រី​គោ​ទ្រី​ម៉ា ដើម្បី​យក​មក​ប្រើ​ក្នុង​វិស័យ​កសិកម្ម ។

ទោះជា​យ៉ាងណា លោក ប្រាក់ ជា​ថូ ក៏​បាន​ស្នើ​ឱ្យ​ប្រជា​កសិករ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី ដោយ​ឱ្យ​ងាក​មក​ប្រើប្រាស់​ជី​កំ​ប៉ុស្ដិ​វិញ​។ លោក​ថា ក្រសួងកសិកម្ម​លើកទឹកចិត្ដ​ចំពោះ​ប្រជា​កសិករ​ដែល​ប្រើប្រាស់​ជីធម្មជាតិ ។

ប្រធាន​ផ្នែក​សិក្សា​ស្រាវជ្រាវ​កសិកម្ម​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេ​ដាក លោក គា​ម មក​រា​ឌី បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​សារធាតុ​គីមី​នេះ​មាន​២​ប្រភេទ គឺ​ជីគីមី​កសិកម្ម និង​ថ្នាំពុល​កសិកម្ម ហើយ​ការ​ប្រើប្រាស់​ជីគីមី​នេះ​ទៅ​តាម​ប្រភេទ​ដំណាំ​នីមួយ​ៗ​ដូច​ជា​ស្រូវ​វស្សា​ប្រជា​កសិករ​ប្រើប្រាស់​ជីគីមី​ប្រមាណ​៧០%​ទៅ​៨០% និង​ស្រូវប្រាំង​១០០% ជាមួយ​គ្នា​នោះ​ដែរ មាន​ដំណាំ​ជា​ច្រើន​ទៀត ដូច​ជា​ដំណាំ​បន្លែ​ដែល​ប្រើប្រាស់​ជីគីមី​នេះ​ច្រើន ។ លោក​ថា ចំណែក​ការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​វិញ ប្រជា​កសិករ​ប្រើប្រាស់​លើ​ដំណាំ​កសិកម្ម​ស្ទើរតែ​១០០% ។ លោក​ថា ការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម និង​ជីគីមី​កសិកម្ម​នេះ មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ប្រជា​កសិករ ដោយ​លោក​ស្នើ​ឱ្យ​ប្រជា​កសិករ​ចូលរួម​យល់​ដឹង​ពី​ផល​ប៉ះពាល់ នៃ​ការ​ប្រើប្រាស់​សារធាតុ​ទាំងនេះ តាម​រយៈ​សិក្ខាសាលា​ជាដើម ព្រោះ​ភ្នាក់ងារ​ជីវសាស្ដ្រ ជា​ភ្នាក់ងារ​មួយ​អាច​ជួយ​ឱ្យ​ប្រជា​កសិករ​ដាំ​ដំណាំ​ដោយ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទាំង​អ្នក​ផលិត និង​អ្នក​ទទួលទាន ៕