ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមជួរដងទន្លេមេគង្គ ក្នុងភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម បានចាប់យករបរបណ្តុះផ្សិតអំបោះដែលធ្វើឡើងតាមបែបធម្មជាតិ ក្នុងនោះមានអ្នកខ្លះធ្វើជាលក្ខណៈគ្រួសារ និងខ្លះទៀតយកទៅលក់នៅឯផ្សារសម្រាប់ដោះស្រាយជីវភាពគ្រួសារបានល្អប្រសើរមួយកម្រិតផងដែរ។
ជួបជាមួយនឹងអ្នកបណ្តុះផ្សិត លោក វេងសេងលាភ អាយុ៣២ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែមីនា គាត់និយាយថា ដំបូងគាត់ឃើញមានអ្នកភូមិគេបណ្តុះផ្សិតលក់ទទួលបានកម្រៃគ្រាន់បើ ក៏មានចិត្តចង់ចេះពីបច្ចេកទេសធ្វើយ៉ាងណាដើម្បីឲ្យមានផ្សិតលក់នឹងគេដែរ ។ មានពេលមួយក្នុងអំឡុងឆ្នាំ២០១៤ គាត់ក៏ទទួលបានការបណ្តុះបណ្តាលនៅមន្ទីរកសិកម្មខេត្តរយៈពេល១សបា្តហ៍យល់ដឹងបានគ្រាន់បើ។
អ្នកបណ្តុះផ្សិតរូបនេះ ឲ្យដឹងទៀតថា ដំបូងដោយខ្លាចមានបញ្ហាមិនអាចដំណើរការទៅមុខបានដោយរលូននោះ គាត់ក៏សម្រេចចិត្តទៅស៊ីឈ្នួលបណ្តុះឲ្យគេនៅឯពាមជីកង ស្រុកកងមាសរយៈពេល១ឆ្នាំ ។ លុះពេលស្ទាត់ជំនាញក្នុងបច្ចេកទេសបណ្តុះផ្សិតនេះហើយ ទើបគាត់ប្រកបរបរដោយខ្លួនឯងវិញ ដោយបានទិញឈើនិងស្លឹកមកធ្វើរោងសម្រាប់បណ្តុះផ្សិតនៅមុខផ្ទះរបស់ជីតាក្នុងភូមិតាមាង ឃុំកោះរកា ។
ក្នុងពេលចាប់ផ្តើមដំបូង ពេលផ្សិតចេញចាប់ផ្តើមបេះក្នុង១លើកៗបានពី៣០ទៅ៤០គីឡូក្រាម ឯចំពោះតម្លៃលក់នៅទីផ្សារវិញ ១គីឡូក្រាមបាន៤.០០០រៀល ហើយថង់បណ្តុះផ្សិតដែលល្អគឺអាចបេះបានប្រហែលជិត១ឆ្នាំទើបអស់ផ្សិត ។
លោក វេង សេងលាភ រៀបរាប់ទៀតថា ក្នុងឆ្នាំ២០១៦តម្លៃផ្សិតលើទីផ្សារបានចុះថោកតែក្រោយមកក៏បានឡើងថ្លៃវិញ ប៉ុន្តែមកដល់ឆ្នាំ២០១៧នេះ បែរជាធ្លាក់ថ្លៃរហូតដល់១.០០០រៀលក្នុង១គីឡូក្រាមដែលមិនទទួលបានផលចំណេញនោះទេ ។ ដោយសារបែបនេះ រូបគាត់ក៏បានរុះរោងបណ្តុះផ្សិតចោលអស់១រោង និងនៅសល់២រោងទៀតទុកគ្រាន់តែនឹងបេះហូប ប៉ុណ្ណោះ មិនយកទៅលក់នៅផ្សារទេ។
អ្វីដែលជាបញ្ហា គឺចាប់តាំងពីពេលបណ្តុះផ្សិតលក់មក ចំពោះលុយខ្ចីពីធនាគារនិងលុយខ្ចីពីឪពុកមករកស៊ីលើរបរនេះមិនទាន់ទូទាត់សងវិញគ្រប់នៅឡើយទេ គ្រាន់តែទទួលបានចំណេញតិចៗតែប៉ុណ្ណោះ ។ ក្នុងពេលខាងមុខ ប្រសិនណាផ្សិតឡើងថ្លៃវិញ នឹងរៀបចំដំណើរការបណ្តុះជាបន្តទៀត គ្រាន់នឹងដោះស្រាយជីវភាពគ្រួសារ។
ចំណែករោងបណ្តុះផ្សិតនៅកន្លែងផ្សេងទៀតក្នុងភូមិរបស់គាត់ ក៏គេឈប់សម្រាកដែរដោយសារតម្លៃនៅលើទីផ្សារចុះថោក មិនអាចបន្តបណ្តុះទៀតបាន ៕
ចែករំលែកព័តមាននេះ