ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​សរសើរ​ពោត​ស្ងោរ​នៅ​ជប់​មាន​រសជាតិ​ផ្អែម​មាន​ទាំង​រដូវប្រាំង និង​វស្សា

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ពោត​ស្ងោរ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ត្រូវ​បាន​អ្នក​ភូមិ​ទួល​សំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ជា​ច្រើន​គ្រួសារ​នាំ​គ្នា​លក់​នៅ​តាម​មុខ​ផ្ទះ​និង​ដងផ្លូវ​ជាតិ​លេខ​១១ ទាំង​រដូវ​វស្សា ​និង​រដូវប្រាំង ។…

ខេត្ត​ត្បូងឃ្មុំ ៖ ពោត​ស្ងោរ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ត្រូវ​បាន​អ្នក​ភូមិ​ទួល​សំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ជា​ច្រើន​គ្រួសារ​នាំ​គ្នា​លក់​នៅ​តាម​មុខ​ផ្ទះ​និង​ដងផ្លូវ​ជាតិ​លេខ​១១ ទាំង​រដូវ​វស្សា ​និង​រដូវប្រាំង ។ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​តែងតែ​ឈប់​ទិញ ហើយ​ថែម​ទាំង​សរសើរ​ថា ពិតជា​មាន​រសជាតិ​ផ្អែម​ទៀត​ផង ។

អ្នកលក់​ពោត​ម្នាក់​ឈ្មោះ ហ៊​ន់ នី​តា ភេទ​ស្រី អាយុ​២២​ឆ្នាំ និយាយ​ថា សព្វ​ថ្ងៃនេះ​នាង​ឈប់​រៀន​ហើយ និង​បាន​មក​ជួយ​លក់​ពោត​ស្ងោរ​ម្តាយ​ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវ​ភាព​គ្រួសារ ។ ចំពោះ​ពោត​ស្ងោរ​ចំនួន​១០​ផ្លែ​គឺ​លក់​បាន​៧.០០០​រៀល ហើយ​ក្នុង​ពោត​មួយ​ផ្លូន​អាច​លក់​ចំណេញ​បាន​៥.០០០​រៀល ។ នាង​ពុំ​មាន​ចម្ការពោត​នៅ​ជិត​នោះ​ទេ គឺ​ឪពុក​នាង​ទៅ​កាច់​ពី​ចម្ការ​របស់​គេ​នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ។

អ្នកលក់​ពោត​ម្នាក់​ទៀត​ឈ្មោះ នី​តា និយាយ​ថា ពោត​ដែល​ស្ងោរ​លក់​នេះ​មាន​លក់​ទាំង​រដូវ​វស្សា​និង​រដូវប្រាំង ហើយ​ក្នុង​១​ថ្ងៃ​ពេល​ណា​លក់ដាច់​ខ្លាំង​អាច​បាន​ចំណេញ​ប្រមាណ​​១០​ម៉ឺន​រៀល តែ​ត្រូវ​នឿយហត់​បន្តិច​និង​ត្រូវ​អង្គុយ​ក្រោម​ឆត្រ​ហើយ​ក្តៅ​ថែម​ទៀត ។ នៅ​មុខ​ផ្ទះ​ម្តាយ​របស់​នាង​បាន​ស្ងោរ​ពោត​លក់​១​ឆ្នាំង ចំណែក​នាង​វិញ​បាន​មក​លក់​នៅ​ម្តុំ​ចម្ការ​កៅស៊ូ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២០០​ម៉ែត្រ ។ ការ​មក​លក់ដូរ​នេះ​គឺ​តាំងពី​ព្រឹក ហើយ​រហូត​ដល់​ល្ងាច​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ដោយសារ​របរ​លក់​ពោត​ស្ងោរ​នេះ ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​នាង​ធូរស្រាល​មួយ​កម្រិត និង​បាន​ជួយ​ឲ្យ​ប្អូន​ៗ​បន្ត​រៀនសូត្រ បន្ត​ចាប់​យកចំណេះ​វិជ្ជា​ឲ្យ​កាន់តែ​ខ្ពស់​ថែម​ទៀត ។

លោក ណាំង សុភាព អាយុ​៣៩​ឆ្នាំ នៅ​ក្រុង​សួង ជា​អ្នក​បោះ​ដុំ​ពោត​និយាយ​ថា គាត់​រក​សុ​ី​ម៉ៅ​ពោត​ពី​តាម​ចម្ការ​នានា​ក្នុងស្រុក​ត្បូងឃ្មុំ មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ របរ​នេះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ចេះ​តែ​មានការ​រីក​ចម្រើន​ឡើង ហើយ​ផ្លែ​ពោត​គាត់​ដើរ​ម៉ៅ​ទិញ​ពី​តាម​ចម្ការ​រហូត​ដល់​ស្រុក​ស្អាង ខេត្តកណ្តាល ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ដែល​ក្នុង​១​ថ្ងៃ​ចំណូល​បាន​មក​ពី​លក់​ពោត​នេះ គឺ​ពី​៦​ទៅ​៧​លាន​រៀល ។

ពោត​ដែល​ប្រជាពលរដ្ឋ​ដាំ​ក្នុង​រដូវវស្សា​គឺ​ទៅ​ទិញ​នៅ​ស្រុក​ចំការលើ ឯ​នៅ​រដូវប្រាំង​ប្រជាពលរដ្ឋ​ដាំ​នៅ​តាម​ដង​ទន្លេមេគង្គ គឺ​មិន​មាន​បញ្ហា​ចោទ​ពី​ការ​ខ្វះ​ពោត​សម្រាប់​ដឹក​មក​បោះ​ឲ្យ​ម៉ូយ​នៅ​ឃុំ​ជប់ និង​តាម​កន្លែង​ផ្សេង​ៗ​ទៀត​ឡើយ ។ ពោត​ខ្មែរ​ដែល​ដាំ​នៅ​តាម​មាត់ទន្លេ ពេល​ស្ងោរ​លក់​គឺ​មាន​រសជាតិ​ផ្អែម ។

លោក ណាំង សុភាព និយាយ​ទៀត​ថា តាម​ដែល​គាត់​ដឹង ពោត​នាំ​មក​ពី​ប្រទេស​ជិតខាង នៅ​ពេល​ស្ងោរ​ហូប​សាច់​ឡើង​ខៀវ ហើយ​មិន​ឆ្ងាញ់​ទេ ។ ម្យ៉ាងទៀត ទោះបីជា​ទុក​ចោល​១​ស​ប្តា​ហ៍​ក៏​ស្លឹក​នៅ​តែ​ស្រស់​ដែរ មិនដឹង​ជា​គេ​ដាក់​អ្វី​ឡើយ ហេតុនេះ​ហើយ​ទើប​គាត់​មិន​នាំ​មក​លក់​ឲ្យ​ម៉ូយ ទេ ឯ​ពោត​ដែល​លក់​រាល់​ថ្ងៃជា​ពោត​របស់​ខ្មែរ​សុទ្ធសាធ​មាន​រសជាតិ​ឆ្ងាញ់ ។

បុរស​ចំណាស់​ម្នាក់​ឈ្មោះ តាន់ ថែ​ន អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ពណ្ណរាយ ឃុំ​ជើង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ក្នុង​ពេល​ឈប់​រថយន្ត​ទិញ​ពោត​ស្ងោរ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា និយាយ​ថា រូប​គាត់​ត្រឡប់​មក​ពី​ខេត្តព្រៃវែង​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​របស់​កូន ក៏​ឈប់​រថយន្ត​ទិញ​ពោត​ស្ងោរ​ហូប​នៅ​ភូមិ​ទួល​សំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។ គាត់​ទទួល​ស្គាល់​​ថា ពោត​ដែល​គេ​យក​មក​ស្ងោរ​លក់​នោះ គឺ​ដឹក​ចេញពី​ចម្ការ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហេតុនេះ​ហើយ​ទើប​មាន​រសជាតិ​ផ្អែម ៕