ខេត្តរតនគិរី ៖ អាជ្ញាធរខេត្តរតនគិរី បានធ្វើការអភិវឌ្ឍបឹងកន្សែង ក្រុងបានលុង នៅក្នុងនោះមានការពង្រីកផ្លូវជុំវិញបឹងជាដើម ។ ការពង្រីកផ្លូវដែលពលរដ្ឋមួយចំនួនបានលើកឡើងថាបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មមួយចំនួន ដូចជា សណ្ឋគារ ភោជនីយដ្ឋាន និងលំនៅដ្ឋានពលរដ្ឋមួយចំនួន ។
លោកស្រី ចិន្តា ក្លេ ម្ចាស់សណ្ឋាគារ Terres Rouges ដែលគេស្គាល់ថាជា «ផ្ទះក្រហម» ជាសណ្ឋាគារមួយធំនៅក្នុងខេត្តនេះ បាននិយាយថា មានពលរដ្ឋប្រមាណ៤៥គ្រួសារ និងសណ្ឋាគារលោកស្រីផង បានទទួលរងផលបះពាល់ពីការអភិវឌ្ឍនោះ ។ លោកស្រីបានបញ្ជាក់ថាពលរដ្ឋមិនជំទាស់ការអភិវឌ្ឍនោះទេ ប៉ុន្តែការអភិវឌ្ឍនេះបានប៉ះពាល់ខ្លំាងដល់ជីវភាពពលរដ្ឋ។
ជាប្រធាន មូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ផងនោះ លោកស្រី ចិន្តា ក្លេ បានលើកឡើងថា« នាងខ្ញុំមិនជំទាស់នឹងគម្រោងពង្រីកផ្លូវទេ ។ ប៉ុន្តែគម្រោងនេះ កើតក្រោយការវិនិយោគរបស់ខ្ញុំ ។ ហេតុដូចនេះហើយគណៈកម្មការខេត្តគួរតែធ្វើផ្លូវវៀងដើម្បីបញ្ចៀសគេចអោយផុតរបងសណ្ឋាគារ» ។
លោកស្រីបានបញ្ជាក់ថា ប្រជាជនរងគ្រោះទាំង៤៥គ្រួសារ ចង់ទាមទារតវ៉ាដែរ តែពួកគាត់មានការភ័យខ្លាច ។ បានត្រឹមតែស្រក់ទឹកភ្នែក បង្ខំចិត្តយល់ព្រមទាំងក្តុកក្តួល ព្រោះគ្មានលទ្ធភាពបពញ្ចេញយោបល់បាន។
សណ្ឋាគារ Terres Rouges បានវិនិយោគនៅខេត្តរតនគិរីតំាងពីឆ្នាំ១៩៩៩មក។ រដ្ឋបាលខេត្តរតនគិរីមិនអាចទាក់ទាងបានដើម្បីសូមការពន្យល់ទេនៅចុងសប្តាហ៍នេះ ។
បឹងកន្សែងមានទីតាំងស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ។ ជាកន្លែងលំហែកាយបែបធម្មជាតិពេញនិយមរបស់ពលរដ្ឋក្នុងខេត្តអ្នកទេសចរដែលបានទៅដល់ទឹកដីបៃតងនេះ។ ដោយសារតែមានការអភិវឌ្ឍនិងមានភ្ញៀវចូលទៅដល់ទឹកដីខេត្តរតនគិរីកាន់តែច្រើន ជុំវិញផ្ទៃបឹងបានបង្កើតជាកន្លែងលក់ដូរ ភោជនីយដ្ឋានច្រើនឡើង ៕
ចែករំលែកព័តមាននេះ