ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សត្រៀមបាក់ឌុបឆ្នាំនេះថា ពួកគេស៊យឆ្នាំប្រឡងមានកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ការប្រឡងបាក់ឌុបនៅឆ្នាំ២០២០នេះនឹងផ្តើមនៅថ្ងៃទី២១ ធ្នូចុងឆ្នាំនេះ ។ សិស្សានុសិស្សនៅភ្នំពេញខ្លះបានត្អូញត្អែរថា ពួកគេដូចជាស៊យជាងសិស្សដែលបានប្រឡងឆ្នាំមុនៗ ដោយសារឆ្នាំនេះមានវត្តមានជំងឺកូវីដ១៩ ។…

រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ការប្រឡងបាក់ឌុបនៅឆ្នាំ២០២០នេះនឹងផ្តើមនៅថ្ងៃទី២១ ធ្នូចុងឆ្នាំនេះ ។ សិស្សានុសិស្សនៅភ្នំពេញខ្លះបានត្អូញត្អែរថា ពួកគេដូចជាស៊យជាងសិស្សដែលបានប្រឡងឆ្នាំមុនៗ ដោយសារឆ្នាំនេះមានវត្តមានជំងឺកូវីដ១៩ ។

សិស្សត្រៀមប្រឡងបាក់ឌុបថា កូវីដ១៩ បានធ្វើឲ្យការសិក្សារបស់គេមិនបានឌិតដល់ គឺរៀនតាមអនឡាញជាច្រើនខែ នោះមិនសូវមានគុណភាពឡើយ ។ ជាមួយគ្នានេះ ការសិក្សាជាក្រុមឬការរៀនគួរបន្ថែមមិនអាចធ្វើកើត ដោយសារគ្រប់គ្នាបារម្ភពីជំងឺកូវីដ១៩នេះ ។

ជាសិស្សនៃវិទ្យាល័យបុរី១០០ខ្នង សិស្សានុសិស្សប្រមាណជាង១០នាក់ បានជុំគ្នា  នៅកន្លែងលក់ទំនិញ និងភេសជ្ជៈមួយ ក្បែរសាលារៀនរបស់ខ្លួន ដើម្បីជជែកពីមេរៀន និងវិញ្ញាសារត្រៀមប្រឡងបាក់ឌុបនៅពេលខាងមុខ។

រូបតំណាង

សិស្សម្នាក់ក្នុងចំណោមពួកគេបាននិយាយថា គេមានក្តីបារម្ភជាខ្លំាងក្នុងការប្រឡង ដែលនឹងមកដល់ឆាប់ៗនេះ ដោយសារការសិក្សាមិនបានដិតដល់ ។ រៀនតាមអនឡាញគេថាមិនសូវមានគុណភាពពីព្រោះពិបាក ជជែកគ្នារវាងគ្រូ និងសិស្ស ។ ពិសេសសិស្សមិនអាច សួរនាំលោកគ្រូ អ្នកគ្រូ ឲ្យបានច្រើនដូចរៀនផ្ទាល់ ។ សិស្សរូបនោះបានបញ្ជាក់«ខ្ញុំបារម្ភពីការប្រឡងណាស់ ។ យើងចង់ឲ្យក្រសួងអប់រំបន្ធូបន្ថយវិញ្ញាសារកុំឲ្យតឹងដូចរាល់ឆ្នាំពេក» ។

ចំណែកសិស្សថ្នាក់ទី១២ ម្នាក់ទៀតថា «ពួកខ្ញុំឆ្នាំនេះស៊យណាស់ ។ ឆ្នាំប្រឡងបែរជាមានជំងឺកូវីដ១៩» ។

ក្នុងឯកសណ្ឋានអាវ ស ខោខៀវ សិស្សរូបនេះនិយាយថា «ក្រៅពីមិនបានរៀននៅក្នុងថ្នាក់ជាប់លាប់ហើយ ការសិក្សាគួរបន្ថែម នៅតាមសាលារៀន ពិសេសនៅសាលាបាក់ទូកនោះ មិនមានទេនៅឆ្នាំនេះ ដោយសារគេបារម្ភពីកូវីដ» ។ សិស្សរូបនេះបានគំាទ្រការលើកឡើងរបស់មិត្តភក្តិគេ ដែលចង់ឲ្យក្រសួងបន្ធូបន្ថយ វិញ្ញាសារប្រឡងនៅឆ្នាំនេះ។

រូបតំណាង

មន្រ្តីក្រសួងអប់រំយុវជន និងកីឡា ធ្លាប់បានឲ្យដឹងថា ​បេក្ខជនដែលត្រូវប្រឡងបាក់ឌុបឆ្នាំនេះ មានប្រមាណ ជាង​១១​ម៉ឺន​នាក់ ក្នុងនោះបេក្ខជនជានារី មាន​ចំនួន​ច្រើន​ជាង​បុរស ។ គឺមាន​រហូត​ដល់​ជាង​៦​ម៉ឺន​នាក់​នាក់ ។

មន្រ្តីបន្ថែមថា ទោះមានជំងឺកូវីដ១៩ ក្រសួង​អប់រំ​បាន​ដាក់​ចេញ​វិធានការ​ក្នុងដំណើរ​ការ​ប្រឡងនោះ ​ប្រព្រឹត្ត​ទៅ​ដោយ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​ មិនខុសពីឆ្នាំមុនៗឡើយ ។ និយាយជារួមក្រសួងនឹងមិនមានការបន្ធូបន្ថយណាមួយទេ ។ គោលការណ៍របស់ក្រសួងគឺ «អ្នកចេះគឺជាប់» ។

រូបតំណាង

នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ នៅឆ្នាំ២០២០នេះ ក្រសួងអប់រំយុវជន និងកីឡា បានបិទសាលារៀននៅទូទំាងប្រទេស ចាប់ពីមីនា ដើមឆ្នាំមក ហើយការបើកសាលារៀនឡើងវិញ បានអនុវត្តជា៣ដំណាក់កាលបន្តបន្ទាប់ ដើម្បីធានាកុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ។ ដំណាក់កាលទី៣ នៃការបើកសាលារៀនឡើងវិញ ទើបតែបានធ្វើឡើង កាលពីថ្ងៃទី២ វិច្ឆិកា តែបន្ទាប់មកមួយថ្ងៃ សាលារៀននៅភ្នំពេញ និងខេត្តកណ្តាលបានបិទទ្វារពីរសប្តាហ៍ទៀត ក្រោយមានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រសួងការបរទេសហុងគ្រី មកកម្ពុជា ដែលបានរកឃើញថា មានវីរុសកូវីដ១៩នោះ ។

រូបតំណាង

សិស្សត្រៀមប្រឡងបាក់ឌុបមួយចំនូននៅភ្នំពេញបានលើកឡើងថា ការសិក្សាតាមអនឡាញកន្លងមក ហាក់មិនសូវមានគុណភាពដូចការសិក្សាផ្ទាល់នោះឡើយ ។ មិនមានគុណភាព ដោយសារមានបញ្ហាជាច្រើន បញ្ហាបច្ចេកទេស សេវាអ៊ិនធឺណែត ហើយសិស្ស និងគ្រូមួយចំនួនហាក់មិនស្ទាត់ជំនាញនៅក្នុងការរៀន និងបង្រៀនពីចម្ងាយដោយបច្ចេកវិទ្យានេះ ។

សិស្សានុសិស្សនៅភ្នំពេញថា សិស្សនៅតាមជនបទកាន់តែលំបាកក្នុងការរៀនសូត្រតាមអនឡាញ ជាងពួកគេទៅទៀត។ សិស្សនៅជនបទជាច្រើនគ្មានលទ្ធភាពទទួលបានសេវាអ៊ិនធឺណែត ដើម្បីសិក្ សា។ អ្នកខ្លះទៀតគ្មានទូរស័ព្ទដៃដែលរៀនអាចរៀន តាមអនឡាញបាន ។

រូបតំណាង

សូមជម្រាបថា នៅក្នុងការកែតម្រង់គុណសិក្សានៅកម្ពុជា ពិសេសការប្រឡងបាក់ឌុបនេះ ការប្រឡងបានរៀបចំឡើងក្រោមការឃ្លំាមើលរបស់សង្គមស៊ីវិល និងអង្គភាពប្រឆំាងអំពើរពុករលួយផងដែរ ។ ការលូចចម្លង ការបើកធ្លាយវិញ្ញាសារ ហាក់មិនមានទេ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ