ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារដ្ឋនិងឯកជនជាច្រើននឹងបើកទ្វារសិក្សាឡើងវិញ នៅថ្ងៃ៧កញ្ញាស្អែកនេះ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលារៀនរដ្ឋនិងឯកជនជាច្រើននឹងបើកទ្វារសិក្សាឡើងវិញន នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ស្អែកនេះ បន្ទាប់ពីបានបិទទ្វារ ខានសិក្សាតំាងពីពាក់កណ្តាលខែមីនា ដើមឆ្នាំមក…

រាជធានីភ្នំពេញ ៖ សាលារៀនរដ្ឋនិងឯកជនជាច្រើននឹងបើកទ្វារសិក្សាឡើងវិញន នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ស្អែកនេះ បន្ទាប់ពីបានបិទទ្វារ ខានសិក្សាតំាងពីពាក់កណ្តាលខែមីនា ដើមឆ្នាំមក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជានោះ។

ការបើកឲ្យដំណើរគ្រឹះស្ថានសិក្សាឡើងវិញនៅថ្ងៃស្អែកនេះ គឺជាការបើកសាលារៀនឡើងវិញ ដំណាក់កាលទី២ របស់ក្រសួងអប់រំ យុវជននិងកីឡា ដើម្បីសាកល្បង វាយតម្លៃពីសុវត្ថិភាពក្នុងការសិក្សានៅក្នុងដំណាក់​កាលជំងឺកូវីដ១៩នេះ មុនឈានទៅដល់ការបើកសាលារៀនឡើងវិញទំាងស្រុង ឬយ៉ាងណានៅពេលខាងមុខនេះ។

សាលារៀនដែលទទួលបានការអនុញ្ញាតពីក្រសួងអប់រំ ឲ្យបើកទ្វារសិក្សាឡើងវិញនៅថ្ងៃស្អែកនេះ តម្រូវឲ្យគោរពតាមគោការណ៍សុវត្ថិភាពជាច្រើនចំនុចដែលក្រសួងដាក់ចេញ និងត្រូវអនុវត្តឲ្យបានហ្មត់ចត់នូវវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានាដែលនៅជាធរមាន​។ គេសង្កេតឃើញថា មានគោលការណ៍សំខាន់ៗ ដែលត្រូវអនុវត្តនៅពេលបើកសាលារៀនឡើងវិញនោះ ដូចជាបរិវេណសាលាត្រូវបាញ់ថ្នាំសម្លាប់មេរោគ តាមបន្ទប់រៀនបានបរិយាកាសល្អ ខ្យល់ចេញចូលគ្រប់គ្រាន់ ចំនួនសិស្សនៅក្នុងបន្ទប់សិក្សាមិនឲ្យមានច្រើននោះឡើយ។​ត្រូវមានគម្លាតរវាងសិស្សនិងគ្រូ និងរវាងសិស្សនិងសិស្ស។ សិស្សានុ​សិស្សត្រូវពាក់ម៉ាសទៅរៀន មុខខ្លោងទ្វារសាលាមាន អាល់​កុល​លាង​សម្អាតដៃ សម្រាប់សិស្ស និងបុគ្គលិកសិក្សាទំាងអស់ មុនអនុញ្ញាតឲ្យចូលថ្នាក់រៀន។

រហូតមកដល់ពេលនេះ គេសង្កេតឃើញសាលារៀនជាច្រើន ដែលត្រៀមបើកទ្វារនៅថ្ងៃស្អែកនេះ បានជូនដំណឹងដល់ឪពុកម្តាយសិស្សទំាងអស់ ឲ្យចូលរួមសហការជាមួយសាលា មើលថែកូនចៅ អប់រំកូនពីការធ្វើអនាម័យខ្លួនប្រាណ លាងសម្អាតដៃ ក្នុងការការពារជំងឺកូវីដ១៩។

គេសង្កេតឃើញផងដែរថានៅមុនអនុញ្ញាតឲ្យសាលារៀនណាមួយបើកទ្វារឡើងវិញនោះ លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញចុះពិនិត្យដល់សាលារៀននោះផ្ទាល់តែម្តង។ ការបើកទ្វារបង្រៀនឡើងវិញនៅថ្ងៃស្អែកនេះ សាលាខ្លះសិក្សាបន្តឆ្នាំសិក្សា២០១៩-២០២០ សាលារៀនខ្លះ ចូលរៀនឆ្នាំសិក្សាថ្មី២០២០-២០២១ តែម្តង។

មាតាបិតាសិស្សជាច្រើន ទោះបីមានការបារម្ភពីសុវត្ថិភាពកូនៗរបស់ ខ្លួន តែមានក្តីរីករាយ ពេលកូនៗរបស់ខ្លួនបានវិលទៅសាលារៀនឡើងវិញ ពីព្រោះការសិក្សាពីចម្ងាយ កន្លងមក នេះ ពួកគាត់វាយតម្លៃថាមិនសូវមានគុណភាពនោះឡើយ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ