ខេត្តបន្ទាយមានជ័យ៖ ខណៈដែលខេត្តបន្ទាយមានជ័យ កំពុងទទួលរងការវាយលុកដោយទឹកជំនន់ខ្លំាងក្លា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅកាន់ទឹកដីជាប់ព្រំដែនប្រទេសថៃនេះ ដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់និងការជួយសង្រ្គោះអន្តរាគមន៍ដល់ពលរដ្ឋនៅទីនោះ។
សម្តេចនាយករដ្ឋមន្រ្តីបានធ្វើដំណើរចេញពីភ្នំពេញតាមរថយន្តឆ្ពោះទៅកាន់ខេត្តបន្ទាយមាននៅព្រឹកថ្ងៃទី២០តុលានេះ។ សម្តេចនឹងបំពេញបេសកកម្មនៅបន្ទាយមានជ័យរយៈពីរថ្ងៃ។
ក្នុងនោះផងដែរ សម្តេចតេជោ បានមានប្រសាសន៍ថា «ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អាទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សូមអរគុណសប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សូមកោតសរសើរចំពោះស្ថាប័នថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង» ។
ចំណែកព្រលឹមថ្ងៃទី២០ ខែតុលាភ្លាម លោកកឹម សុខា បានមានវត្តមានជាមួយពលរដ្ឋរងគ្រោះ នៅខេត្តបន្ទាយមានជ័យផងដែរ ។ លោកបានជួបពលរដ្ឋរងគ្រោះ ដោយបាននាំទៅជាមួយនូវជំនួយសង្រ្គោះបន្ទាប់ ចែកជូនពលរដ្ឋ២០០គ្រួសារ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដូចជា អង្ករ តង់កៅស៊ូ ទឹកស៊ីអ៊ីវ ទឹកក្រូច សាប៊ូ និងជែលលាងដៃ ជាដើម។
លោក កឹម សុខា ដែលជាមេជាដឹកនាំអតីគណបក្សប្រឆំាង ដែលតុលាបានរំលាយហើយលោក កំពុងជាប់ចោទបទក្បត់ជាតិនោះ បានឡើងថា «អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វីដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបមានកិត្តិយស ជាតិយើងរឹងមាំ»។
វត្តមានសម្តេចនាយករដ្ឋមន្រ្តីនិងលោកកឹម សុខា ដែលមាននិន្នាការនយោបាយផ្ទុយគ្នានៅខេត្តបន្ទាយមានជ័យនាពេលនេះ ក្នុងបេសកកម្មមនុសុធម៌ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ដូចគ្នា។
មុខចាកចេញពីភ្នំពេញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យសម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង។
របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសថា ទឹកជំនន់នៅខេត្តនេះ បានជន់លិចស្រុក-ក្រុងទាំង៩ ហើយប៉ះពាល់ប្រជាពលរដ្ឋជិត២ម៉ឺន៧ពាន់គ្រួសារ។អាជ្ញាធរឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ៤ ២២២គ្រួសារ ឬស្មើនឹងជាង១ម៉ឺន៦ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ហើមានមនុស្ស១៧នាក់បានស្លាប់ពាក់ព័ន្ធនិងទឹកជំនន់ចាប់តាំងពីដើមខែតុលានេះមក។
ពេលចុះបំពេញបេសកកម្មមនុស្សនៅលើទឹកដីខេត្តបន្ទាយមានជ័យនេះសម្តេចនាយករដ្ឋមន្រ្តី ស្លៀកពាក់ឯកសណ្ឋានយោធា ដែលជាឯកសណ្ឋានសម្តេចតែងតែស្លៀកពាក់នៅពេលចុះអន្តាគមន៍នានាពេលមានឧបទ្ទវហេតុ ឬគ្រោះធម្មជាតិនោះ។ ចំណែកលោកកឹម សុខ ស្លៀកឯកសណ្ឋានស៊ីវិលធម្មតា ខោពណ៌ស អាវយឿត មានអាវរងារនៅពីក្រៅ៕
ចែករំលែកព័តមាននេះ