ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាធិ​មាន​ប្រយោជន៍​យ៉ាង​​ច្រើន​សម្រាប់​រាង​កាយ​​ដែល​អ្នក​គួរ​ដឹង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្មំ​ពេញ ៖ នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​មនុស្ស​គ្រប់​គ្នា​តែងតែ​ជួប​ប្រទះ​នូវ​ភាព​តានតឹង និង​វិបត្តិ​ដែល​ធ្វើ​ឱ្យ​មនុ​ស្សមានភាព​ស្មុគស្មាញ គិត​ច្រើន រ​វើ​វាយ គេង​មិន​លក់ ហូប​បាយ​មិន​បាន ជា​ហេតុ​នាំ​ឱ្យ​មាន​ជំងឺផ្លូវចិត្ត និង​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ចិត្ត​មិន​បាន​សុខ…

រាជធានី​ភ្មំ​ពេញ ៖ នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​មនុស្ស​គ្រប់​គ្នា​តែងតែ​ជួប​ប្រទះ​នូវ​ភាព​តានតឹង និង​វិបត្តិ​ដែល​ធ្វើ​ឱ្យ​មនុ​ស្សមានភាព​ស្មុគស្មាញ គិត​ច្រើន រ​វើ​វាយ គេង​មិន​លក់ ហូប​បាយ​មិន​បាន ជា​ហេតុ​នាំ​ឱ្យ​មាន​ជំងឺផ្លូវចិត្ត និង​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ចិត្ត​មិន​បាន​សុខ ។ តើ​គួរ​ធ្វើ​បែប​ណា ដើម្បី​អប់រំ​ចិត្ត​ឱ្យ​ស្ងប់ និង​មាន​សេចក្តីសុខ ?

សមាធិ គឺជា​ថ្នាំ​ដ៏​ពូកែ​ស័​ក្កិ​សិទ្ធិ​ជួយ​ព្យាបាល​សុខភាព​ផ្លូវចិត្ត​ឱ្យ​ភាពរឹងមាំ ព្រមទាំង​ធ្វើ​ឱ្យ​មនុស្ស​មានចិត្ត​រឹង​ពឹង អាច​គ្រប់គ្រង​ចិត្ត​កុំ​ឱ្យទៅ​គិត​ច្រើន ស្មុគស្មាញ​រញ៉េរញ៉ៃ​ច្រើន​បាន ។

បន្ថែម​ពី​នេះ​ការ​ធ្វើ​សមាធិ​ទៀងទាត់​អាច​កាត់​បន្ថយ​សំពាធ​ឈាម​ពី​ការ​ឡើង​ខ្ពស់ ការ​ឈឺ​ចុកចាប់​រ៉ាំរ៉ៃ និង​ធ្វើ​ឲ្យ​ខួរក្បាល​មាន​ភាព​ស្រឡះ ស្រស់ថ្លា ។ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​នោះ​ទេ ចំណាយពេល​ធ្វើ​សមាធិ​រាល់ថ្ងៃ ។ វិធី​អប់​ផ្លូវចិត្ត ធ្វើ​ឱ្យ​ចិត្តស្ងប់​មាន​រហូត​ដល់​ជាង​៤០​វិធី ដូច​ជា​សមាធិ ការ​ធ្វើ​វិបស្សនា ការ​ចម្រើន​ភាវនា ការ​យក​ពន្លឺ​ភ្លើងទៀន​ជា​គោល​ធ្វើ​ឱ្យ​ចិត្តស្ងប់ ការ​នឹក​គុណព្រះពុទ្ធ​ជាដើម ។ របៀប​មួយ​ដែល​ងាយស្រួល​ធ្វើ ហើយ​មនុស្ស​ជា​ច្រើន​និយម​ធ្វើ គឺ​អា​ប៉ា​ណា​ប៉ាស​តិ ដែល​មាន​ន័យ​ថា ការ​កំណត់​ដំណើរ​ចេញចូល​ផ្លូវដង្ហើម ។

អា​ប៉ា​ណា​ប៉ាស​តិ គឺជា​ប្រភេទ​សមាធិ​មួយ សម្រាប់​ធ្វើ​ឱ្យ​ចិត្តនឹង​ស្មើ មិន​ឃ្លេងឃ្លោង មិន​ត្រេកអរ មិន​រំភើប និង​មិន​ភ័យរន្ធត់ ពោល​គឺ​តម្កល់ចិត្ដ​ឱ្យ​ស្ថិត​នៅ​ក្នុង​អារម្មណ៍​តែ​មួយ ដើម្បី​ឱ្យ​បាន​សេចក្ដីសុខ​ស្ងប់​ដោយ​វៀរចាក​សេចក្ដី​ត្រេកត្រអាល​ទាំងឡាយ វា​នាំ​ឱ្យ​មាន​សេចក្ដី​សុខកាយ ត្រជាក់ចិត្ដ ។

គេ​អាច​អនុវត្ត​សមាធិ​បែប​នេះ​បាន​៤​របៀប គឺ​ដេក ដើរ ឈរ និង​អង្គុយ ។

ព្រះ​តេជគុណ​គូ សុភាព គង់នៅ​វត្ត​និគ្រោធ​វ័ន ហៅ​វត្ត​គល់​ទទឹង និង​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មាន​សង្ឃដីកា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា សមាធិ​មាន​ដើម​កំណើត​តាំង​មុន​សម័យ​ព្រះពុទ្ធ​ត្រាស់​ដឹង ដោយ​មាន​អ្នក​ចូល​ព្រៃ​ធ្វើ​សមាធិ ធ្វើ​ចិត្ត​ឱ្យ​នឹង ស្ងប់ ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង​បាន​បន្ថែម​វិបស្សនា​មួយទៀត ដែល​ធ្វើ​ចិត្តនឹង​ស្វែងរក​សច្ចធម៌​នៅ​ក្នុង​ធម្មជាតិ ។

ការ​ធ្វើ​សមាធិ​មាន​ប្រយោជន៍​យ៉ាងច្រើន សម្រាប់​មនុស្ស ព្រោះ​ជា​ថ្នាំ​ព្យាបាល និង​ជា​ជម្រក​ផ្លូវចិត្ត ដែល​ជួយ​បំបាត់​អារម្មណ៍​តានតឹង ស្ត្រេ​ស និង​ទប់ស្កាត់​សម្រាម​ផ្លូវចិត្ត មាន​ដូច​ជា​កំហឹង ការ​ច្រណែនឈ្នានីស ប្រច័ណ្ឌ តូចចិត្ត អន់ចិត្ត ខឹង​ក្រោធ ស្អប់ ហួងហែង រវើរវាយ ភ័យ​ខ្លាច ព្រួយបារម្ភ រិះរក​គ្រប់​វិធី​បំផ្លាញ​អ្នក​ដទៃ ដែល​យាយី​ចូល​មក​រំខាន​នៅ​ក្នុង​ចិត្ត ។

ព្រះ​តេជគុណ​គូ សុភាព មាន​សង្ឃដីកា​ពន្យល់​បន្ថែម​ថា​៖ «​សមាធិ​នេះ អាត្មា​ថា​ជា​ថ្នាំ​ព្យាបាល​ជំងឺផ្លូវចិត្ត ហើយ​យើង​ទាំងអស់​គ្នា សុទ្ធតែ​មាន​បញ្ហា​ផ្លូវចិត្ត​គ្រប់​គ្នា អ៊ីចឹង​ទាំងអស់​គ្នា ទាំង​នៅផ្ទះ ទាំង​អ្នកធ្វើការ​ងារ​រដ្ឋ​ឯកជន ទាំង​ក្មេង​ទាំង​ចាស់ គួរតែ​មាន​ពេល​សម្រាប់​អប់រំ​ចិត្ត ធ្វើ​សមាធិ​ហ្នឹង​ឱ្យ​បាន រឿយ​ៗ​ទៅ​៥​នាទី​១០​នាទី តាមដាន​ខ្យល់​ដកដង្ហើម​ចេញចូល ឬ​ក៏​ផ្សាយ​មេត្តាចិត្ត​ដល់​ខ្លួនឯង ដល់​មនុស្ស​ជុំវិញ​ខ្លួន​» ។

តែ​យ៉ាងណា ព្រះ​អង្គ​បញ្ជាក់​ថា ការ​ធ្វើ​សមាធិ​ក៏​ចាំបាច់​ត្រូវ​មានការ​ដឹកនាំ​ពី​គ្រូអាចារ្យ​ផង​ដែរ ដើម្បី​កុំឱ្យ​ចិត្ត​បែកឆ្វេង រវើរវាយ​ទៅ​ណា ។

ដើម្បី​ធ្វើ​ឱ្យ​ការ​តាំងសមាធិ​មាន​ប្រសិទ្ធភាព អ្នក​សមាធិ​គប្បី​ធ្វើ​នៅ​ទីកន្លែង​ដែល​ស្ងប់​ស្ងាត់ មាន​ខ្យល់អាកាស និង​បរិយាកាស​ល្អ មិន​មានការ​រំខាន ផ្សេង​ៗ ។ យើង​អាច​ជ្រើសរើស​របៀប​មួយ​ណា​ក៏​បាន​ដែល​យល់​ថា ងាយស្រួល​ក្នុង​ចំណោម​របៀប​ទាំង​បួន។ ប្រសិនបើ​ជ្រើសរើស​យក​វិធី​អង្គុយ មុន​ដំបូង​ត្រូវ​អង្គុយពែនភ្នែន ឬ​បត់ជើង តែ​ត្រូវ​អង្គុយ​ធ្វើ​ខ្នង​ឲ្យ​ត្រង់ បន្ទាប់​មក​បិទ​ភ្នែក និង​ដកដង្ហើម មួយ​ៗ និង​ត្រូវ​តាំង​អារម្មណ៍​ឱ្យ​ស្ងប់ ។ សម្រាប់​អ្នក​ដែល​ទើបតែ​ចាប់ផ្តើម​អាច​មានការ​ពិបាក អារម្មណ៍​មិន​នឹងន ។ បែប​នេះ​គួរ​ធ្វើ​អារម្មណ៍​ធម្មតា មួយ​ៗ ហើយ​ប្រសិនជា​អ្នកមាន​អារម្មណ៍​មិន​ស្ងប់ និង​ច្របូក​ច្របល់ សាកល្បង​ដកដង្ហើម វែង​ៗ​ម្តងទៀត រួច​សម្រួល និង​ផ្តោតអារម្មណ៍ ។ ប្រសិនជា​ធ្វើ​វា​ទៀងទាត់​រាល់ថ្ងៃ អ្នក​ពិតជា​ទទួល​បាន​អារម្មណ៍ល្អ និង​ស្ងប់ ។

ជា​ការណ៍​ពិត​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​វិជ្ជមាន ចិត្ត​របស់​យើង​ក៏​ស្ងប់ស្ងាត់ សាច់ដុំ​របស់​យើង​សម្រាក​ចុះ ហើយ​ទទួល​បាន​នូវ​អុក​ស៊ី​សែន​គ្រប់គ្រាន់ សម្ពាធ​ឈាម​ទាប ហើយ​ប្រការ​សំខាន់​នោះ គឺ​អត្រា​ចង្វាក់បេះដូង​បាន​ថយ​ចុះ ដែល​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គាំទ្រ ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​ល្អ​ប្រសើរ ។ ទន្ទឹម​នេះ​ដែរ ការ​គិត​ដោយ​វិជ្ជមាន គឺជា​មធ្យោបាយ​មួយ​កាត់​បន្ថយ​ការ​តានតឹង​ចិត្ត​ក៏​មាន​ប្រសិទ្ធ​ភាព​បំផុត ។

នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ការ​គិត​ប្រកបដោយ​ទស្សន​វិជ្ជមាន ធ្វើ​ឲ្យ​យើង​ងាយ​បង្កើត​នូវ​ភាព​យោគយល់ និង​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន​យើង ព្រមទាំង​បាន​បង្កើត​ទស្សនៈ​សុទិដ្ឋិនិយម ហើយ​មិន​អស់សង្ឃឹម​ក្នុង​ការ​រស់នៅ ។

ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ដែល​យើង​មានគំនិត​អវិជ្ជមាន​នៅ​ក្នុង​អារម្មណ៍ វា​អាច​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ជា​ច្រើន​ដល់​សុខភាព​របស់​យើង​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ផង​ដែរ ។ ការ​ដែល​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត គិត​អវិជ្ជមាន អាច​បណ្តាល​មក​ពី​បញ្ហា​ស្ត្រេ​សនឹង​ការងារ ការ​សិក្សា ឬ​បញ្ហា​ដែល​កើតឡើង​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ