ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ចម្រុះ​បង្ក្រាប​ការ​ចិញ្ចឹម​ឆ្តោ​តាម​ស្រះ​​ខុស​ច្បាប់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ កន្លែង​​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​លួច​លាក់​ចំ​នួន​៧​ស្រះ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ត្រើយ​ស្លា​ និង​ឃុំ​តា​លន់​ ស្រុក​ស្អាង​ ត្រូវ​បាន​កម្លាំង​​ជល​ផល​សហ​ការ​ជាមួយ​​អាជ្ញា​ធរ​ស្រុក​ស្អាង​ និង​កង​រាជ​អាវុធ​ហត្ថ​ ប៉ូលិស​​ដឹក​នាំ​ដោយ​លោក​យ៉ែម វត្ថា​ អភិ​បាល​រង​ស្រុក​ស្អាងបើក​​យុទ្ធ​នា​ការ​បង្ក្រាបកាល​ពី​ព្រឹក​ថ្ងៃ​ទី​២១…

ខេត្ត​កណ្តាល ៖ កន្លែង​​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​លួច​លាក់​ចំ​នួន​៧​ស្រះ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ត្រើយ​ស្លា​ និង​ឃុំ​តា​លន់​ ស្រុក​ស្អាង​ ត្រូវ​បាន​កម្លាំង​​ជល​ផល​សហ​ការ​ជាមួយ​​អាជ្ញា​ធរ​ស្រុក​ស្អាង​ និង​កង​រាជ​អាវុធ​ហត្ថ​ ប៉ូលិស​​ដឹក​នាំ​ដោយ​លោក​យ៉ែម វត្ថា​ អភិ​បាល​រង​ស្រុក​ស្អាងបើក​​យុទ្ធ​នា​ការ​បង្ក្រាបកាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កក្កដា។ ជា​លទ្ធ​ផល​កម្លាំង​ចម្រុះ​​ដង​កូន​ឆ្តោ​​ចេញ​ពី​​​ស្រះ​ចំនួន​៧​បាន​​ចំនួន​២៨.៥០០​កូន​ ហើយ​​យក​ទៅ​លែង​ក្នុង​ទន្លេ​បាសាក់។

ក្នុង​ប្រតិ​បត្តិ​ការ​នេះ​ លោក​សេង ធីម នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​បាសាក់​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុម​រដ្ឋ​បាល​ជល​ផល​ចម្រុះ​បាន​អនុវត្ត​ការ​បង្ក្រាប​សកម្ម​ភាព លួច​លាក់​ចិញ្ចឹម​ត្រី​ឆ្តោ​ក្នុង​ដែន​សមត្ថ​កិច្ច​ផ្នែកបាសាក់​និង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កណ្តាល។ ​ជា​លទ្ធ​ផល​៣​លើក​បាន​​ចំនួន​១៨​ស្រះ​មាន​កូន​ត្រី​សរុប​ចំនួន​១២៨.០០០​កូន​ស្ថិត​នៅ​ស្រុក​ពញា​ឮ​ និង​ស្រុក​ស្អាង​។ លោក​សេង ធីម បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ប្រតិ​បត្តិ​ការ​នេះគឺ​ជា​ការ​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​តាម​បទ​បញ្ជា​របស់​លោក​បណ្ឌិត​ណៅ ធួក ប្រតិ​ភូ​រាជរដ្ឋា​ភិ​បាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋ​បាល​ជល​ផល និង​ការគាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​លោក​ឈុន ស៊ីរុន អភិ​បាល​ខេត្ត​កណ្តាល​។ ជាមួយ​គ្នា​នេះ​ដែរ​ ក្រុម​សមត្ថ​កិច្ច​​ចម្រុះ​បាន​ធ្វើ​ការ​​ណែ​នាំ​ដល់​ប្រជា​ពល​រដ្ឋ​សូម​ឱ្យ​បញ្ឈប់​​នូវ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ និង​រ៉ស់​ជា​បន្ត​ទៀត​ ដោយ​សុំ​ឱ្យ​បង​ប្អូន​ដែល​មាន​ស្រះ​ស្រាប់​បង្វែរ​ដាក់​ចិញ្ចឹម​ពូជ​ត្រី​ប្រភេទ​ផ្សេង​ទៀត​ដូច​ជា​ត្រី​ប្រា​ ត្រី​អណ្តែង​ ត្រី​ឆ្ពិន ត្រី​ក្រាញ់​ ត្រី​ទី​ឡាប់​យ៉ា ជា​ដើម​ ហើយ​ការ​ចំណេញ​មិន​ចាញ់​​ត្រី​ឆ្តោ​នោះ​ឡើយ។

លោក​សេង ធីម បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា បទ​ល្មើស​​ចិញ្ចឹម​ត្រី​​ឆ្តោ​ទាំង​នេះ​ជា​ការ​លួច​លាក់​ចិញ្ចឹម​ថ្មីៗ​ ព្រោះ​​កូន​ត្រី​នៅតូចៗ​នៅ​ឡើយ។ ​បើ​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​មិន​ទាន់​ពេល​វេលា​ទេ​ ពួក​គាត់​ជា​ម្ចាស់​​ត្រី​នឹង​អាច​ឆ្លៀត​ឱកាស​នេសាទ​កូន​ត្រី​ល្អិតៗ​ពីដែន​ធម្ម​ជាតិ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​សម្រាប់​ជា​ចំណី​ត្រី​ឆ្តោ​ជាក់​ជា​ពុំ​ខាន​ឡើយ។ សកម្ម​ភាព​បង្ក្រាប​នេះ​នឹង​ធ្វើ​តទៅ​ទៀត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ណា​ដែលមាន​ចិញ្ចឹម​ត្រី​ឆ្តោ​។

បើ​ទោះ​បី​ជា​សកម្ម​ភាព លុប​បំបាត់​របស់​មន្ត្រី​ជល​ផល​សកម្ម​យ៉ាង​ណា​ក្តី​ បើ​តាម​សេចក្តី​រាយ​ការណ៍​ប្រាប់​អ្នក​យក​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មាន​បែ​ចិញ្ចឹម​ត្រីឆ្តោ​នៅ​ឃុំ​ប្រាសាទ​ ស្រុក​ស្អាង​ ជា​ច្រើន​នៅ​មិន​ទាន់​បាន​បង្ក្រាប​នៅ​ឡើយ រួម​និង​​ស្រះ​មួយ​ចំនួន​ដូច​ជា​នៅ​ម្តុំ​ទួល​ក្រសាំង ឃុំ​រកា​​ខ្ពស់ ​នៅ​ឃុំ​សិត្បូរ​ និង​នៅ​ក្នុង​មណ្ឌល​​ថោង​ សារ៉ាត់​ ឃុំ​ស្វាយ​រលំ​មាន​ចិញ្ចឹម​រាប់​មឺុន​កូន​មិន​ត្រូវ​បាន​​បង្ក្រាប​នៅ​ឡើយ តើ​ទុក​ដល់ណា​ទៀត។​ កុំ​យល់​ច្រឡំ​ថា អត់​មាន​អ្នក​ណា​ដឹង ៕