អាហ្វ្រិក ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ការសិក្សាមួយបាននិយាយកាលពីថ្ងៃច័ន្ទថា ពពួកសត្វមូសដែលមានដើមកំណើតនៅអាស៊ី បានគំរាមធ្វើឱ្យអ្នករស់នៅទីក្រុងរាប់លាននាក់នៅក្នុងទ្វីបអាហ្វ្រិក ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺគ្រុនចាញ់ ខណៈដែលមូសនេះរាតត្បាតរាលដាលពាសពេញទ្វីប។
ជំងឺគ្រុនចាញ់ដែលបានសម្លាប់មនុស្សចំនួន ៤០០,០០០នាក់ក្នុងឆ្នាំ ២០១៨ ជាពិសេសកុមារនៅទ្វីបអាហ្វ្រិក គឺបណ្តាលមកពីប៉ារ៉ាស៊ីតដែលសត្វមូសប្រមាណ ៤០ប្រភេទ បានរីករាលដាលក្នុងចំណោមមនុស្ស ដែលវាបានទៅខាំ។
ក្រុមសត្វពពួកមូស Anopheles គឺជាកត្តាជម្រុញដ៏សំខាន់នៃការរីករាលដាលនៃជំងឺគ្រុនចាញ់នៅទ្វីបអាហ្វ្រិក ប៉ុន្តែសត្វមូសទាំងនេះមិនចូលចិត្តពងដាក់ក្នុងទឹកកង្វក់នៅក្នុងទីក្រុងនោះទេ។ ដូចនេះហើយ បានជាជំងឺគ្រុនចាញ់នៅទ្វីបអាហ្វ្រិកភាគច្រើន កើតនៅតំបន់ជនបទ។
នៅក្នុងការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Proceedings on the National Academy of Science (PNAS) អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ Marianne Sinka នៃសាកលវិទ្យាល័យ Oxford បានធ្វើការបង្ហាញពីការរីករាលដាលនៃប្រភេទសត្វមូសមួយប្រភេទទៀតគឺ Anopheles stephensi ដែលមានដើមកំណើតនៅអាស៊ី។
លោក Sinka បានប្រាប់ AFP ថា ៖ «វាជាប្រភេទមូសតែមួយគត់ដែលពូកែចូលទៅរស់នៅក្នុងតំបន់កណ្តាលក្រុង»។
ប្រភេទមូស Anopheles stephensi បណ្តាលឱ្យមានការផ្ទុះដ៏ធំមួយនៅក្នុងទីក្រុង Djibouti ក្នុង Horn នៃទ្វីបអាហ្វ្រិក ក្នុងឆ្នាំ ២០១២ ដែលជាទីក្រុងមួយកម្រមានជំងឺគ្រុនចាញ់ ហើយត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសអេត្យូពី ស៊ូដង់ និងកន្លែងផ្សេងទៀត។
មិនដូចមូសអាហ្វ្រិកដែលចូលចិត្តខាំមនុស្សនៅពេលពេលយប់ នៅពេលដែលត្រជាក់ សត្វមូសប្រភេទ Anopheles stephensi អាចចេញដើរខាំនៅពេលល្ងាច។ ដូច្នេះការដាក់មុងនៅលើបង្អួច ការត្រាំមុងនៅក្នុងថ្នាំសំលាប់សត្វល្អិត និងការគ្របភួយ គឺជាវិធីល្អប្រសើរ ដើម្បីការពារប្រឆាំងនឹងមូសប្រភេទនេះ៕
ចែករំលែកព័តមាននេះ