ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ឱ វណ្ណឌីន៖ ពេលនេះមិនមែនត្រូវរកខុសត្រូវ តែគ្រប់គ្នាត្រូវការពារកុំឲ្យឆ្លងកូវីដ១៩

3 ឆ្នាំ មុន

ប្រឈមនឹងបញ្ហាដែលកំពុងផ្ទុះឡើង នូវជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា គឺករិណី លោកអគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលមានមនុស្ស៦នាក់ហើយរកឃើញវិជ្ជមានកូវីដ១៩នោះ លោកស្រី ឱ វណ្ណឌីន…

ប្រឈមនឹងបញ្ហាដែលកំពុងផ្ទុះឡើង នូវជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា គឺករិណី លោកអគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលមានមនុស្ស៦នាក់ហើយរកឃើញវិជ្ជមានកូវីដ១៩នោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអង្វរដល់សាធារណជនថា នៅក្នុងពេលនេះគេពុំគួរបន្ទោសអ្នកនេះអ្នកនោះ ដែលបណ្តលឲ្យមានករណីនេះកើតឡើងនោះទេ តែអ្វីដែលពលរដ្ឋត្រូវធ្វើ គឺពលរដ្ឋគ្រប់រូបត្រូវអនុវត្តវិធានការការពារធ្វើយ៉ាងណាកុំឲ្យឆ្លងជំងឺនេះ មកលើខ្លួន និងសហគមន៍ខ្លួន។

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបាននិយាយថា « ដំណាក់កាលនេះ​ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ​ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ​ និងរបស់ក្រសួងសុខាភិបាល​ ឲ្យបានគ្រប់ៗគ្នា​ ដើម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។ ខ្ញុំសុំលើកដៃអង្វរលោកអ្នកទាំងអស់​ សូមមេត្តាកុំរុញឲ្យខ្លោច​ កុំរោចឲ្យឆៅអី​ កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា​។ អ្វីដែលសំខាន់បំផុតនៅពេលនេះ​ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តន៌វិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន​ ធ្វើយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង​ កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត​ និងកុំឲ្យចម្លងក្នុងសហគមន៌”។

លោកស្រី ឱ វណ្ណឌីន លើកឡើងថា នៅប្រទេសគេដែលមានធនធានច្រើនជាងកម្ពុជាផង​ គេនៅតែគ្រប់គ្រងជំងឺនេះមិនបាន​។ គឺមាន អ្នកឈឺរាប់សែន​ រាប់លាននាក់​ និងស្លាប់រាប់ពាន់​ រាប់សែបនាក់​ដែរ។ “ប្រទេសយើងតូច​ ធនធានតិច​ ខិតខំទប់ស្កាត់បានជិតមួយឆ្នាំហើយ​ ដែលមិនមានការចម្លងចូលសហគមន៌​ ទៀបតែថ្ងៃនេះទេ​ ដែលជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៌​ ដែលក្រុមការងារទាំងអស់​ និងថ្នាក់ដឹកនាំក្រសួង​ មិនទាំងបានសម្រាន្ត​ ធ្វើការទាំងយប់ទាំងថ្ងៃ​ ដើម្បីទប់ការ​រាតត្បាតបន្ត​ និងដើម្បីសុខភាពទាំងអស់គ្នា។​ សង្ឃឹមថា​ ក្នុងស្មារតីសាមគ្គីភាព​ រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩​ យើងនឹងខិតខំជំនះឧបសគ្គមួយនេះទាំងអស់គ្នា”។

សូមជម្រាបថាចាប់តំាងពីមានវត្តមានជំងឺកូវីដ១៩នៅកម្ពុជា អំឡុងខែកុម្ភៈដើមឆ្នាំមក មានព្រឹត្តិការណ៍ពីរដែលកម្ពុជាមានការប្រឈមខ្លំាង ទីមួយគឺព្រឹត្តិការណ៍៣វច្ឆិកា ដែលជាដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសហុងគ្រី នៅកម្ពុជា ហើយលោកត្រូវបានរកឃើញថាមានកូវីដ១៩ និងមានមនុស្ស៤នាក់បានឆ្លង។ ចំណែកករណីទី២ គឺព្រឹត្តិការណ៍ដែលកំពុងតែកើនឡើងនេះ គឺករណីលោកអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ដែលមកដល់ពេលនេះ មានមនុស្ស៦នាក់ហើយបានរកឃើញថាវិជ្ជមាន។ ករណីទំាងពីរសុទ្ធសឹងជាប់ពាក់ព័ន្ធមន្រ្តីជាន់ខ្ពស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ