ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ក្រសួង​​​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​​ត្រួត​ពិនិត្យ​​ព្រៃ​សហ​គមន៍

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៣០ កក្កដា ​ឆ្នាំ​២០១១ កន្លង​មក​នេះ គណៈ​ប្រតិភូ​​មួយ​ក្រុម​​​ដឹក​នាំ​ដោយ​លោក​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​…

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៣០ កក្កដា ​ឆ្នាំ​២០១១ កន្លង​មក​នេះ គណៈ​ប្រតិភូ​​មួយ​ក្រុម​​​ដឹក​នាំ​ដោយ​លោក​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​អញ្ជើញ​​ចុះ​ទៅពិនិត្យ​តំប​ន់​ព្រៃ​​សហ​​គមន៍​​សង្ឃ​រុក្ខា​វនី ស្ថិត​នៅ​ក្នុង​ឃុំ​កូន​ក្រៀល ស្រុក​​សំរោង ដែល​មាន​ផ្ទៃ​ដី​ចំនួន​១៨.២៦១​ហិកតា ​។ ជា​មួយ​នេះ​ក៏​បាន​ចុះ​សួរ​សុខ​ទុក្ខ​ និង​សំណេះ​សំណាល​​​ជា​មួយ​​សមា​ជិក​​ សមា​ជិកា​គ្រប់​គ្រង​ព្រៃ​សហ​គមន៍​​ទាំង​១៣​​​នៅ​ក្នុង​ខេត្ត ដោយ​​​នាំ​​យក​​នូវ​អំណោយ​​មួយ​ចំនួនទៅ​​ជួយ​​ឧបត្ថម្ភ​​ដល់​​​សហ​គមន៍ រួម​មាន​ អង្ករ​ចំនួន​២០០​គីឡូ​ក្រាម ត្រីខ​កំប៉ុង​​ចំនួន​១០​កេស មី​ចំនួន​១០​កេស និង​ថវិកា​​ចំនួន​៦​លាន​រៀល ។

នៅ​ក្នុង​ឱកាស​នោះ​ ប្រធាន​សហ​គមន៍​​ព្រៃ​ឈើ​ទាំង​១៣​នៅ​ក្នុង​ខេត្ត​ បានរាយ​ការណ៍​ ពី​សកម្ម​ភាព​ការ​ងារ​​គ្រប់​គ្រង​​ថែរក្សា​​ព្រៃ​សហ​គមន៍​ និង​ផល​វិបាក​ផ្សេងៗ​ដែល​បាន​កើត​ឡើង​ដូច​ជា​ ប​ទ​ល្មើស​លួច​កា​ប់​បំផ្លាញ​​​ព្រៃ​​ឈើ​ កង្វះ​ខាត​មធ្យោ​បាយ​ សម្ភារ​​ប្រើ​ប្រាស់​ និង​​ថវិកា​ ដើម្បី​​​ផ្គត់​ផ្គង់​គ្រឿង​ឧប​ភោគ​​បរិភោគ​​ដល់​អ្នក​ការ​ពារ​ដែល​ប្រចាំ​ការ​ជា​អចិន្ត្រៃយ៍​​ក្នុង​ព្រៃ​សហ​គមន៍ ។ ទន្ទឹម​នឹង​នោះ​​ក៏​នៅ​មាន​ក្រុម​ឈ្មួញ​ និង​អ្នក​​មាន​អំណាច​មួយ​ខ្លះ​ឃុប​​ឃិត​គ្នា​​ជួល​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​​​លួច​កាប់​បំផ្លាញ​​ព្រៃ​ឈើ​​ដោយ​មាន​ជន​ប្រដាប់​ដោយ​អាវុធ​ជួយ​បាញ់​ការ​ពារ​ផង ។

ប្រធាន​​សហ​គមន៍​​ព្រៃឈើ​​ទាំង​១៣ បាន​ឱ្យ​ដឹង​ទៀតថា ជាក់​ស្តែង ​នៅ​ក្នុង​តំបន់​​ព្រៃ​សហ​គមន៍​​រំដួល​វាសនា ​កន្លង​មក​មាន​ការ​រំលោភយក​​ដី​ក្នុង​តំបន់​ព្រៃ​សហ​គមន៍​​ក្នុងគោល​បំណង​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ ព្រម​ទាំង​កាប់​បំផ្លាញព្រៃ​ឈើ​ទៀត​ផង ។ ដើម្បី​​ទប់់​ស្កាត់​​​បទ​ល្មើស​​ទាំង​អស់​នេះ ក្រុម​ការ​ងារ​ចម្រុះ​​គ្រប់​គ្រង​​ព្រៃ​សហ​គមន៍​​បាន​សហ​ការ​ជា​មួយ​មន្ត្រី​ជំនាញ​រដ្ឋ​បាល​​ព្រៃ​ឈើ​ កង​ទ័ព​ជើង​គោក ចុះ​បង្ក្រាប​​អំពើ​ល្មើស​ច្បាប់​នេះ តែ​ត្រូវ​ក្រុម​ជន​ប្រដាប់​អាវុធ​​វាយ​ប្រហារ​បណ្តាល​ឱ្យ​មាន​​របួស​ស្រាល និង​ធ្ងន់ ។ អាស្រ័យ​​ដោយ​សារ​ស្ថាន​ភាព​បែប​នេះ ចេះ​តែ​​កើត​មាន​ជាប់​មិន​ដាច់​ ទើប​ក្រុម​ចម្រុះ​​បាន​ដាក់​ពាក្យ​​បណ្តឹង​ទៅសាលា​ដំបូង​ខេត្ត​សៀម​រាប ​​ប៉ុន្តែ​អស់​​​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​​មក​ហើយ ​ពុំ​ទាន់​បាន​​កោះ​ហៅ​ទៅ​ដោះ​ស្រាយ​នៅ​ឡើយ​​ទេ។

លោក​ជូ ចន្ទ​តារា​រិទ្ធ ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​បាន​មាន​ប្រសាសន៍​ថា ​កន្លង​មក មន្ត្រី​ជំនាញ​​បាន​ខិត​ខំ​យក​ចិត្ត​ទុកដាក់​​សហ​ការ​ជា​មួយ​សហ​គមន៍​​ទាំង​១៣ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​ទាំង​អស់​នេះ ។ ​លោក​​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​​​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់​​ និង​នេសាទ ​​ក្រោយ​ពី​បាន​ស្តាប់​របាយ​ការណ៍​រប​ស់​សហ​គមន៍​​ព្រៃ​ឈើ​​នីមួយៗ​​រួច​មក ​ក៏​បាន​​ផ្តាំ​ផ្ញើ​ដល់​ក្រុម​ការ​ងារ​​ឱ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ ដើម្បី​ថែរក្សា​​ការ​ពារ​ព្រៃ​ឈើ​ដែល​​ជា​ធន​ធាន​ធម្ម​​ជាតិ​​​យា៉ង​សំខាន់​​សម្រាប់​​ផល​ប្រយោជន៍​ប្រទេស​ជាតិ ក៏​ដូចជា​​ផល​ប្រយោជន៍​របស់​ពិភព​លោក​ផង​ដែរ៕