ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តី៖ត្រឹចិញ្ចឹមកំពុងជំនួសត្រីធម្មជាតដែលចេះតែថយបរិមាណទៅ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជា បានកំពុងសម្រុកកែច្នៃត្រីធម្មជាតិធ្វើ ផ្អក ប្រហុក និងត្រីឆ្អើលទុក នាពេលនេះ។ នៅឆ្នាំនេះ ក្រសួងកសិកម្មប៉ាន់ស្មានថាទិន្នផលត្រីទឹក…

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជា បានកំពុងសម្រុកកែច្នៃត្រីធម្មជាតិធ្វើ ផ្អក ប្រហុក និងត្រីឆ្អើលទុក នាពេលនេះ។ នៅឆ្នាំនេះ ក្រសួងកសិកម្មប៉ាន់ស្មានថាទិន្នផលត្រីទឹក សាបនឹងធ្លាក់ចុះជាងឆ្នាំកន្លងទៅប្រមាណ១៣%។ ចំណែកពលរដ្ឋជាទូទៅបានមើលឃើញថាទិន្នផលត្រីធម្មជាតិ បានធ្លាក់ចុះ ពីមួយឆ្នាំទៅមួយឆ្នាំ។

ម្ចាស់ដាយត្រីនៅកំពង់ហ្លូង ខេត្តកណ្តាលឲ្យបានដឹងថានៅដាយលេខ ១៣ និង ១៤ នៅពេលលើកម្តងៗបានត្រីប្រមាណជា ១ពាន់គីឡូក្រាម។ ដាយចាប់ត្រីលើកក្នុងរយៈពេលមួយម៉ោងម្តងដូច្នេះ ក្នុង១ម៉ោងដាយចាប់បាន ១ពាន់គីឡូក្រាម។ប្រជាពលរដ្ឋ  បានផ្តើមចុះធ្វើប្រហុកផ្អក បីបួនថ្ងៃមកហើយ តាមទីតំាង បឹងព្រែក ទន្លេនានា ពិសេសនៅជុំវិញបឹងទន្លេសាប ដូចជាកំពង់ហ្លូង ស្រុកពញាឭ ខេត្តកណ្តាលជាដើម។

ម្ចាស់ដាយត្រីបានឲ្យដឹងទៀតថា បរិមាណចាប់ត្រីមានសន្ទុះឡើងជាងថ្ងៃដំបូងៗ។ ដោយ ឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១ ០០០-១ ៥០០គីក្រាម។ត្រីប្រហុកមានតម្លៃពី ៣ពាន់រៀលទៅ៥ពាន់រៀលក្នុងមួយគីឡូក្រាម។

សូមជម្រាបថានៅក្នុងរដូវត្រីត្រូវនេះ ពលរដ្ឋខ្មែរមានទម្លាប់ធ្វើ ផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ។ តាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា នៅឆ្នាំនេះ ទិន្នផលត្រីធ្វើប្រហុក អាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ ។

ក្រសួងកសិកម្មឲ្យដឹងថា កម្រិតកំពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថានៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត ។ តែទោះជាយ៉ាងណា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ។ ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨ ០០០តោន។ ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧ ៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០ ៤០០តោន។

លោក វេង សាខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋចុះ ធ្វើផ្អក និងប្រហុកឲ្យបានច្រើននៅខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុងខែមករាខាងមុខនេះ។ ទោះជាយ៉ាងក្តី ក្រសួងកសិកម្មបានបញ្ជាក់ថាទិន្និផលត្រីទឹកសាបបានធ្លាក់ចុះ ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាការងារវារីវប្បកម្មបានកំពុងបំពេញតួនាទីយ៉ាងសំខាន់ៗក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ។ មានន័យថាការផ្គត់ផ្គង់ត្រីនៅក្នុងស្រុកអាចនឹងពឹងលើការចិញ្ចឹមត្រីកាន់តែខ្លំាងឡើង នៅពេលត្រីធម្មជាតិថយចុះពីមួយឆ្នាំទៅមួយឆ្នាំនោះ។ត្រីធម្មជាតិមិនត្រឹមធ្លាក់ចុះបរិមាណនោះទេ ទំហំត្រីក៍កាន់តែតូចដែរ ត្រីធំៗអ្នកនេសាទកម្រចាប់បានដូចពីអតីតកាលណាស់នាពេលនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ