ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​ល្ងាច​នេះ​ហើយ​នៅ​តែ​មាន​អ្នក​ពុល​កាន់តែ​ច្រើ​នៅ​ខេត្តក្រចេះ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖  អាជ្ញាធរ​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់ ចំនួន​៨០​នាក់ រស់នៅ​ឃុំ​ស្រែ​ឈូក ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​តាម​មន្ទីរពេទ្យ​នានា​ក្នុងស្រុក​ស្នូល ខេត្តក្រចេះ តាំងពី​ល្ងាច​ថ្ងៃ​ទី​៩ ខែឧសភា…

ខេត្តមណ្ឌលគិរី ៖

 អាជ្ញាធរ​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់ ចំនួន​៨០​នាក់ រស់នៅ​ឃុំ​ស្រែ​ឈូក ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​តាម​មន្ទីរពេទ្យ​នានា​ក្នុងស្រុក​ស្នូល ខេត្តក្រចេះ តាំងពី​ល្ងាច​ថ្ងៃ​ទី​៩ ខែឧសភា រហូត​ដល់​រសៀល​ថ្ងៃ​ទី​១០ ឧសភា ២០១៨ ក្រោយ​ពួក​គាត់​មាន​អាកា​រៈ ក្អួតចង្អោ រាគ វិលមុខ នឹង​អស់កម្លាំង ដែល​សង្ស័យ​បណ្តាល​មក​ពី​ពុល​សារធាតុ​គីមី​ក្នុង​ទឹក ។

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា លោក​ទទួល​បាន​ព័ត៌មាន​ពី​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ឈូក​ថា មាន​អ្នក​ភូមិ​ចំនួន​១៤​នាក់​រង​នូវ​អាកា​រៈ​ពុល​ថ្នាំ ។ លោក​អធិការ​បន្ត​ថា បន្ទាប់​ពី​ដឹង​ព័ត៌មាន​នេះ​ភ្លាម​លោក បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ដោយ​ផ្ទាល់ និង​បាន​នាំ​យក​អ្នកជំងឺ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នូល ខេត្តក្រចេះ ដែល​នៅ​កៀក​នឹង​ភូមិ​កើតហេតុ ។

លោក ស៊ុន ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​អ្នក​រង​គ្រោះ​ដោយ​មាន​អាកា​រៈ ក្អួតចង្អោ រាគ វិលមុខ នឹង​អស់កម្លាំង​បាន​បន្ត​កើនឡើង រហូត​ដល់​៣៤​នាក់ គិត​ត្រឹម​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធូរស្រាល​វិញ ក្រោយ​ទទួល​បានការ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​នឹង​បាន​វិល​ទៅ​ផ្ទះ​ខ្លះ​ៗ​ផង​ដែរ ។
ចំពោះ​សភាពការណ៍​ជាក់ស្តែង​ក្នុង​ឃុំ​ស្រែ​ព្រះ តាម​ការ​ឲ្យ​ដឹង​ពី​លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា​ថា គិត​ត្រឹម​វេលា​ម៉ោង​១ រសៀល ថ្ងៃ​ទី​១០ ឧសភា ស្ថានភាព​អ្នកជំងឺ​ដែល​មិន​ទាន់​ដឹង​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ បាន​បន្ត​កើនឡើង​យ៉ាង​គំហុក​ពី​៣៤​នាក់ ទៅ​៨០​នាក់ ដែល​តម្រូវ​ឲ្យ​ក្រុម​គ្រូពេទ្យ​ត្រូវ​យក​រថយន្ត​សង្គ្រោះ​បី​គ្រឿង នឹង​រថយន្ត​របស់​អ្នក​ភូមិ​ជា​ច្រើន​គ្រឿង​ទៀត ដើម្បី​ដឹក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។

ទោះជា​យ៉ាងណា​ត្រឹម​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១០ ឧសភា គេ​នៅ​មិន​ទាន់​ទទួល​បានការ​បញ្ជាក់​ពី​អាជ្ញាធរ ពិសេស​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​នៅឡើយ ពី​មូលហេតុ​ដែរ​បណ្តាល​ឲ្យ​អ្នក​ភូមិ​ជិត​១០០​នាក់ រង​នូវ​អាកា​រៈ​ជំងឺ​ដូច​ៗ​គ្នា​ខាងលើ​នេះ ។
បើ​តាម​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់​ថា ក្រោយ​សាកសួរ​ជន​រង​គ្រោះ ពួក​គាត់​ប្រាប់​ស្រ​ដៀង​គ្នា​ថា មុន​កើតហេតុ គឺ​ពួក​គាត់​បាន​បរិភោគ​ទឹក ដែល​មាន​ខ្លះ​ជា​ទឹក​អណ្តូង នឹង​ទឹកអូរ ។
តែ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា ជា​ករណី​ពុល​ទឹក​នោះ​ទេ​ត្រូវ​រង់ចាំ​ល​ទ្ឋ​ផល​វិភាគ​របស់​ក្រុម​អ្នកជំនាញ​សិន ។

បើ​តាម​ប្រភព​នានា​បាន​និយាយ​ថា ករណី​ខាងលើ​អាច​បណ្តាល​មក​ពី​កង្វះ​អនាម័យ​របស់​អ្នក​ភូមិ ហូប​ទឹក​ឆៅ ឬ​ទឹក​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ។ ហើយ​រដូវ​នេះ​ជា​រដូវភ្លៀង មានការ​ដាំ​ដុះ​ដំណាំ​នឹង​ការ​ប្រើប្រាស់​នូវ​ប្រភេទ​ថ្នាំ​គីមី​គ្រប់​ប្រភេទ ដើម្បី​ការពារ​សត្វល្អិត ឬ​ថ្នាំ​បង្កើន​ជីវជាតិ នឹង​ថ្នាំ​កម្ចាត់​ស្មៅ​ជាដើម ដែល​ផលិតផល​ទាំងនេះ​សុ​ទ្ឋ​សឹង​មាន​លាយ​សា​ធាតុគីមី​ក្នុង​កម្រិត​ខ្ពស់​។
យ៉ាងណា​ក៏​ដោយ​ការ​លើក​ឡើង​បែប​នេះ គ្រាន់​ជា​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​មួយ​ប៉ុណ្ណោះ មិន​អាច​ត្រឹមត្រូវ​នោះ​ទេ មាន​តែ​រង់ចាំ​សមត្ថកិច្ច នឹង​មន្ត្រី​ជំនាញ ស្រាវជ្រាវ​នឹង​ស៊ើបអង្កេត​ជាក់ស្តែង ទើប​ដឹង​ការ​ពិត ។
លោក​ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​នៅ​ល្ងាច​ថ្ងៃ​ទី​១០ បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​បន្ថែម​ចុះ​ទៅ​តំបន់​កើតហេតុ ដើម្បី​ពិនិត្យ​នឹង​ជួយ​សង្គ្រោះ​ដល់​អ្នក​ភូមិ​ដែល​កំពុង​ជួប​បញ្ហា​សុខភាព ។

សូម​បញ្ជាក់​ថា តំបន់​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដែល​កំពុង​ផ្ទុះ​នូវ​ស្ថានភាព​ជំងឺ​គ្មាន​មូលហេតុ​ខាងលើ​នេះ មាន​ចម្ងាយ​ពី​ទីរួមខេត្ត​មណ្ឌលគិរី​ប្រមាណ​១៦០​គីឡូម៉ែត្រ ស្ថិត​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដោយ​ត្រូវធ្វើ​ដំណើរ​វាង​តាម​ផ្លូវ​ស្រុក​ស្នូល ខេត្តក្រចេះ ទើប​អាច​ចូល​ទៅ​ដល់​ឃុំ​ស្រែ​ឈូក ហើយ​នៅ​រដូវវស្សា​បែប​នេះ ផ្លូវ​ធ្វើ​ដំណើរ​ចូល​ទៅ​តំបន់​នោះ​ពិបាក​ខ្លាំង​ណាស់ ។ បច្ចុប្បន្ន​ឃុំ​មួយ​នេះ​នៅ​មិន​ទាន់​មានទឹក​ស្អាត​ប្រើប្រាស់​នៅឡើយ ដោយ​អ្នក​ភូមិ​អាស្រ័យ​លើ​ទឹក​អណ្តូងស្នប់ អណ្តូង​ជីក នឹង​ទឹកអូរ​ឬ​ព្រែក ដែល​ហូរ​កាត់​ភូមិ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ