ខេត្តប៉ៃលិន ៖ បន្ទាប់ពីមេឃបានបង្អាក់ទឹកភ្លៀងអស់រយៈពេលជាច្រើនថ្ងៃខែ បង្កឱ្យដំណាំពោត និងដំឡូងមី របស់ប្រជាកសិករនៅតាមចម្ការនីមួយៗស្ទើរងាប់អស់គ្មានសល់រហូតមកដល់ពេលនេះ ពួកគាត់ម្នាក់ៗ មានទឹកមុខញញឹមញញែមត្រេកអរឥតឧបមា បង្កើតបាននូវក្តីសង្ឃឹមសាជាថ្មីឡើងវិញ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នា ចាប់ពីថ្ងៃទី១០ កញ្ញា រហូតមកដល់ថ្ងៃទី១៣ កញ្ញា ២០១៥ទើបរាំងទៅវិញ ។
ប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិប៉ាហ៊ីជើង ប៉ាហ៊ីត្បូង ភូមិបហ៊ុយជើង បហ៊ុយត្បូង បតាំងស៊ូ ភូមិអូរប្រើស អូរខ្ទីង និងភូមិផ្សេងៗជាច្រើនទៀត នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា អ្វីដែលធ្វើឱ្យពួកគាត់អស់សង្ឃឹម ដេកមិនលក់បក់មិនរហើយនោះ គឺដោយសារតែមេឃបានរាំងភ្លៀងអស់រយៈពេលជាយូរថ្ងៃខែ ខណៈដំណាំពោត និងដំឡូងមីរបស់ពួកគាត់ ដែលអ្នកខ្លះដាំរហូតដល់ពីរទៅបីសា ហើយខ្លះទៀតដុះលូតលាស់វែងៗអស់ហើយទទួលរងកំដៅថ្ងៃស្ទើរងាប់អស់ រហូតមកដល់ពេលនេះ បានក្លាយទៅជាស្រស់ញញឹមឡើងវិញហើយ ។
ពួកគាត់បន្តទៀតថា នៅក្នុងចម្ការរបស់ពួកគាត់នីមួយៗបានប្រែពណ៌ពីក្រហមព្រឿងៗមកជាខៀវស្រងាត់វិញ ព្រោះភ្លៀងពីរបីថ្ងៃនេះធំៗគួរឱ្យកត់សម្គាល់បណ្តាលឱ្យរឹងទៅជាទន់ជ្រាយអាចធ្វើឱ្យដំណាំរបស់គាត់លូតលាស់ និងបន្តបញ្ចេញមើមបានយ៉ាងងាយស្រួលផងដែរ ។
ម្យ៉ាងវិញទៀត ការធ្វើចម្ការប្រវាស់នឹងទឹកភ្លៀងពិតជាមានការលំបាកខ្លាំងណាស់ បើសិនជាមានភ្លៀងគ្រប់គ្រាន់នោះពួកគាត់នឹងទទួលផលបានច្រើន អាចប្រមូលនៅចុងរដូវយកទៅសងជំពាក់នាយទុនខ្លះ និងទុកសម្រាប់ហូបខ្លួនឯងមួយចំនួនដែរ ហើយក៏បន្តចងការប្រាក់គេទៀត ដើម្បីបន្តធ្វើនៅឆ្នាំក្រោយ ។
ប្រជាពលរដ្ឋបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ពួកគាត់មិនហ៊ានសន្និដ្ឋានថា នៅរដូវប្រមូលផលខាងមុខទទួលបានល្អ១០០ភាគរយនោះឡើយ ព្រោះអីដំឡូងមីនៅតាមចម្ការរបស់ពួកគាត់មួយចំនួនអត់ទាន់មានមើមនោះឡើយ ព្រោះតែរាំងយូរពេក ហើយនៅក្នុងចម្ការមួយចំនួនទៀត ដើមដំឡូងមីបានកើតជម្ងឺក្រាចាប់ក្លាយទៅជាពណ៌សៗ ហើយក៏អត់ទាន់មានមើមនោះដែរ ។
សូមបញ្ជាក់ថា នៅក្នុងខេត្តប៉ៃលិននាឆ្នាំ២០១៥នេះ អាកាសធាតុក្តៅខ្លាំងគួរឱ្យកត់សម្គាល់ ហើយមានភ្លៀងតិចតួចបំផុតតាំងពីឈានចូលរដូវវស្សាមកម្ល៉េះដោយចម្ការរបស់ប្រជាកសិករមួយចំនួនត្រូវភ្លៀងតែម្តងទៅពីរដងប៉ុណ្ណោះ ហើយក៏រាំងរហូតមក រីឯចម្ការមួយចំនួនទៀតត្រូវភ្លៀងតិចៗប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ