ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍៣វិច្ឆិកា ៖ ជាមេរៀនកុំឲ្យប្រហែសជាមួយកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍៣ វិច្ឆិកា បានបញ្ចប់ហើយកម្ពុជាបានរក្សាសុវត្ថិភាព សុខភាពសាធារណដល់ពលរដ្ឋបានល្អប្រសើរ គឺមិនមានការឆ្លងលើសពី៤នាក់ឡើយ ។ ប៉ុន្តែបញ្ហាកូវីដ១៩ មិនទាន់ចប់នោះទេ…

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍៣ វិច្ឆិកា បានបញ្ចប់ហើយកម្ពុជាបានរក្សាសុវត្ថិភាព សុខភាពសាធារណដល់ពលរដ្ឋបានល្អប្រសើរ គឺមិនមានការឆ្លងលើសពី៤នាក់ឡើយ ។ ប៉ុន្តែបញ្ហាកូវីដ១៩ មិនទាន់ចប់នោះទេ ។ ពិភពលោក និងកម្ពុជានៅតែប្រឈបជាមួយនឹងជំងឺដ៍កាចសាហាវ ដែលអាចការពារនោះជាដដែល ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍៣ វិច្ឆិកា ដែលធ្វើឲ្យកម្ពុជាមានហានិភ័យដល់កម្រិតកំពូលពីការឆ្លងដល់សហគមន៍អាចដកស្រង់ព្រឹត្តិការណ៍នោះជាមេរៀនមួយបន្ថែម​ទៀត នៅក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពឡើង​។

នៅក្នុងកាលៈទេសដែលកូវីដ១៩បន្តសម្លាប់ជីវិតមនុស្សរាប់រយនាក់ក្នុងមួយថ្ងៃៗ នៅពិភពលោកនោះ គេបានមើលឃើញថា គ្មានអ្វីដែលល្អជាងជម្រើសការពារនោះឡើយ។ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពសង្គម ការដែលមិនគួរឲ្យមានការជួបជុំមនុស្សច្រើន គឺត្រូវតែអនុវត្តឲ្យបានម៉ឹងមាត់ក្នុងពេលដែល វិជ្ជសាស្រ្តមិនទាន់គ្រប់គ្រងជំងឺនេះបាននៅឡើយនោះ ។

រូបភាពពីដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសហុងគ្រី មកកម្ពុជា កាលពីថ្ងៃទីវិចិ្ឆ​កា ហាក់នៅថ្មីៗ ។ គេនៅតែឃើញព្រឹត្តិការណ៍នោះនឹងភ្នែកនៅឡើយ ។

ព្រឹត្តិការណ៍៣ វិច្ឆិកា ដែលលោកប្រមុខការទូតហុងគ្រី បានជួបជាមួយថ្នាក់ដឹកនាំកម្ពុជា លោកបានពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់ខ្មែរ នៅច្រើនកម្មវិធី និងច្រើនកន្លែង ដែលភាគច្រើនលោក និងសមភាគីកម្ពុជា មិនបានពាក់ម៉ាស់ និងមិនបានរក្សាគន្លាតសង្គមនោះទេ ។

មិនមានការបញ្ជាក់ពីហេតុផលដែលសមភាគីកម្ពុជា និងហុងគ្រី មិនបានគោរពវិធានការការពារជាសកលនោះច្បាស់លាស់ទេ រហូតមកដលពេលនេះ ។ ប៉ុន្តែគេអាចស្មានថា ការដែលមិនបានគោរពវិធានការការពារនោះទំនងដោយសារការជឿជាក់ និងការគោរព ចំពោះគ្នា។ នៅក្នុងហេតុផលមិត្តភាព សាមគ្គីភាពពិសេសដើម្បីបង្ហាញពីភាពស្និទ្ធ​ស្នាល ការពាក់ម៉ាស់ ហើយការឈរឃ្លាតឆ្ងាយពីគ្នាខ្លំាងពេក អាចជាការមិនសមរម្យ ។

ព្រឹត្តិការណ៍៣ វិច្ឆិកា បានកន្លងផុតទៅជាមួយការចាត់វិធានដ៍ម៉ឹងមាត់ និងទាន់ពេលវេលារបស់ប្រមុខរដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្រ្តី បានចាត់វិធានបន្ទាន់ដើម្បីឲ្យអ្នកពាក់ព័ន្ធទំាងអស់ធ្វើចត្តាឡីស័ក ។ ការឃុំខ្លួនដាច់ពីគេ គឺត្រូវធ្វើនៅក្នុងគេហដ្ឋានខ្លួនឯង បើសិនគេហដ្ឋាននោះមានលក្ខណៈសម្បត្តិសមស្របក្នុងការធ្វើចត្តាឡីស័ក ហើយបើមិនមានលក្ខណៈគ្រប់គ្រាន់​ទេ គឺត្រូវទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារ ។

សម្តេចនាយករដ្ឋមន្រ្តី បានហៅព្រឹត្តិការណ៍៣ វិច្ឆិកាថា ជាករណីធ្ងន់ធ្ងរដែលមិនធ្លាប់មាននៅក្នុងរយៈពេល១០ខែ ដែលកម្ពុជាបានគ្រប់​គ្រងកូវីដបានដ៍ល្អប្រសើរ ហើយទទួលបានការសរសើរពីបណ្តាលប្រទេសជាច្រើននោះ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ព្រឹត្តិការណ៍៣ វិច្ឆិកា នឹងអាចនាំឲ្យមានមហន្តរាយដល់សង្គមជាតិ ។ ប៉ុន្តែនៅក្នុងការគ្រប់គ្រងស្ថានការណ៍នេះ គ្មានអ្វីក្រៅពីការធ្វើចត្តាឡីស័ក ដោយហ្មត់ចត់នោះឡើយ ។ ជាមួយគ្នានេះ រដ្ឋបានចេញវិធានការទប់ស្កាត់ជាច្រើនទៀត ប្រក​បដោយ​ប្រសិទ្ធភាព និងទាន់ពេលវេលាដូចជា ការបិទសាលារៀនមួយរយៈនៅក្នុងខែកណ្តាល និងរាជធានីភ្នំពេញ ។ ក្លឹបកម្សាន្ត ជាពិសេសអាជីវកម្ម សេវាកម្មដែលមានការប្រមូលផ្តុំមនុស្ស សុទ្ធតែឲ្យផ្អាកសកម្មភាពបន្ទាន់ ។ វិធានការទំាងអស់នេះ​សុទ្ធសឹងជាសកម្មភាពក្នុងការរំាងខ្ទប់កុំមនុស្សជួបជុំគ្នា និងចល័តពីកន្លែងមួយទៅកន្លែងមួយដែលកាន់តែនាំហានិភ័យ ដល់ប្រទេសជាតិ ។​

នៅទីបំផុតព្រឹត្តិការណ៍៣ វិចិ្ឆកា បានកន្លងផុត ហើយគ្មានអ្វីលើសពីមនុស្ស៤នាក់ បានឆ្លងនោះទេ  ក្នុងពេលដែលមានអ្នកពាក់ព័ន្ធជាង១ពាន់នាក់ ត្រូវធ្វើចត្តាឡីស័ក ។ ប៉ុន្តែមេរៀនពីព្រឹត្តិ​ការណ៍នេះ បានសបង្ហាញចំនុចខ្លំាង និងចំនុចខ្សោយរបស់កម្ពុជា ។ ខ្សោយដែលកម្ពុជាទំនងយកមិត្តភាពជាធំ បណ្តាលឲ្យមានការមិនប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវធានជាសកលក្នុងការការពារកូវីដ១៩ ។ ចំណែ​ក​ចំនុចខ្លំាង គឺកម្ពុជាបានបង្ហាញពីសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងការងារ ទប់ស្កាត់នៅពេលមានអាសន្នមកដល់។

គ្មានអ្នកឆ្លងកូវីដ១៩ លើសពី៤នាក់ ពីព្រឹត្តិការណ៍៣វិច្ឆិកា អាចនិយាយថាជាសំណាងល្អមួយរបស់កម្ពុជា បើគេមើលលើការប្រឈមនោះ ។ ប៉ុន្តែករណីនេះ បានធ្វើឲ្យពលរដ្ឋមួយប្រទេសពិសេសអ្នកភ្នំពេញបារម្ភ ខ្វាយខ្វល់ពីសុវត្ថិភាពសុខភាពខ្លួនឯង​ហើយសកម្មភាពសេដ្ឋកិច្ច ការអប់រំ ដែលអាក់ខានជាច្រើនខែមកហើយ ទើបឈានទៅដំណើរការជាប្រក្រតី ក៍រអាក់រអួលម្តងទៀត ។

និយាយជារួមព្រឹត្តិការណ៍៣ វិច្ឆិកា បានប៉ះពាល់ដល់ផ្លូវចិត្ត និងសុខភាពសេដ្ឋកិច្ចសង្គមជាតិមិនតិចនោះឡើយ ។ តើយើងសាកគិតមើលថា ប្រទេសមួយ ដែលវិស័យ​សុខាភិបាលនៅមានកម្រិត មានកម្រិតទំាងចំនួនគ្រូពេទ្យ មានកម្រិតទំាងសម្ភារៈ បរិក្ខាពេទ្យ ប្រសិនជាមានការឆ្លងដល់សហគមន៍ តើមានអ្វីខ្លះនឹងកើតមានឡើង ។

សួរថា ចំនួនគ្រូពេទ្យរបស់កម្ពុជាអាចឆ្លើយតបបញ្ហាដែលឬទេ បើសិនក្នុងមួយថ្ងៃមានការឆ្លង១០នាក់ ហើយបានរាលដាលទៅ១០០ ទៅ១ពាន់នាក់នោះ ។ តើយើងមានកន្លែងសម្រាកព្យាបាលគ្រប់គ្រាន់ទេ? ចុះថា សម្ភារ ឧបករណ៍វិជ្ជសាស្រ្ត ព្យាបាលកូវីដ១៩ វិញយ៉ាងម៉េចដែរ? ។

សូមពិចាររណាថា ប្រទេសមហាអំណាចសេដ្ឋកិច្ចនិងមានវេជ្ជសាស្រ្តផលិតឳសថសម្រាប់មនុស្សទូទំាងពិភពលោក នៅតែមិនមានគ្រប់គ្រងស្ថានការណ៍កូវីដ១៩បាននៅពេលមានការឆ្លងច្រើនលើសពីសមត្ថភាពនោះ។ ជាការពិតកម្ពុជាបានចាត់វិធានការនិងបានត្រៀមលក្ខណៈជាច្រើនខែមកហើយនៅក្នុងការគ្រប់គ្រងជំងឺកូវីដ១៩នេះ។

ទោះយ៉ាងណាមេរៀនពីព្រឹត្តិការណ៍៣ វិចិ្ឆកានេះ ពលរដ្ឋកម្ពុជាត្រូវតែនាំគ្នាគោរពឲ្យបាននូវវិធានការការពារ ដែល អង្គសុខភាពពិភពលោក WHO បានចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលចូលសហគមន៍ ។ គេតែងតែនិយាយថាមនុស្សអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនដែលភ្លេច​មនុស្សនោះទេ ។ គ្មាននណាម្នាក់ដឹងថា អ្នកណាមួយ មានផ្ទុកកូវីដ១៩នោះឡើយ ។ ពាក់ម៉ាស កុំចាប់ដៃគ្នា រក្សាគម្លាត ឧស្សាហ៍លាងសម្អាតដៃ ជាវិធានការការពារដែលមានប្រសិទ្ធិភាព។ ទំាងអស់នេះ ជារបត់ថ្មី ដែលមនុស្សត្រូវប្រកាន់ដើម្បីរស់នៅជាមួយកូវីដ១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ