ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលប៉ះពាល់ពីកូវីដ១៩ ការឆ្លងឆ្នាំពេលនេះទំនងស្ងាត់ជាង​ឆ្នាំមុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រាត្រីថ្ងៃទី៣១ ធ្នូនេះ ជាការឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ។ ឆ្នាំ២០២០កន្លងផុតទៅឆ្នាំ២០២១ចូលមកជំនួស​មិនថា ពលរដ្ឋខ្មែរ និងបរទេសនោះទេ នៅក្នុង​ឱកាសនេះ…

រាជធានីភ្នំពេញ ៖ រាត្រីថ្ងៃទី៣១ ធ្នូនេះ ជាការឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ។ ឆ្នាំ២០២០កន្លងផុតទៅឆ្នាំ២០២១ចូលមកជំនួស​មិនថា ពលរដ្ឋខ្មែរ និងបរទេសនោះទេ នៅក្នុង​ឱកាសនេះ តែងតែរៀបចំកម្មវិធីជួបគ្នា Countdown ជួបជុំគ្នា ឬមានដំណើរកម្សាន្តក្នុង និងក្រៅប្រទេស ស្វាគមន៍ឆ្នាំថ្មី ប៉ុន្តែនៅឆ្នាំនេះដោយសារជំងឺកូវីដ១៩ ពលរដ្ឋមួយចំនួនថា មិនបានចេញក្រៅផ្ទះនោះឡើយ ។

ពលរដ្ឋមួយចំនួនបាននិយាយថា ពួកគាត់ព្រួយបារម្ភពីឆ្លងជំងឺកូវីដ១៩ និងម្យ៉ាងទៀតជំងឺនេះ បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច ពួកគេជាខ្លំាងនៅក្នុងរយៈពេលប្រមាណ១ឆ្នាំមកនេះ ដូច្នេះឱកាសឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនេះ មិនបានធ្វើដំណើរទៅកម្សាន្តទីណានោះឡើយ ។

លោកសាន្ត ដែលអ្នកជំនួញដីធ្លី ម្នាក់បាននិយាយថា រៀងរាល់ឆ្នាំ លោកតែងនាំកូនទៅស្រុកកំណើតបន្ទាប់មកបន្តដំណើរទៅសៀមរាប ឬទៅខេត្តផ្សេងៗ ជាមួយឪពុកម្តាយ ប៉ុន្តែឆ្នាំនេះ លោកមិនបានធ្វើដូចឆ្នាំចាស់ឡើយ ។

«យើងបារម្ពរឿងកូវីដ១៩ផង តែអ្វីសំខាន់ គឺបញ្ហាសេដ្ឋកិច្ចតែម្តង ។ ខ្ញុំប្រកបការងារមិនសូវបានចំណូលទេ រយៈពេល១ឆ្នាំមកនេះ ដូច្នេះពេលឆ្នាំនេះមិនអាចទៅណាបានឡើយ ។ កូនៗមិនសប្បាយចិត្តទេ គេចង់ទៅសៀមរាបតែខ្ញុំមិនអាចទៅបាន» លោក សាន្តបញ្ជាក់ ។

ការដើរកម្សាន្តពេលបុណ្យទានម្តងៗ ក្នុងរយៈពេលពីរ ឬបីថ្ងៃ លោក សាន្ត​ថា នឹងចំណាយថវិកាចាប់ពី៥០០ដុល្លារឡើងទៅ លើការស្នាក់នៅ និងចំណីអាហារ រួម និងប្រេងសំាងរថយន្ត ។ មានពលរដ្ឋខ្លះទៀតថា ការ​ចំណាយ​លើដើរកម្សាន្តអាចច្រើនជាងនេះ បើគេជ្រើសរើសសេវាអាហារ ​និងកន្លែងស្នាក់ល្អៗនោះ ។ «នៅពេលរកមិនបាន៤០០ ឬ៥០០ដុល្លារច្រើនណាស់ ។​ នៅពេលនេះ យើងមិនអាចចំណាយផ្តេសផ្ដាសបានទេ»។

អ្នកស្រីណារី ពលរដ្ឋម្នាក់នៅភ្នំពេញ បានមើលឃើញថា ឆ្លងឆ្នាំនៅឆ្នាំនេះ មិនសូវសប្បាយដូចឆ្នាំមុនទេ ពលរដ្ឋជាច្រើនទំនងនឹងមិនចេញពីផ្ទះដើម្បី Countdown នៅឡើយ ។«ទំាងខ្ញុំ ទំាងគេសុទ្ធតែព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ នៅកន្លែងដែលមានមនុស្សច្រើនហើយម្យ៉ាងទៀតសេដ្ឋកិច្ចពេលនេះ កំពុងលំបាកផង គ្រួសារខ្ញុំបានសម្រេចចិត្តមិនដើរកម្សាន្តនោះទេ» ។

អ្នកស្រីណារី ថារៀងរាល់ឆ្នាំក្រុមគ្រួសារគាត់ចូលចិត្តទៅខេត្តព្រះសីហនុ ។ នៅក្នុងការស្នាក់ខេត្តជាប់សមុទ្រនេះ២យប់ គាត់ចំណោយមិនតិចជាង៤០០ដុល្លារនោះទេ ។

ម្ចាស់សណ្ឋាគារមួយនៅមណ្ឌលគិរីថា សណ្ឋាគារនៅឆ្នាំនេះ មានមនុស្សស្នាក់ប្រមាណ៥បន្ទប់ប៉ុណ្ណោះ ក្នុងចំណោមជាង២០បន្ទប់ ។ ថៅកែសណ្ឋាគារនោះនិយាយថាគាត់បានកាត់បុគ្គលិកជាងពាក់កណ្តាលចាប់ពីខែមេសាមក ។ «កាលពីយប់មិញ (យប់ថ្ងៃទី៣០ធ្នូ) ខ្ញុំឃើញសណ្ឋាគារមួយចំនួននៅក្រៅក្រុងជាប់ភ្នំ គេរៀបចំពិធីបាញ់កំាជ្រូច រៀបចំកន្លែងទុកឲ្យភ្ញៀវអំាងសាច់ ប៉ុន្តែសណ្ឋាគារខ្ញុំនៅក្នុងក្រុងមិនមានរៀបចំពិធីអ្វីទេ ។ ឆ្នាំនេះមិនសូវមានភ្ញៀវមកដើរលេងនៅមណ្ឌលគិរីដូចឆ្នាំមុខឡើយ» ។

ម្ចាស់សណ្ឋាគារដែលសុំមិនឲ្យបញ្ចេញឈ្មោះ ខាងលើ ទទួលស្គាល់ថា ការព្រួយបារម្ភពីជំងឺកូវីដ១៩ឆ្លង និងបញ្ហាសេដ្ឋកិច្ចជាមូលហេតុសំខាន់ដែលពលរដ្ឋមិនបានដើរលេងច្រើនក្នុងឱកាសកាសឆ្លងឆ្នាំពេលនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ