ប្រេស៊ីល ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា សហរដ្ឋអាមេរិកនិងប្រេស៊ីលបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ប្រទេសអាមេរិកខាងត្បូង ដើម្បីបន្តការនាំចូលអេតាណុល ដោយមិនចាំបាច់បង់ពន្ធគយជាបណ្តោះអាសន្ន ដែលជាការឈ្នះលើផ្នែកនយោបាយសម្រាប់ប្រធានាធិបតីដូណាល់ត្រាំក្នងការបោះឆ្នោត។
អេតាណុល គឺជាការនាំចេញផលិតផលកសិកម្មដ៏សំខាន់មួយសម្រាប់រដ្ឋ Iowa ដែលជារដ្ឋសមរភូមិនៅក្នុងការបោះឆ្នោតអាមេរិកនាពេលខាងមុខ ហើយរដ្ឋបាលរបស់លោកត្រាំ បានបញ្ចុះបញ្ចូលឱ្យរក្សាការមិនគិតពន្ធគយពេលនាំចូលទៅក្នុងប្រទេសប្រេស៊ីល ដែលជាទីផ្សារឈានមុខគេ។
កន្លងមក ប្រទេសប្រេស៊ីលបានលើកលែងពន្ធរហូតដល់ទៅ ៧៥០លានលីត្រ ក្នុងមួយឆ្នាំនៃអេតាណុលដែលនាំចូលដោយមិនគិតពន្ធ។ តែនៅថ្ងៃទី១ ខែកញ្ញា ប្រេស៊ីលបានសម្រេចដាក់ពន្ធនាំចូល២០%វិញ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបាននិយាយថា ពួកគេបានយល់ព្រមធ្វើកិច្ចចរចាពាណិជ្ជកម្មអស់រយៈពេល ៩០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១៤ ខែកញ្ញា ហើយនឹងចាប់ផ្តើមការមិនគិតពន្ធនាំចូលជាថ្មីម្តងទៀតនៅពេលនោះ។
គួរបញ្ជាក់ផងដែរថា អេតាណុលរបស់ប្រេស៊ីលភាគច្រើនធ្វើពីស្ករស។ រីឯអេតាណុលអាមេរិកភាគច្រើនធ្វើមកពីពោត។ អ្នកផលិតប្រទេសទាំងពីរប្រឈមនឹងការធ្លាក់ចុះតម្រូវការអេតាណុលនៅតាមផ្ទះដោយសារតែ ការរីករាលដាលនៃមេរោគឆ្លងនិងមានការចង់ជម្រុញការនាំចេញ។ សហរដ្ឋអាមេរិកបាននាំចេញអេតាណុលច្រើនជាង ១.២៥ពាន់លានលីត្រ ទៅប្រេស៊ីលកាលពីឆ្នាំមុន និងបាននាំចូលអេតាណុលប្រេស៊ីល ៧៣៨លានលីត្រ៕
ចែករំលែកព័តមាននេះ