ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ខេត្តបាត់ដំបង​ក្នុង​«​សម័យ​លោក​ម្ចាស់​»

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ក្នុង​ប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ធ្លាប់​គ្រប់គ្រង​ដោយ​ប្រទេស​សៀម និង​ប្រទេស​បារាំង បើ​ទោះបីជា​មានការ​ត្រួតត្រា​ផ្ទាល់​ដោយ​អង្គ​ស្ដេច​ខ្មែរ​គ្រប់​ជំនាន់ និង​ស្ដេចត្រាញ់ ឬ​វរៈបុរស​ខ្មែរ ល្បី​ៗ​មួយ​ចំនួន​ក្នុង​សម័យ​នោះ​ក្ដី…

ខេត្តបាត់ដំបង ៖ នៅ​ក្នុង​ប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ធ្លាប់​គ្រប់គ្រង​ដោយ​ប្រទេស​សៀម និង​ប្រទេស​បារាំង បើ​ទោះបីជា​មានការ​ត្រួតត្រា​ផ្ទាល់​ដោយ​អង្គ​ស្ដេច​ខ្មែរ​គ្រប់​ជំនាន់ និង​ស្ដេចត្រាញ់ ឬ​វរៈបុរស​ខ្មែរ ល្បី​ៗ​មួយ​ចំនួន​ក្នុង​សម័យ​នោះ​ក្ដី ។

បើ​យោង​តាម​សៀវភៅ​«​បាត់ដំបង សម័យ​លោក​ម្ចាស់​»​ខេត្តបាត់ដំបង ស្ថិត​ក្រោម​អំណាច​សៀម​អស់​រយៈ​ជាង​មួយ​សតវត្ស ចាប់ពី​ឆ្នាំ​១៧៩៥ ដល់​ឆ្នាំ​១៩០៧ ។ សម័យ​នោះ​ត្រួតត្រា​ដោយ​គ្រួសារ​ស្ដេចត្រាញ់​ខ្មែរ​«​ចៅ​ហ្វ៊ា​បែន​» ដែល​ក្រោយមក​គេ​ប្ដូរ​ឈ្មោះ​ថា​«​ត្រកូល​អភ័យ​វង្ស​» ។ គ្រួសារ​នេះ​បាន​ត្រួតត្រា​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​អស់​រយៈពេល​ជាង​១​សតវត្ស ហើយ​តំណែង​នេះ​បាន​បន្ត​រហូត​ដល់​កូនចៅ​នៃ​គ្រួសារ​នេះ​ទៀត​ផង ។ នៅ​ឆ្នាំ​១៨៦៣ ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​អាណាព្យាបាល​បារាំង​ដែរ ខណៈ​សៀម​កំពុង​គ្រប់គ្រង​ខេត្តបាត់ដំបង​។ ខេត្តបាត់ដំបង កាលនោះ​មានស្រុក​តែ​៤​ទេ គឺ​ស្រុក​បាត់ដំបង ស្រុក​មោងឫស្សី ស្រុក​មង្គលបុរី និង​ស្រុកស្រែ​អន្ទាក់ ។

សៀវភៅ​ដដែល​សរសេរ​ថា បាត់ដំបង​ជា​តំបន់​ទំនាប​ល្បាប់​ប្រកបដោយ​ជីវជាតិ លាតសន្ធឹង​ពី​ទិសអាគ្នេយ៍​ទៅ​ពាយ័ព្យ ។ នៅ​ខាង​នរ​តី​មាន​ជួរ​ភ្នំ ខ្ពស់​ៗ​ដែល​គេ​ហៅ​ថា ជួរ​ភ្នំក្រវាញ​មានឈ្មោះ​ល្បី ដោយសារ​តែ​សំបូរ​ដើម​ក្រវាញ ដែល​គេ​ត្រូវការ​ទិញ​យក​ទៅ​ធ្វើ​ថ្នាំកែរោគ ផ្សេង​ៗ ។ អ្នកស្រុក​នៅ​ទីនោះ​ប្រកប​មុខរប​បេះ​ក្រវាញ​លក់ គេ​ហៅ​ថា​«​ពួក​សួយ​ក្រវាញ​» ។ ស្ទឹង​សង្កែ គឺជា​ស្ទឹង​ដ៏​សំខាន់​ហូរ​កាត់​ទីប្រជុំជន​បាត់ដំបង ។ ស្ទឹង​សង្កែ​មាន​ប្រភព​នៅ​ភ្នំ​ទឹក​ព្រិល ជា​ភ្នំ​ខ្ពស់​មួយ​នៅ​តំបន់​ប៉ៃលិន ដែល​គេ​ហៅ​ថា​«​ស្រុកលើ​» និង​មាន​ប្រភព​ទឹក តូច​ៗ​ជា​ច្រើន​ហូរ​ចូល​ស្ទឹង​នេះ ។

ខេត្តបាត់ដំបង មាន​តំបន់​ប្រវត្តិសាស្ត្រ​ជា​ច្រើន ដែល​ពាក់ព័ន្ធ​ក្នុង​សម័យ​លោក​ម្ចាស់ និង​មុន​សម័យ​លោក​ម្ចាស់ នេះ​បើ​យោង​តាម​ឯកសារ​នានា ។ គ្រួសារ​«​ចៅ​ហ្វា​បែន ឬ​ត្រកូល​អភ័យ​វង្ស​»​បាន​គ្រប់គ្រង​ខេត្តបាត់ដំបង អស់​រយៈពេល​ជាង​១​សតវត្ស គឺ​ចាប់ពី​លោកកថា​ថន ញ៉ុញ បន្ត​ដល់​កូនប្រុស​គឺ​លោកកថា​ថន ឈុំ ។

អ្នកស្រុក​បាត់ដំបង​នា​សម័យ​នោះ​ហៅ​លោកកថា​ថន ញ៉ុញ និង​លោកកថា​ថន ឈុំ ថា​ជា​«​លោក​ម្ចាស់​» ។ ប៉ុន្តែ​ដើម្បី​កុំឱ្យ​ច្រឡំ​គ្នា អ្នកស្រុក​ហៅ​លោកកថា​ថន ញ៉ុញ​ថា​«​លោក​ម្ចាស់​ព្រះ​កោដ្ឋ​»​ដោយសារ​សព​លោក​ញ៉ុញ ត្រូវ​គេ​តម្កល់​ទុក​ក្នុង​កោ​ដ្ធ​មុន​ពេល​បូជា រីឯ​លោកកថា​ថន ឈុំ គេ​ហៅ​ថា​«​លោក​ម្ចាស់បស្ចិម​»​ដោយសារ​លោក​ធ្លាប់​រស់នៅ​បស្ចិមបុរី នៃ​ប្រទេស​សៀម ។

សៀវភៅ​«​បាត់ដំបង សម័យ​លោក​ម្ចាស់​»​សរសេរ​ទៀត​ថា កាលពី​ជំនាន់​ដើម បាត់ដំបង​មិនសូវ​មាន​មនុស្ស​ប៉ុន្មាន​ទេ ។ ផ្ទៃដី​មួយ​ភាគ​ធំ​ជា​តំបន់​ព្រៃ​។ ក្នុង​សម័យ​នោះ​គេ​ឃើញ​លោក​ម្ចាស់​តែង​ចេញ​ទៅ​បរបាញ់​សត្វ នៅ​តំបន់​អូរ​ស្រឡៅ និង​នៅ​រាំង​កេ​សី ដែល​ជា​វាល​ស្បូវ​ដ៏​ធំធេង​(​ស្រុក​សង្កែ​បច្ចុប្បន្ន​) ។ មនុស្ស​ជំនាន់​ដើម ភាគច្រើន​តែង​ប្រមូលផ្ដុំ​គ្នា​រស់នៅ​តាម​ដងស្ទឹង​សង្កែ តែ​មាន​តិចតួច​រស់នៅ​តាម​ដងស្ទឹង​មោងឫស្សី និង​ស្ទឹង​មង្គលបុរី រីឯ​ភូមិឋាន​ដែល​នៅ​ឆ្ងាយ​ពី​ដងស្ទឹង មាន​តែ​ភូមិ​កំពង់ព្រះ និង​ភូមិ​គាស់​ក្រឡ​ប៉ុណ្ណោះ ។

នៅ​ក្នុង​ឆ្នាំ​១៨៨៤ អ្នកប្រាជ្ញ​ជនជាតិ​បារាំង​ម្នាក់ គឺ​លោក​ប្រ៊ី​យាង ដែល​បាន​មក​ដល់​បាត់ដំបង បាន​សន្និដ្ឋាន​ថា ប្រជាជន​នៅ​ខេត្តបាត់ដំបង​ក្នុង​«​សម័យ​លោក​ម្ចាស់​»​មាន​ប្រហែល​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ តែ​នេះ​មិនមែន​ជា​ការ​សន្និដ្ឋាន​តាម​រយៈ​ការ​ធ្វើ​ជំរឿន​ទេ ។ នៅ​ក្នុង​ឯកសារ​សរសេរ​ថា ក្នុង​សម័យ​លោក​ម្ចាស់ ប្រជាជន​នៅ​ក្នុង​បាត់ដំបង បាន​បែងចែក​ជ ា​៣​វណ្ណៈ គឺ​វណ្ណៈ​អភិជន វណ្ណៈ​រាស្ត្រ​សាមញ្ញ និង​វណ្ណៈ​ទាសករ ។ សម័យ​នោះ គេ​បាន​ចាត់​ទុក​ចិន និង​យួន ជា​ជនបរទេស រីឯ​សៀម និង​កូ​ឡា គេ​ចាត់​ទុក​ថា ជា​ជនជាតិ​ជាមួយ​គ្នា ។ ប៉ុន្តែ​សៀម​ដែល​មានគំនិត​ទុច្ចរិត​បាន​បោកប្រាស់​ខ្មែរ​ថា លាវ និង​មន​ជា​បងប្អូន​គ្នា​មាន​សាច់ឈាម​កំណើត​តែ​មួយ ។

សៀវភៅ​«​បាត់ដំបង​សម័យ​លោក​ម្ចាស់​»​រៀបរាប់​ថា ជនជាតិ​ចិន បាន​មក​តាំងនៅ​បាត់ដំបង​យូរហើយ ថែម​ទាំង​បាន​សង់​ព្រះ​វិហារ​នៅ​ផ្លូវ​លេខ​១ និង​នៅ​ចុងស្ពាន​ដែក​ត្រើយ​ខាងកើត តាំងពី​មុន​សម័យ​លោក​ម្ចាស់​ទៀត​ផង ។ តាំងពី​ពេល​នោះ​មក ចិន​បាន​ប្រកប​រប​តែ​ម្យ៉ាង​គត់​គឺ​ធ្វើ​ពាណិជ្ជកម្ម ។ ជំនាន់​នោះ​ចិន តែង​នាំ​គ្រឿង​ឧបភោគ បរិភោគ​ពី​ស្រុក​ក្រៅ មក​លក់​នៅ​បាត់ដំបង ហើយ​ពួក​គេ​រស់នៅ​តែ​ក្នុង​ទីប្រជុំជន​ទេ ដែល​ផ្ទុយ​ពី​យួន​ដែល​ចូល​ចិត្ត​រស់នៅ​តាម​ដងស្ទឹង ប្រកប​របប​នេសាទ និង​សិប្បកម្ម ។ ជនជាតិ​ចិន​មួយ​ចំនួន​រកស៊ី​មានបាន​រហូត​លោក​ម្ចាស់​ផ្ដល់​ឋានៈ​ផ្ដល់​ងារ​ខ្ពង់ខ្ពស់ ហើយ​ត្រូវ​ស្លៀកពាក់​ដូច​ខ្មែរ គឺ​ស្លៀកសំពត់​ក្បិន ពាក់​អាវកត្រង់ ពាក់​សក្តិ​យស​ដូច​នាម៉ឺន​មន្ត្រី​ខ្មែរ​ដែរ ។ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​កាត់​កំប៉ោយ​សក់​ដែល​ជា​ទម្លាប់​ទាល់តែ​សោះ រហូត​អ្នក​ស្រុក​បាត់ដំបង នាំ​គ្នា​និយាយ​ឡកឡាយ​ថា​«​កំប៉ោយ​ចិន​ក្បិន​ខ្មែរ​» ។ ការ​និយាយ​ឡកឡាយ​នេះ បាន​ធ្វើ​ឱ្យ​ពួក​អភិជន​ចិន​ទ្រាំ​មិន​បាន ក៏​នាំ​គ្នា​កាត់​កំប៉ោយ​ចេញ​ទៅ តែ​ខ្មែរ​បែរជា​បង្កើត​ពាក្យ​មួយ​ឃ្លា​ទៀត​បង្អាប់​ចិន​ថា​«​ចិន​ដាច់​កំប៉ោយ​» ។

បើ​និយាយ​អំពី​បញ្ហា​សុខុមាលភាព​វិញ បើ​តាម​ឯកសារ​ដដែល នៅ​ក្នុង​សម័យ​លោក​ម្ចាស់ ប្រជាជន​នៅ​ខេត្តបាត់ដំបង រស់នៅ​ត្រដាបត្រដួស​ពិបាក​ជ​ន្នះ​នឹង​ធម្មជាតិ​បំផុត ។ ជំងឺ​រាតត្បាត​ផ្សេង​ៗ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ក្នុង មួយ​ឆ្នាំ​ៗ​ភាគច្រើន​ជា​កុមារ ។ លោក​ម្ចាស់​ត្រូវ​គេ​រិះគន់​ថា មិន​មានគំនិត​បង្កើត​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ប្រជារាស្ត្រ​ឡើយ ។ ប្រជារាស្ត្រ​បាន​ពឹង​ផ្នែក​ទាំងស្រុង​លើ​ថ្នាំខ្មែរ និង​មន្តអាគម​ស្ដោះផ្លុំ ។

ប៉ុន្តែ​លោក​ម្ចាស់ ហាក់​បាន​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ដងស្ទឹង​សង្កែ ដែល​ជា​កន្លែង​ទីប្រជុំជន​ដ៏​ធំ​នៅ​ក្នុង​ខេត្តបាត់ដំបង ។

ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​១៩០៧ បាត់ដំបង ជាទី​ប្រជុំជន​តូច​មួយ​មាន​ផ្លូវ​មួយ​ខ្សែស្រប​តាម​ដងស្ទឹង ហើយ​អ្នកស្រុក​បាន​សង់​លំនៅ​ឋាន​រកេតរកូត​តាម​ដងផ្លូវ​នេះ ។ គេ​បាន​បែងចែក​ទីក្រុង​បាត់ដំបង ជា​២​សង្កាត់​ក្នុង​សម័យ​នោះ គឺ​សង្កាត់​មុខ​កំផែង និង​សង្កាត់​ស្វាយប៉ោ ។ ប៉ុន្តែ​នៅ​ក្នុង​សម័យ​លោក​ម្ចាស់ ការ​រៀបចំ​ឱ្យ​មាន​ទីផ្សារ​សម្រាប់​លក់ដូរ និង​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត ហាក់​មាន​ភាព​ទន់ខ្សោយ​នៅឡើយ ។ ប្រជារាស្ត្រ​បាន​ដាក់​តាំង​ផលិតផល​លក់​ផ្ទាល់​ដី តែ​មាន​រាន តូច​ៗ​សម្រាប់​លក់​បបរ និង​នំចំណី ។ នៅ​តាម​ផ្ទះ​ចិន មាន​លក់​គ្រឿង​ឧបភោគ បរិភោគ តែ​គ្មាន​លក់​គុយទាវ កាហ្វេ​ទេ រីឯ​ទឹកកក​ក៏​គ្មាន​ដែរ​ក្នុង​សម័យ​នោះ តែ​មាន​កន្លែង​មួយ​ធ្វើ​ទឹកកក គឺ​ធ្វើ​សម្រាប់​តែ​លោក​ម្ចាស់​ប៉ុណ្ណោះ ។

ដោយសារ​កង្វះ​ផ្លូវ​គមនាគមន៍​ក្នុង​សម័យ​នោះ បាន​ធ្វើ​ឱ្យ​អ្នក​បាត់ដំបង ចេះ​រស់​ដោយ​ការ​ប្រឹងប្រែង​ខ្លួនឯង មិនសូវ​ពឹងពាក់​បរិក្ខារ​មក​ពី​ខាងក្រៅ​ពេក​ទេ ។ អ្នក​បាត់ដំបង អាច​ធ្វើ​ឧបករណ៍​សម្រាប់​កសិកម្ម​បាន​ស្ទើរ​គ្រប់ជំពូក ។ ពួ​កគអាច​ធ្វើ​ផ្ទះ​បាន​ដោយ​ប្រើប្រាស់​តែ​ធនធាន​នៅ​ក្នុងស្រុក ។

ប៉ុន្តែ​ជំនាន់​នោះ លោក​ម្ចាស់​បាន​រៀបចំ​ឱ្យ​មានការ​សាងសង់​ផ្ទះ​មាន​លក្ខណៈ​សម្គាល់​ជា​ផ្ទះ​ខ្មែរ មាន​ម៉ូ​ដ មានឈ្មោះ​ត្រឹមត្រូវ ។ លោក​ម្ចាស់​បាន​ណែនាំ​ឱ្យ​ប្រជារាស្ត្រ​សង់ផ្ទះ​តាម​ក្បួនតម្រា ដែល​មាន​ចែង​ទុក​តាំងពី​បុរាណ​មក ។ គេ​មិន​ដែល​បំភ្លៃ​រាងរៅ​ផ្ទះ​ឱ្យ​ខុស​ពី​ក្បួនខ្នាត​បុរាណ​ទេ ។ សំណង់​ផ្ទះថ្ម ចាំបាច់​ត្រូវការ​ជាង​មាន​បច្ចេកទេស​ខ្ពស់​ដូច​ជា​សង់​វិហារ អគារ​រដ្ឋ សា​សា​រៀន ជាដើម ។ សម័យ​នោះ​គេ​មិនសូវ​ប្រើ​ស៊ីម៉ង់ត៍​ទេ គឺ​គេ​ប្រើ​កំបោរ​លាយ​ក្រដាស​ប៉ុយ ស្ករ​ក្អម និង​ជ័រទឹក បង្កើត​បានជា​សំណង់​សម្រាប់​សាងសង់​លំនៅ​ឋាន​រឹង​ម៉ាំ​(​ថ្ម​បាយអរ​) ។

នៅ​ក្នុង​សម័យ​លោក​ម្ចាស់ គេ​បាន​សាងសង់​ព្រះ​ហារ និង​សំណង់​រឹង​មាំ​ដទៃ​ទៀត ភាគច្រើន​នៅ​ក្នុង​ទីប្រជុំជន​ស្រុក​បាត់ដំបង ជា​ពិសេស​នៅ​ស្រប​តាម​ដងស្ទឹង​សង្កែ​។ សំណង់​ទាំងនោះ​មាន​ដូច​ជា វត្ត​អារាម សំណង់​ផ្ទះថ្ម អគារ​សាលាខេត្ត​ចាស់ និង​ផ្ទះ​ធ្វើ​ពី​ឈើរ​ប្រណីត ។​…​។ សំណង់​ក្នុង​សម័យ​លោក​ម្ចាស់​ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង ស្ទើរ​ទាំងអស់​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ សំណង់​មួយ​ចំនួន​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ​កន្លង​មក​ហើយ ដូច​ជា​វត្ត​សំរោង​ក្នុង នៅ​ស្រុក​ឯក​ភ្នំ​ជាដើម ។ ដោយឡែក​សំណង់​អគារ​សាលាខេត្ត​ចាស់ ស្ពានថ្ម​ចាស់ សំណង់​ផ្ទះថ្ម នៅ​ក្នុង​ក្រុង​បាត់ដំបង​សព្វថ្ងៃ ផ្ទះ​បុរាណ​នៅ​ភូមិ​វត្ត​គរ និង​ព្រះ​វិហារ​ជា​ច្រើន​ទៀត សុទ្ធតែ​មាន​អាយុ​ជាង​១០០​ឆ្នាំ ។ សំណង់​ទាំងនេះ​សុទ្ធតែ​ធ្វើ​ពី​ប្រភេទ​ឈើ​ប្រណីត និង​ថ្ម​បាយអរ ដែល​ផ្សំ​ឡើង​ពី​វត្ថុធាតុដើម​បី​ប្រភេទ​ដូច​ខាងលើ​នេះ ហើយ​សំណង់​ទាំងនេះ នៅ​តែ​បង្ហាញ​ពី​ភាពរឹងមាំ​នៅឡើយ​មក​ដល់​សព្វថ្ងៃ ។

សំណង់​បុរាណ​ជាង​៨០០​កន្លែង​ដែល​ជា​កេរ្តិ៍​ដំណែល​ក្នុង​«​សម័យ​លោក​ម្ចាស់​» ហើយ​កំពុង​ឈរ​ស្កឹមស្កៃ​នៅ​ក្នុង​ទីក្រុង​បុរាណ នា​បច្ចុប្បន្ន​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សំណង់​បេតិកភណ្ឌ ដែល​អាជ្ញាធរ​កំពុង​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ហៅ​ទីក្រុង​វ័យ​ចំណាស់​មួយ​នេះ​ថា ជាទី​ក្រុង​បុរាណ ឬ ទីក្រុង​បេតិកភណ្ឌ ដែល​កំពុង​ទាក់ទាញ ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង ។ មិន​ត្រឹមតែ​ជា​សំបុក​កំណប់ទ្រព្យ​បុរាណ​ទេ ខេត្តបាត់ដំបង ត្រូវ​គេ​ចាត់​ទុក​ថា ជា​ខេត្ត​«​ជង្រុក​ស្រូវ​»​ដ៏​ធំ​បំផុត​នៅ​ក្នុង​ព្រះរាជា​ណា​ច​កម្ពុជា និង​ជា​ខេត្ត​ដែល​មាន​សក្ក​ដា​នុ​ពល​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម ។

វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ​គឺជា​គោលដៅ​ដ៏​ធំ​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ដែល​គេ​ចាត់​ទុក​ថា ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ។

បាត់ដំបង​គឺជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​ផ្ទៃដី​ទំហំ​១១.៧៤៨​គីឡូ​ម៉ែត្រការ៉េ មាន​ព្រំប្រទល់​ខាងលិច​ទល់​ខេត្ត​ប៉ៃលិន និង​ប្រទេស​ថៃ ខាងកើត​ទល់​ខេត្​តពោធិ៍​សាត់ និង​បឹង​ទន្លេសាប ខាងជើង​ទល់​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប និង​ខាងត្បូង​ទល់​ខេត្តពោធិ៍សាត់​។ ខេត្ត​នេះ​មានស្រុក​ចំនួន​១៣ និង​ក្រុង​១ ហើយ​មាន​ឃុំ​៩២ សង្កាត់​១០​និង​មាន​ភូមិ​ចំនួន​៧៩៩ ។ ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ​ចំនួន​២៥៨.៦៨២​គ្រួសារ មាន​ពលរដ្ឋ​ចំនួន​១.០២៥.០៥០​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៦០២.៩៩៤​នាក់ ។

ខេត្តបាត់ដំបង​មាន​តំបន់​ទេសចរណ៍​ជាង​៣៦​កន្លែង ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ។ តំបន់​ទេសចរណ៍​ទាំងនោះ​បាន​បែងចែក​ជា​៤​ប្រភេទ​គឺ​១-​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដែល​មាន​ប្រាសាទបុរាណ២-​រមណីយដ្ឋាន​ធម្មជាតិ​ដែល​មាន​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ពិត​ៗ ៣-​រមណីយដ្ឋាន​ធម្មជាតិ​កែ​ច្នៃ​(​អាង​កំពីងពួយ​)​និង​៤-​រមណីយដ្ឋាន​វប្បធម៌ ដូច​ជា​ភូមិ​វប្បធម៌​មានផ្ទះ ឬ​សំណង់​បុរាណ​…​។ បច្ចុប្បន្ន ទីតាំង​តំបន់​ទេសចរណ៍​ទាំងនេះ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បំផុត ខណៈ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ​កំពុង​មមាញឹក​ខ្លាំង​ណាស់​ដែរ ក្នុង​ការ​រៀបចំ​កែ​លម្អ​និង​អភិ​ឌ្ឍ​ន៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។ មិនតែប៉ុណ្ណោះ​ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀប​គម្រោង​ស្នើ​សុំ​អង្គការ​យូ​ណេ​ស្កូ​ដាក់​បញ្ចូល​អគារ​បុរាណ​ជា​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក៕