ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​មមាញឹក ប្រមូល​ផល​មើម​ឆៃថាវ​លើ​ដីចម្ការ​របស់​ខ្លួន

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ បាន​ប្រកប​របរ​ដាំ​ឆៃថាវ​ចំនួន​៦​ហិ​កតា ដោយ​ចំណាយពេល​អស់​ត្រឹមតែ​១​ខែ​កន្លះ​ប៉ុណ្ណោះ អាច​ទទួល​បាន​ផល​ដក​លក់​ឱ្យ​ម៉ូយ​មក​ពី​ភ្នំពេញ បាត់ដំបង សៀមរាប ពោធិ៍សាត់ និង​ក្នុង​ខេត្ត​ប៉ៃលិន​ជាដើម​។…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ បាន​ប្រកប​របរ​ដាំ​ឆៃថាវ​ចំនួន​៦​ហិ​កតា ដោយ​ចំណាយពេល​អស់​ត្រឹមតែ​១​ខែ​កន្លះ​ប៉ុណ្ណោះ អាច​ទទួល​បាន​ផល​ដក​លក់​ឱ្យ​ម៉ូយ​មក​ពី​ភ្នំពេញ បាត់ដំបង សៀមរាប ពោធិ៍សាត់ និង​ក្នុង​ខេត្ត​ប៉ៃលិន​ជាដើម​។ ការ​ប្រកប​របរ​ដាំ​មើម​ឆៃថាវ​នេះ មាន​រយៈពេល​ខ្លី ពោល​គឺ​លឿន​ជាង​ដំណាំ​ពោត និង​ដំឡូង​មី ហើយ​លក់​បាន​តម្លៃ​ថ្លៃ​ជាង​ផង​ដែរ​។

ការ​ប្រមូល​ផល​មើម​ឆៃថាវ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ក្បែរ​ផ្លូវលំ​មួយ​ខ្សែ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​ចម្ការ​ខាងលើ​មានឈ្មោះ ទុ​យ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ នាង សុ​ខឿន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ។ ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ចម្ការ​បានឱ្យ​ដឹង​ថា ពួក​គាត់​មាន​ដីចម្ការ​ចំនួន​១០​ហិ​កតា ដោយសារ​ដាំពោត និង​ដំឡូង​មី មិន​ចំណេញ ព្រោះ​ទិន្នផល​កាន់តែ​ធ្លាក់​ចុះ តម្លៃ​កាន់តែ​ថោក ទើប​រយៈពេល​២​ឆ្នាំ ចុង​ក្រោយ​នេះ​ពួក​គាត់​បាន​ទុក​ដី​ចំនួន​៦​ហិ​កតា ដើម្បី​ដាំ​មើម​ឆៃថាវ​លក់​ឱ្យ​ម៉ូយ​មក​ពី​ស្ទើរតែ​គ្រាប់​ទីកន្លែង​តែ​ម្តង​។

ប្រភព​បន្ត​ទៀត​ថា ការ​ដាំ​ឆៃថាវ មាន​រយៈពេល​ខ្លី ត្រឹមតែ​១​ខែ​កន្លះ​អាច​ប្រមូល​ផល ខណៈ​ពោត​រយៈពេល​៣​ទៅ​៤​ខែ រីឯ​ដំឡូង​មី​វិញ​រយៈពេល​យូរ​រហូត​ដល់​១​ឆ្នាំ​ឯណោះ​។ លើស​ពី​នេះ ឆៃថាវ​១​គីឡូក្រាម​អាច​លក់ដុំ​ក្នុង​១​គីឡូក្រាម​តម្លៃ ៧០០​ទៅ​៨០០​រៀល​។ ចំណែក​ការ​លក់រាយ​វិញ​១​គីឡូក្រាម ១.២០០​ទៅ​១.៥០០​រៀល​ឯណោះ ដោយ​ពោត​១​គីឡូ​លក់​បាន​ត្រឹមតែ​៤ ទៅ​៥​បាត រីឯ​ដំឡូង​១​គីឡូ​១.៥​ទៅ​២​បាត​ប៉ុណ្ណោះ​។ ពួក​គាត់​បញ្ជាក់​ទៀត​ថា ការ​ប្រូ​ល​ផល​មើម​ឆៃថាវ ក្នុង​ចម្ការ​របស់​ពួក​គាត់​ម្តង​ៗ​សរុប​ទៅ​បាន​ទទួល​ជាង​១០០​តោន ហើយ​ពួក​គាត់​ក៏​មិន​បាន​ប្រើ​ជីគីមី​អ្វី​នោះ​ដែរ គ្រាន់តែ​ស្រោច​ទឹក​ឱ្យ​បាន​ញឹកញាប់​ប៉ុណ្ណោះ​ជា​ការ​ស្រេច​។

ពួក​គាត់​ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ដីចម្ការ​ច្រើន​ក្បែរ​មាត់​អូរ សូម​ងាក​មក​ដាំ​មើម​ឆៃថាវ​ម្តង​វិញ ដើម្បី​បាន​ប្រាក់​ចំណូល​បាន​ចិញ្ចឹម​ក្រុម​គ្រួសារ ឱ្យ​មាន​ជីវភាព​ធូរធា​។ ម្យ៉ាងវិញទៀត ការ​លក់​មើម​ឆៃថាវ​នេះ មិន​ពិបាក​រក​ទីផ្សារ​នោះ​ឡើយ ដោយ​មាន​គេ​ទូរស័ព្ទ​មក​កុម្ម​ង់​ទិញ​ដល់​ចម្ការ​តែ​ម្តង​។ សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន អ្នក​ដាំ​មើម​ឆៃថាវ មាន​តែ​មួយ​គ្រួសារ​ប៉ុណ្ណោះ ក្រៅពី​នោះ​គេ​ដាំពោត ដំឡូង​មី និង​ដំណាំ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​៕