ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​កំពុង​តែ​ប្រមូល​ផលដំណាំ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្រុងប៉ៃលិន កំពុង​តែ​មមាញឹក​ក្នុង​ការ​ប្រមូល​ផលដំណាំ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ខណៈ​តម្រូវការ​ទីផ្សារ​ហាក់ដូចជា​ធ្លាក់​ចុះ ។ កាល ពី​មុន…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្រុងប៉ៃលិន កំពុង​តែ​មមាញឹក​ក្នុង​ការ​ប្រមូល​ផលដំណាំ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ខណៈ​តម្រូវការ​ទីផ្សារ​ហាក់ដូចជា​ធ្លាក់​ចុះ ។ កាល ពី​មុន ឈ្មួញ​ថៃ​ចូល​មក​ទិញ​ដល់​ក្រុងប៉ៃលិន​ក្នុង​តម្លៃ​ខ្ពស់ តែ​រយៈពេល​២-៣​ឆ្នាំ​កន្លង​ទៅ​នេះ តម្លៃ​តា​ង៉ែ​ន​ហាក់ដូចជា​ធ្លាក់​ចុះ​ព្រោះតែ​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ដាំ​កាន់តែ​ច្រើន​ឡើង​ៗ ស្ទើរ​គ្រប់​គ្នា ។

ជាក់ស្តែង​នៅ​ក្នុង​ចម្ការ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ម្ចាស់​ចម្ការ​ឈ្មោះ អ៊ុ​ន ស្រង់ ភេទ​ស្រី អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​ដាំ​តា​ង៉ែ​ន​ជាង​៧០០​ដើម​ដោយ​ដាក់​អ័រម៉ូន​ឱ្យ​ផ្លែ​ប្រមូល​ផល​ជា​បណ្តើរ​ៗ និង​ទុកដាក់​អ័រម៉ូន​ឱ្យ​ផ្លែ​នៅ​ខែ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​មួយ​ចំនួន​ទៀត ។ បើ​តាម​អ្នក​ចាំចម្ការ​ម្នាក់ ឈ្មោះ ធុ​ច ភេទ​ស្រី អាយុ​៦០​ឆ្នាំ បានឱ្យ​ដឹង​ថា ដំណាំ​តា​ង៉ែ​ន​នៅ​ក្នុង​ចម្ការ​នេះ អាច​បេះ​ផ្លែ​លក់​បាន​ក្នុង​១​គីឡូក្រាម​ចាប់ពី​៤​ទៅ​៥​ពាន់​រៀល ដោយ​មាន​អតិថិជន​ចូល​មក​ទិញ​តាំងពី​ខេត្ត​ប៉ៃលិន​, បាត់ដំបង​, ពោធិ៍សាត់ និង​រហូត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ។ គាត់​បន្ត​ថា ថៅកែ​បាន​ដាំ​តា​ង៉ែ​ន​ជាង​៧០០​ដើម​ដោយ​បាន​ដាក់​អ័រម៉ូន​ឱ្យ​ផ្លែ​ពេល​នេះ​ជាង​៤០០​ដើម ហើយ​ទុក​សម្រាប់​ឱ្យ​ផ្លែ​នៅ​រដូវ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​មួយ​ចំនួន​ទៀត ។

គាត់​បាន​បញ្ជាក់​ទៀត​ថា ការ​ដាំ​តា​ង៉ែ​ន​នេះ មាន​រយៈពេល​ចាប់ពី​៣​ទៅ​៤​ឆ្នាំ​នៅ​លើ​ដី​ដែល​មិន​ជាំ​ទឹក ដោយ​ដាំ​ចន្លោះ​ពី​១​ដើម​ទៅ​១​ដើម ចម្ងាយ​ពី​គ្នា​ប្រវែង​៧​ទៅ​៨​ម៉ែត្រ ។ នៅ​ពេល​ដាក់​ឱ្យ​ផ្លែ ត្រូវការ​ថែទាំ​ស្រោច​ទឹក​២​ទៅ​៣​ថ្ងៃ​ម្តង បើ​ពុំ​ដូច្នោះ​ទេ​មិន​មាន​ផ្លែ​ល្អ​នោះ​ឡើយ ។ លើស​ពី​នេះ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក្រៅពី​ដាំពោត និង​ដំឡូង​មី ប្រជា​ពលរដ្ឋ​បាន​ងាក​ទៅ​ដាំ​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា ទំពាំង​បារាំង ទុរេន សាវម៉ាវ ត្រឡាច ល្ពៅ ល្ហុង ជា​ពិសេស​តា​ង៉ែ​ននេះ​តែ​ម្តង តែ​បញ្ហា​ទីផ្សារ​អាស្រ័យ​ទៅ​លើ​ឈ្មួញ​ជា​អ្នក​កំណត់​ដដែល ។ ដូច្នេះ​ហើយ​ពេល​ប្រមូល​ផល​ម្តង​ៗ ពួក​គាត់​តែង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​តម្លៃ​ដែល​មានការ​ធ្លាក់​ចុះ ព្រោះ​ជួនកាល​មិន​រួច​ថ្លៃ​ឈ្នួល​ដាំ ឬ​ឈ្នួល​កម្មករ​ដែល​ធ្វើការ​នៅ​ក្នុង​ចម្ការ​នោះ​ផង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បោះបង់​ការ​ដាំ​ដុះ ដោយ​លក់​ចម្ការ​ខ្ទេចខ្ទី ដើម្បី​យក​ប្រាក់​សងបំណុល​អង្គការ និង​ធនាគារ ៕