ខេត្តកំពត ៖ ពលរដ្ឋរាប់រយគ្រួសារកំពុងត្អូញត្អែរពីការខាតបង់ក្នុងការលក់គ្រាប់ពោតដែលមានតម្លៃថោក តែពេលទិញគ្រាប់ពីក្រុមហ៊ុនយកមកដាំបែរជាថ្លៃកប់ពពក គឺខុសថ្លៃគ្នាដាច់ស្រឡះ ។
ពលរដ្ឋនៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ បានរៀបរាប់ថា ពួកគាត់ជាច្រើនគ្រួសារបាននាំគ្នាជួលដីគេដាំពោតនៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ។
ក្រោយពីទទួលផល ពួកគាត់បានប្រឈមនឹងការខាតបង់ស្ទើរតែមិនគួរឱ្យជឿ ។ ពួកគាត់បានទិញគ្រាប់ពោតពូជពីក្រុមហ៊ុនក្នុងមួយគឺឡូក្រាមតម្លៃ២មឺុនរៀលយកទៅដាំ លុះបានផលលក់ទៅឲ្យក្រុមហ៊ុនវិញមួយគឺឡូក្រាមឱ្យតម្លៃត្រឹមតែ៧៥០រៀលទៅ៨០០រៀលប៉ុណ្ណោះ ។ នេះជាការធ្លាក់ថ្លៃដ៏គំហុកមួយដែលធ្វើឱ្យប្រជាកសិករមានការខាតបង់ធ្ងន់ធ្ងរនៅដើមឆ្នាំ២០១៧នេះ ។
ប្រជាពលរដ្ឋឈ្មោះ ញឹម ប៉ាន់ អាយុ៤៨ឆ្នាំ នៅភូមិត្រពាំងច្រនៀង ឃុំស្រែជា បានត្អូញត្អែរថា អ្នកភូមិជាច្រើនគ្រួសារបានចងការប្រាក់អង្គការម្នាក់ៗរាប់ពាន់ដុល្លារ យកមកធ្វើដើមទុនដាំពោត ដោយបានទិញគ្រាប់ពោតពូជពីក្រុមហ៊ុនផៃអូនៀ ក្នុងមួយគឺឡូក្រាមតម្លៃ២មឺុនរៀលហើយពួកគាត់បានជួលដីគេដាំមួយហិកតា៤០ម៉ឺនរៀល ។ លុះដាំបានផលយកមកលក់ឱ្យក្រុមហ៊ុនផៃអូនៀនោះវិញបែរជាគេអត់ទិញ គឺមានតែក្រុមហ៊ុនសីុភីជាអ្នកប្រមូលទិញយក ក្នុងមួយគីឡូក្រាមគ្រាប់តម្លៃតែ៧៥០ទៅ៨០០រៀលប៉ុណ្ណោះ ។
អ្នកភូមិបាននិយាយថា ការធ្លាក់ថ្លៃយ៉ាងគំហុកនេះធ្វើឱ្យពលរដ្ឋត្រូវខាតបង់ថវិកាធ្ងន់ធ្ងរ។ ពលរដ្ឋម្នាក់ទៀតឈ្មោះ គឹម យ៉ាន អាយុ៤៥ឆ្នាំ បានអំពាវនាវទៅក្រសួងពាក់ព័ន្ធជួយសម្រួលតម្លៃជូនប្រជាពលរដ្ឋផងបើមិនមានទីផ្សារច្បាស់លាស់ទេ អ្នកស្រុកដែលមានតែមុខរបរដាំពោតនេះច្បាស់ជារត់ចោលស្រុកអស់ហើយ ។
ពលរដ្ឋឈ្មោះ គឹម ដា បានសុំឱ្យក្រុមហ៊ុនផៃអូនៀដែលលក់គ្រាប់ពោតពូជសូមបញ្ចុះតម្លៃខ្លះផង ព្រោះទិញពីក្រុមហ៊ុនថ្លៃ ហើយនៅពេលទទួលបានផល ប្រជាកសិករយកមកលក់ឱ្យក្រុមហ៊ុនដើមវិញបែរជាមិនទិញ ទៅឱ្យក្រុមហ៊ុនឈ្មោះ ស៊ី ភី ជាអ្នកប្រមូលទិញទៅវិញ ។
ទោះជាបែបណាអ្នកភូមិជាច្រើនគ្រួសារបានធ្វើជង្រុកដាក់ពោតទុកស្ទើរតែគ្រប់ផ្ទះរង់ចាំពោតឡើងថ្លៃទើបលក់ តែពួកគាត់ត្រូវប្រឈមនឹងការខ្វះខាត ត្រូវរកប្រាក់បង់ការប្រាក់កម្ចី ។
ការកាប់បំពង់រង់ចាំទឹកភ្នែកនេះមិនដឹងថា ពេលណាពោតឡើងថ្លៃនោះទេ ។
លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទេខេត្តកំពត បានប្រាប់ឱ្យដឹងថា ផ្ទៃដីសម្រាប់ដាំពោតគ្រាប់សមានចំនួន៧៧០ហិកតា និងពោតក្រហម៥១៨ហិកតានៅក្នុងស្រុកដងទង់ និងស្រុកឈូក ។
លោកប្រធានមន្ទីរកសិកម្មចាត់ទុកថា ការលក់គ្រាប់ពោតពូជមួយគីឡូក្រាមតម្លៃ២ម៉ឺនរៀលដូចជាថ្លៃជ្រុលពេកហើយ ៕
ចែករំលែកព័តមាននេះ