ខេត្តកំពង់ចាម ៖ សកម្មភាពរថយន្តដឹកដីកាត់តាមផ្លូវក្នុងភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ដោយមិនបានគ្របនោះទេ ថែមទាំងបានបង្កឲ្យហុយឡើងទ្រលោម បង្កឲ្យមានផលវិបាកក្នុងការដកដង្ហើមថែម
ទៀតផង ។
កត្តានេះត្រូវបានគេមើលឃើញ ដោយសារតែភ្លេចស្រោចទឹក ហើយក៏មានស្ពានបេតុង កាត់ទទឹងប្រឡាយក៏មានស្នាមប្រេះ សង្ស័យដោយសារតែមានរថយន្តដឹកដីធំៗបើកឆ្លងកាត់ញឹកញាប់ពេកនោះ ប្រសិនបើមិនមានវិធានការចំណាត់ការណាមួយពីអាជ្ញាធរនោះស្ពានសម្រាប់មនុស្សដើរឆ្លងកាត់ អាចនឹងត្រូវបាក់ស្រុតនៅពេលណាមួយមិនខាន ។
ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៨ថា ផ្លូវដីកាត់តាមមុខផ្ទះ ពួកគាត់ប្រសិនបើធ្វើដំណើរតាមមធ្យោបាយកង់ម៉ូតូធម្មតា នោះមិនហុយនោះទេ ហើយ អង្គុយក្នុងផ្ទះទទួលទានអាហារដោយស្រួលថែមទៀត ។ តែមានរថយន្តជាច្រើនគ្រឿងបានដឹកអាចម៍
ដីមកពីស្រែមានចម្ងាយពីផ្ទះរបស់ពួកគេកាត់ប្រហែលជិត១គីឡូម៉ែត្រ ដោយមានគ្រឿងចក្រ១គ្រឿងបានចូកកាយដីដាក់លើរថយន្ត ដើម្បីលក់ឲ្យអ្នកភូមិផ្សេងទៀត ។
ប្រជាពលរដ្ឋបានប្រាប់បន្តថា ចាប់តាំងពីពេលដែលមានសកម្មភាពរថយន្តដឹកដី មកដល់ថ្ងៃទី០៣ ខែកុម្ភះនេះ គឺបាន៤ថ្ងៃហើយដឹ កទាំងព្រឹកល្ងាចតែម្តង ។ តែការដឹកនោះមិនបានគ្រប និងចាក់ទឹកលើថ្នល់ ដើម្បីការពារកុំឲ្យហុយលើពលរដ្ឋនោះទេ ក្នុងពេលដែលមានរថយន្តដឹកដី បើកកាត់តាមមុខផ្ទះ របស់ពួកគាត់ ថែមទាំងបានប្រើប្រាស់ល្បឿនលឿន ជាហេតុធ្វើឲ្យដីប៉ើងហុយឡើងទ្រលោម អ្នកដែលជិះកង់ និងម៉ូតូពីក្រោយនឹងត្រូវឈ្លក់ដោយសារតែដីនោះ ។ មិនតែប៉ុណ្ណោះទេ សូម្បីតែក្នុងផ្ទះក៏ត្រូវដីហុយប៉ើងចូលទៅប្រឡាក់ឡើងស្រមូស ពេលខ្លះអង្គុយហូបបាយដីប៉ើងមកចូលចានក៏មានដែរ ។ អ្វីដែលពួកគាត់មើលឃើញនោះ គឺការស្រោចទឹកមានកំរិតតិចបំផុត សូមស្នើដល់ម្ចាស់គ្រឿងចក្រមេត្តាស្រោចទឹកឲ្យបានសើមដីផង ការពារកុំឲ្យហុយលើគេឯង និងបង្កឲ្យមានផលប៉ះពាល់ផ្លូវដង្ហើមថែមទៀត ។
លោកម៉ន ម៉ៃ មេឃុំក្រូចមានប្រសាសន៍តាមទូរស័ព្ទឲ្យដឹងនៅរសៀលថ្ងៃទី០៤ ខែកុម្ភះថា រូបលោកមិនដឹងថា ក្រុមរថយន្តដឹកដីទាំងនោះមានថៅកែឈ្មោះអ្វីទេ ហើយតាមមេភូមិកន្លងមកធ្លាប់បានណែនាំឲ្យអ្នករកស៊ីដឹកត្រូវតែស្រោចទឹកព្រឹកល្ងាចឲ្យបាន២ដង ដើម្បីជាសវាងការពារកុំឲ្យហុយលើពលរដ្ឋ ។ ក្នុងករណីនេះរូបលោកនឹងឲ្យសមត្ថកិច្ចទៅពិនិត្យ រួមទាំងស្ពានដែលថាប្រេះនោះ រកមូលហេតុមកពីអ្វី ។
បើយោងតាមចរាចរណ៍របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងឋាមពលលេខ០៣១០ ត្រង់ចំណុចទី៣បានបញ្ជាក់ថា អាជីវករក្រុមហ៊ុនត្រូវចូលរួមក្នុងការថែរក្សាផ្លូវ ដែលខ្លួនបានប្រើប្រាស់ក្នុងការដឹកជញ្ជូនសំណង់ចេញពីការដ្ឋាន ឫដេប៉ូរបស់ខ្លួន ដោយធ្វើការស្រោចទឹកជាប្រចាំ ដោយមិនបង្កឲ្យមានការរំខានដោយសារធូលីហុយ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឫអ្នកធ្វើដំណើរតាមដងផ្លូវនោះ ៕
ចែករំលែកព័តមាននេះ