ខេត្តប៉ៃលិន ៖ គេសង្កេតឃើញមានប្រជាកសិករ១គ្រួសារ រស់នៅក្នុងភូមិដីក្រហម សងា្កត់អូរតាវ៉ៅ ក្រុងប៉ៃលិន បើទោះបីជា ពួកគេមានភាពរវល់ មមាញឹកយ៉ាងណាក៏ដោយនៅតែខិតខំប្រឹងប្រែងដាំបន្លែបន្ទាប់បន្សំបន្ថែមទៀតជាច្រើនដើម្បីបានផល យកទៅលក់បានប្រាក់កម្រៃសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃជាទីពេញចិត្តដោយបន្ទាប់ពីពួកគេបានដាំដំណាំដំឡូងមី និងដំណាំតាង៉ែនហៅមៀនប៉ៃលិនរួចមក ពួកគេបានដាំបន្លែត្រសក់ទ្រើង និងបន្លែសណ្តែកកួ បេះលក់បានប្រាក់យ៉ាងរំភើយ គ្មានជំពាក់នរណាម្នាក់ឡើយ ។
បើតាមការរៀបរាប់ពីប្រជាកសិករម្នាក់ ឈ្មោះ កក វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធ ឈ្មោះ ជីប ទូច អាយុ៣៩ឆ្នាំ មានកូនចំនួន៣នាក់ ប្រុស២ និងស្រី១ ពួកគាត់មានស្រុកកំណើតរស់នៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបច្ចុប្បន្នរស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជាកសិករ ដាំដំឡូងមីចំនួន៦ហិកតា និងដាំដើមតាង៉ែនចំនួន ៤០០ដើម ។ ប្រភពបន្តទៀតថា បន្ទាប់ពីដាំដំណាំដែលមានរយៈពេលយូរដូចខាងលើ ដែលមិនអាចរកអ្វីជាចំណូលសម្រាប់ ជីវភាពប្រចាំថ្ងៃបានពួកគាត់បានរកជួលដីប្រជាពលរដ្ឋទំនេរដែលមានតម្លៃថោក យកមកដាំបន្លែ ដែលមានរយៈពេលខ្លីអាច ទទួលផលលក់ដូរយកប្រាក់មកផ្គត់ផ្គង់គ្រួសារ គឺពួកគាត់បានដាំនៅក្បែរមាត់អូរសង្កាត់អូរតាវ៉ៅ ដោយដាំត្រសក់ទ្រើងចំនួន ២៥ទ្រើង និងដៃសណ្តែកកួរចំនួន១០ទ្រើង ហើយតាំងពីដាំរហូតមកដល់ពេលទទួលផលនេះមានរយៈពេលប្រហែល២ខែ ។ បច្ចុប្បន្ននេះពួកគាត់បេះសណ្តែកនិងត្រសក់លក់ក្នុង១ថ្ងៃ យ៉ាងតិច១០ទៅ២០គីឡូក្រាមហើយសណ្តែកកួរក្នុង១គីឡូក្រាម គាត់លក់ បានថ្លៃ២៥០០រៀល និងត្រសក់ទ្រើង១គីឡូក្រាមលក់ថ្លៃ១៤០០រៀល ។ ពួកគាត់បញ្ជាក់ថា នៅឆ្នាំនេះសណ្តែកនិង ត្រសក់ទ្រើងលក់ថ្លៃគ្រាន់បើ ដោយកាលពីឆ្នាំមុនគាត់លក់បានត្រឹមតែ១គីឡូក្រាម១០០០រៀលប៉ុណ្ណោះ ជួនកាលក៏ចុះថោក ជាងនេះផងដែរ ដោយសារមានបន្លែជាច្រើនត្រូវបានគេនាំចូលមកពីស្រុកសំឡូត និងស្រុកកំរៀងខេត្តបាត់ដំបង ។
ពួកគាត់បញ្ជាក់ទៀតថា កាលពីប៉ុន្មានខែកន្លងផុតទៅគាត់បានដាំស្ពៃក្តោប១ម៉ឺនគុម្ព តែដោយសារស្ពៃចុះថោកខ្លាំងធ្វើឱ្យគាត់ រង់ចាំមើលតម្លៃទីផ្សារខ្ពស់ ដោយទុកស្ពៃទាំងនោះនៅក្នុងចម្ការយូរបណ្តាលឱ្យរលួយខូចអស់ជាងពាក់កណ្តាលហើយក៏ខាត អស់ជាច្រើនដែរ ។ តែទោះបីជាបន្លែធ្លាក់ថោកយ៉ាងណាគាត់នៅតែតស៊ូដាំបន្ថែមទៀត ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ខ្លួន ។ ម្យ៉ាងវិញទៀតបើពួកគាត់ដាំផ្ទាល់ដៃខ្លួនឯងមិនសូវប្រើជីគីមី នោះទេ ដោយប្រើជីតាមលក្ខណៈ ធម្មជាតិ ព្រោះដីនៅមាត់អូរ សង្កាត់អូរតាវ៉ៅមានជីជាតិច្រើន ធ្វើឱ្យដំណាំដុះលូតលាស់បានយ៉ាងល្អថែមទៀតផង ។ ដូច្នេះ គាត់សូមលើកទឹកចិត្តដល់បង ប្អូនប្រជាកសិករដែលមានដីទំនេរសល់នៅតាមមាត់អូរដែលមានទឹកត្រូវខិតខំដាំដុះដោយខ្លួ នឯងមិនត្រូវពឹងផ្អែកទៅលើការទិញបន្ថែមកពីកន្លែងផ្សេងឡើយ គឺដើម្បីកាត់បន្ថយការចំណាយច្រើននៅក្នុងគ្រួសារ ហើយនិងហូបបន្លែខ្លួនឯងដែលគ្មានរសជាតិគីមីផងដែរ ។
ចែករំលែកព័តមាននេះ