ខេត្តប៉ៃលិន ៖ សាវម៉ាវជាឈ្មោះរុក្ខជាតិហូបផ្លែមួយប្រភេទ ដែលមានស្លឹកស្រដៀងទៅនឹងបំពេញរាជ តែមានស្លឹកតូចៗ ជាងបំពេញរាជ ហើយផ្លែវាមានលក្ខណៈជាចង្កោម សំបកផ្លែមានព្រុយស្មាញ គេបរិភោគវាជាចំណី ដោយសាច់ខ្លះមាន រសជាតិជូរអែម ខ្លះទៀតរសជាតិផ្អែមឆ្ងាញ់, ជារុក្ខជាតិមានប្រយោជន៍ គួរដាំឲ្យក្រាស់ក្រែលក្នុងស្រុក ។ ជាក់ស្តែងនៅក្នុងចម្ការ មួយកន្លែងស្ថិតនៅចំណុចក្បែររមណីយដ្ឋានអាងជីងចក់ ក្នុងភូមិអូរចា្រលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន មានដំណាំសាវម៉ាវ ជាច្រើនដើម ហើយកំពុងតែទទួលផលជាបណ្តើរៗពីដំណាំនេះ ។
បើតាមសម្តីបុរសម្នាក់ ឈ្មោះ រឿន សក្តា អាយុ២៦ឆ្នាំ ប្រពន្ធឈ្មោះ ឃិន ស៊ីណាត អាយុ២៣ឆ្នាំ ជាមេការមើលខុសត្រូវឱ្យ ក្រុមហ៊ុនដំណាំកសិកម្មឯកជនខាងលើ បានរៀបរាប់ឱ្យដឹងថា នៅក្នុងចម្ការខាងលើនេះ មានផ្ទៃដីទាំងអស់ទំហំចំនួន១៦ ហិកតា ក្នុងនោះមានដាំដំណាំជាច្រើនប្រភេទ ដូចជា ស្វាយប្រហែល២០០ដើម ធុរេនជាង៦០ដើម តាង៉ែន(ហៅមៀនប៉ៃលិន) ជាង៦០ដើម ខ្នុរជាង៣០ដើម ដើមអំពិលផ្អែមជាង៣០ដើម និងដំណាំសាវម៉ាវជាង២០០ដើម ហើយដំណាំទាំងនេះសុទ្ធតែ បានទទួលផលជារៀងរាល់ឆ្នាំ លើកលែងតែដើមធុរេនដែលទើបតែយកមកដាំបានប៉ុន្មានឆ្នាំមិនទាន់ទទួលផលនៅឡើយទេ ។ ទាំងពីរនាក់ប្តីប្រពន្ធបានរៀបរាប់បន្តឱ្យដឹងទៀតថា ដីចម្ការដំណាំទាំងនេះ ត្រូវបានក្រុមហ៊ុនប្រគល់ឱ្យបុរសម្នាក់ ឈ្មោះ ចាវ ខាន់ នាយករងរដ្ឋបាលសាលាខេត្ត ជាអ្នកគ្រប់គ្រង ដោយជួលពួកគេទាំងពីរនាក់ឱ្យទៅដេកចាំថែរក្សា ហើយជាដីដែល ថៅកែបានទិញពីម្ចាស់ដើមម្នាក់ផ្សេងទៀត ។
ទាក់ទិនទៅនឹងដំណាំកសិកម្មនៅក្នុងចម្ការដ៏ធំមួយនេះ លោក ចាវ ខាន់ ជាអ្នកគ្រប់គ្រងបានរៀបរាប់ឱ្យដឹងថា មានដំណាំ ច្រើនមុខដែលដាំនៅក្នុងចម្ការខាងលើ ប៉ុន្តែដំណាំដែលទទួលផលនៅពេលនេះគឺផ្លែសាវម៉ាវ ដោយដំណាំនេះបានចាប់ ផ្តើមចេញផ្កានៅដើមខែមីនា ២០១៤ រហូតមកដល់ដើមខែមិថុនា ដំណាំមួយនេះបានទុំមួយចំនួន ហើយត្រូវមេការនៅក្នុង ចម្ការនេះ កាត់លក់ឱ្យភ្ញៀវដែលចូលទៅទិញដល់ក្នុងចម្ការ បានប្រហែល៥០០គីឡូក្រាមមកហើយ ដោយនៅសល់ផ្លែជា ច្រើនទៀត ដែលកំពុងតែទុំជាបណ្តើរៗ ។
ប្រភពបន្តទៀតថា តាំងពីទិញដីចម្ការនិងដំណាំទាំងនេះរួចមករហូតមកដល់ពេលនេះបានរយៈពេល២ឆ្នាំមកហើយ ហើយក៏ទើបតែទទួលបានផលបានចំនួនពីរដងដែរ ។ បើនិយាយពីសាវម៉ាវកាលពីឆ្នាំ២០១៣កន្លងមកទទួលផលបានចំនួនជាង១០តោន ដោយលក់ដុំ១គីឡូក្រាមលក់ថ្លៃ៣៥០០រៀល បើលក់រាយ១គីឡូក្រាមថ្លៃ៥០០០រៀល ។ ចំណែកនៅឆ្នាំថ្មីនេះ ខាងអ្នកមើលការខុសត្រូវក្នុងចម្ការ ទើបតែកាត់លក់បានប្រហែល៥០០គីឡូក្រាមប៉ុណ្ណោះ ដោយក្នុង១គីឡូក្រាមលក់ដុំថ្លៃ២៥០០រៀល និងលក់រាយ១គីឡូក្រាមថ្លៃ៤០០០រៀល ហើយម៉ូយទិញហ៊ានឱ្យតម្លៃថោក ព្រោះថា សាវម៉ាវថៃបានចូលមកតាមច្រកព្រំដែនជាច្រើន ដោយគេលក់ក្នុងតម្លៃថោកៗ ត្រឹម តែ១គីឡូក្រាម២០០០ទៅ២៥០០រៀលប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត តាមដែលលោកប៉ាន់ស្មាននៅឆ្នាំនេះ អាចទទួលបានរហូតដល់៣០តោនគឺកើនឡើងជាងឆ្នាំមុន ហើយឈ្មួញដែលគេមកទិញមានអ្នករស់នៅខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងមកពីរាជធានីភ្នំពេញផងដែរ ព្រោះពួកគេបើកបររថយន្តមកលេងនៅរមណីយដ្ឋានអាងជីងចក់ក៏ឈាងចូលទិញទៅផ្ញើបងប្អូននៅស្រុកកំណើត ។ លោកបានបញ្ជាក់ថាសាវ ម៉ាវនៅក្នុងចម្ការមួយនេះ តាមដែលលោកភ្លក់រសជាតិ ឃើញថា មានសភាពខុសប្លែកពីសាវម៉ាវដទៃបន្តិច ព្រោះមានរសជាតិផ្អែមមុត និងមានក្លិនឈ្ងុយមានគ្រាប់តូចងាយស្រួលក្នុងការទទួលទាន ។
លោកចាវ ខាន់ ក៏បានប្រាប់ពីរបៀបប្រើប្រាស់ទឹកស្រោចស្រពទៅលើដំណាំទាំងអស់ ក្នុងចម្ការផងដែរ ដោយគាត់បានឱ្យជាងតទុយយ៉ូបង្ហូរទឹកចេញពីក្បាលទឹករមណីយដ្ឋានអាងជីងចក់ ដែលមានរយៈចំងាយប្រហែល១៥០០ម៉ែត្រ ទើបដល់ចម្ការ ហើយទឹកនេះអាចហូរទៅស្រោចដំណាំចម្ការគ្រប់ពេលវេលា ដោយគាត់អត់មានប្រើប្រាស់ម៉ាស៊ីនបូមទឹកនោះទេ ព្រោះនីវ៉ូទឹកខាងលើខ្ពស់ជាងដីចម្ការប្រហែល៤ទៅ៥ម៉ែត្រឯណោះ ។ នៅរដូវប្រាំងមានការហូរខ្សោយបន្តិច ព្រោះពុំសូវមានទឹកភ្លៀងធ្លាក់ចូលបន្ថែម តែទោះបីជាបែបនេះក៏នៅតែអាចបើកបាញ់ស្រោចគល់ដំណាំទាំងនោះបានមិនរអាក់រអួលនោះឡើយ ។
សូមបញ្ជាក់ថានេះជាលើកទី១ហើយ ដែលកសិករប្រើកម្លាំងទឹកភ្នំ ដោយប្រើទុយយ៉ូ ដាក់បង្ហូរស្រោចដំណាំនៅក្នុងខេត្តប៉ៃលិន ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងម៉ាស៊ីន ដែលចំណាយប្រេងសាំងអស់ច្រើននោះឡើយ ។
ចែករំលែកព័តមាននេះ