ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេឡារុស្ស បណ្តេញឯកអគ្គរដ្ឋទូត​បារាំងចេញ

2 ឆ្នាំ មុន

ឯកអគ្គរដ្ឋទូបារាំងប្រចាំប្រទេសបេឡារុស្ស បានចាកចេញពីប្រទេសនេះ ក្រោយពេលរដ្ឋាភិបាលបេឡារុស្សបានបណ្តេញលោកចេញ។

បេឡារុស្ស ៖ ឯកអគ្គរដ្ឋទូបារាំងប្រចាំប្រទេសបេឡារុស្ស បានចាកចេញពីប្រទេសនេះ ក្រោយពេលរដ្ឋាភិបាលបេឡារុស្សបានបណ្តេញលោកចេញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃច័ន្ទនេះ។

អ្នកនាំពាក្យស្ថានទូបារាំងបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូ Nicolas de Lacoste បានចាកចេញពីប្រទេសបេឡារុស្សកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយពេលលោកត្រូវបានបញ្ជាឲ្យចាកចេញឲ្យបានមុនថ្ងៃច័ន្ទ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានលើកឡើងថា លោក Nicolas de Lacoste មិនបានផ្តល់លិខិតបញ្ជាក់អត្តសញ្ញារបស់លោកដល់ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko។

បារាំង និងប្រទេសក្នុងតំបន់អ៊ឺរ៉ុបមួយចំនួនទៀតមិនទទួលស្គាល់លោក Alexander Lukashenko ជាប្រធានាធិបតីសម្រាប់អាណត្តិទី ៦របស់លោកឡើយក្រោយការបោះឆ្នោតកាលពីខែសីហាកន្លងទៅ ចំពេលមានការអះអាងជាច្រើនអំពីការលួចបន្លំសន្លឹកឆ្នោត។

នៅក្នុងសេចក្តីប្រកាស អ្នកនាំពាក្យស្ថានទូតបារាំងបាននិយាយថា “ក្រសួងការបរទេសបេឡារុស្សបានទាមទារឲ្យឯកអគ្គរដ្ឋទូបារាំងចាកចេញពីប្រទេសមុនថ្ងៃទី ១៨ ខែតុលានេះ”។

សហភាពអ៊ឺរ៉ុបបានប្រកាសជាថ្មីម្តងទៀតថា ខ្លួនមិនចាត់ទុកការបោះឆ្នោតកាលពីខែសីហាថាមានសេរីភាព និងយុត្តិធម៌ឡើយ និងបានដាក់ទណ្ឌកម្មលើរបបរបស់លោកប្រធានាធិបតី Alexander Lukashenko។

ក្រោយការបោះឆ្នោតប្រធានាធិបតីរូបនោះ បានធ្វើការបង្រ្កាបទៅលើអ្នកប្រឆាំងនៅក្នុងប្រទេស បន្ទាប់ពីមានការផ្ទុះការតវ៉ាជាប្រវត្តិសាស្រ្តប្រឆាំងនឹងការដឹកនាំរបស់គាត់។

ប៉ុន្តែ ទោះបីជាមានទណ្ឌកម្មពីប្រទេសលោកខាងលិចក្តី រហូតមកដល់ពេលនេះលោកនូវតែបង្រ្កាបរាល់ការប៉ុនប៉ងទម្លាក់រូបលោកចេញពីអំណាច និងរីករាយចំពោះការគាំទ្រសម្ព័ន្ធមិត្តគឺប្រធានាធិបតីរុស្សី Vladimir Putin។

លោក Alexander Lukashenko វ័យ ៦៧ឆ្នាំដែលដឹកនាំប្រទេសបេឡារុស្សចាប់តាំងពីឆ្នាំ ១៩៩៤មក បានឆ្លើយតបដោយធ្វើការចោទប្រកាន់រដ្ឋាភិបាលអ៊ឺរ៉ុបថាបានញុះញង់ឲ្យមានការតវ៉ា ហើយរដ្ឋាភិបាលលោកផ្តាច់ទំនាក់ទំនងជាមួយប្រទេសលោកខាងលិចមួយចំនួនក្នុងរយៈពេលប៉ុន្មានខែនេះ៕ (យោងតាមប្រភព៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ