ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​នៃ​ការ​ចិញ្ចឹម​មាន់​ឱ្យ​ឆាប់​ធំធាត់​និង​មិន​ងាប់

6 ឆ្នាំ មុន

ជា​ទូទៅ កសិករ​ធ្លាប់​ចិញ្ចឹម​មាន់​តាម​ទម្លាប់​ដោយ​លែងឱ្យ​ដើរ​ស៊ីចំណី​គ្រប់​ទីកន្លែង ដែល​ធ្វើ​ឱ្យ​មាន់​មិន​បាន​ទទួល​ការ​ថែបំប៉ន និង​ឆាប់​ឆ្លង​ជំងឺ ។ ដោយឡែក បងប្រុស សាយ ច​ន្ថា គាត់​បាន​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ…

ជា​ទូទៅ កសិករ​ធ្លាប់​ចិញ្ចឹម​មាន់​តាម​ទម្លាប់​ដោយ​លែងឱ្យ​ដើរ​ស៊ីចំណី​គ្រប់​ទីកន្លែង ដែល​ធ្វើ​ឱ្យ​មាន់​មិន​បាន​ទទួល​ការ​ថែបំប៉ន និង​ឆាប់​ឆ្លង​ជំងឺ ។ ដោយឡែក បងប្រុស សាយ ច​ន្ថា គាត់​បាន​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ ដោយ​ចាប់ផ្តើម​ពី​មេ​៤​ក្បាល និង​បា​១​ក្បាល ។ បច្ចុប្បន្ន​កើន​ដល់​មេ​១០​ក្បាល និង​បា​៣​ក្បាល និង​មាន់​ជំទង់​៥០​ក្បាល ។

បងប្រុស សាយ ច​ន្ថា រស់នៅ​ភូមិ​ស្តុក​កប្បាស ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជា​កសិករ​សហការ​ជាមួយ​គម្រោង​កែ​លម្អ​កម្រិតជីវភាព​សហគមន៍ (CLIP) អនុវត្ត​ដោយ​អង្គការ​សេ​ដាក ។

បច្ចេកទេស​ដែល​បងប្រុស​បាន​អនុវត្ត​មាន​ដូច​ជា ៖
១-​ការ​ជ្រើសរើស​មាន់​ចិញ្ចឹម ៖ ក្នុង​ការ​ជ្រើសរើស​ពូជ​មក​ចិញ្ចឹម គាត់​បាន​ទិញ​មេ និង​បា ពី​អ្នក​ក្នុងភូមិ ដែល​មាន​មាឌធំ ឆ្អឹង​ធំ រាង​ថ្លោស ដំណើរ​រហ័សរហួន ។

២-​ការ​ធ្វើ​ទ្រុង និង​ទីធ្លា​ចិញ្ចឹម​មាន់ ៖ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ទីធ្លា ដែល​មាន​ទំហំ​៣០​ម៉ែត្រ​x២០​ម៉ែត្រ  ហើយ​នៅ​ក្នុង​ទីធ្លា មាន​រណ្តៅ​ជី​កំ​ប៉ុ​ស្ត សម្រាប់​មាន់​កាយ​រក​ចំណី ។ ក្រៅពី​នេះ គាត់​មាន​ដាំ​ដើមឈើ​ជា​ម្លប់ មាន​ចេក ដូង ស្វាយ ស្វាយចន្ទី ដំឡូង​មី ដើម​ទឹកដោះ នៅ​ក្នុង​ទីធ្លា​ផង​ដែរ ។ ចំពោះ​ទ្រុងមាន់​ដេក មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៣​ម៉ែត្រ ធ្វើ​ពី​ឫស្សី ។ នៅ​ក្នុង​ទ្រុង​នោះ មាន​សម្បុកមាន់​៦ ទុក​ឱ្យ​មេមាន់​ពង​បាន​គ្រប់​ក្បាល ចៀសវាង​ការ​ដណ្តើម​សម្បុក​គ្នា ។

៣-​ការ​ផ្តល់​ចំណី​និង​ទឹក​សម្រាប់​មាន់ ៖ ចំពោះ​ចំណី​ដែល​គាត់​បាន​ផ្តល់​ឱ្យ​មាន់​មាន ស្រូវ កន្ទក់ ចុងអង្ករ សរុប​៥​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ព្រមទាំង​មាន​ស្មៅ​ខ្ចី​ដែល​មាន់​អាច​រក​ស៊ី​បាន នៅ​ក្បែរ​ផ្ទះ​ក្នុង​ខែវស្សា ។ ចំណែក​ខែប្រាំង មាន​ត្រកួន​ដែល​ដាំ​ដោយ​ខ្លួនឯង​នៅ​ក្បែរ​ផ្ទះ ។ បរិមាណ​ចំណី​ខាងលើ​សម្រាប់​ផ្តល់​ឱ្យ​មាន់​មេ​ចំនួន​១០​ក្បាល កូន​៥០​ក្បាល និង​បា​៣​ក្បាល ។

របៀប​លាយ​ចំណី ៖ យក​ធាតុ​ផ្សំ​ទាំងអស់​ទៅ​កិន ឬ​បុក​លាយ​បញ្ចូល​គ្នា មុន​នឹង​ដាក់​ឱ្យ​មាន់​ស៊ី ។ ចំណែក​ចំណី​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​ស្នូក​ចំណី ឬ​ក្រាល​ការុង​ពីក្រោម ។ មួយ​ថ្ងៃ​ឱ្យ​ស៊ី​៣​ដង នៅ​ពេល​ព្រឹក រសៀល និង​ល្ងាច ។

ទឹក ៖ គាត់​ដាក់​ទឹក​ស្អាត​ឱ្យ​មាន់​ជា​ប្រចាំ ដោយ​យក​គល់​ខ្ទឹម ឬ​ស្លឹកគ្រៃ ត្រាំ​ឱ្យ​មាន់​ផឹក​ក្នុង​ស្នូក​ទឹក និង​ប្តូរ​ទឹក​ចេញ​រៀង​រាល់​២​ថ្ងៃ​ម្តង ។

៤-​ការ​ថែទាំ​និង​ធ្វើ​អនាម័យ ៖ គាត់​បាន​រៀបចំ​សម្បុក​ឱ្យ​មាន់​មេ​ៗ​ក្រាប​ពង ។ ដើម្បី​ការពារ​សត្វ​ស្រមើល គាត់​បាន​ដាក់​ចំបើង​ក្រាល​បាត​សម្បុក លាយ​ជាមួយ​ស្លឹក​ទន្ទ្រានខែត្រ និង​សាវម៉ាវ​ព្រៃ (​ហាលថ្ងៃ​ឱ្យ​ស្ងួត​បន្តិច​) ។ ក្រោយ​ពី​មាន់​ក្រាប​ពង​បាន​៤-៥​ថ្ងៃ គាត់​បង្វិល​ពងមាន់​១​ថ្ងៃ​ម្តង ដើម្បី​ឱ្យ​វា​ញាស់​ស្រុះគ្នា ។ នៅ​ពេល​កូន​មាន់​ញាស់ គាត់​បាន​ក្រុង​កូន​មាន់​១​អាទិត្យ​ជាមួយ​មេ ដោយ​ផ្តល់​បាយ​ត្រាំ​ទឹក​ឱ្យ​កូន​មាន់ (១​ថ្ងៃ​កន្លះ ក្រោយ​កើត​) និង​ផ្តល់​ទឹក​ស្អាត ហើយ​លែង​កូន​មាន់​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ នៅ​ម៉ោង​៨-៩​ព្រឹក រយៈពេល​១៥​នាទី ដើម្បី​ឱ្យ​វា​រឹង​ប៉ឹង មាន​សុខភាព​ល្អ ។ មាន់​អាយុ​៣​អាទិត្យ ចាប់ផ្តើម​មាន​ព្រូន ដូច្នេះ​គាត់​បាន​ទម្លាក់​ព្រូន​មាន់ ដោយ​ប្រើ​ស្លា​ខ្ចី ចិត​យក​សាច់​ស្តើង​ៗ​បញ្ច្រក​មាន់ (​មាន់​១៣​ក្បាល បញ្ច្រក​ស្លា​១​ផ្លែ និង​ធ្វើ​រៀង​រាល់​២​ខែ​ម្តង​) ។

៥-​លទ្ធផល ៖ បន្ទាប់​ពី​ការ​ចិញ្ចឹម​មាន់​តាម​ប្រពលវប្បកម្ម​គោលការណ៍​ធម្មជាតិ​មក គាត់​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ច្រើន​ជាង​ការ​ចិញ្ចឹម​តាម​ទម្លាប់ ព្រោះ​មាន់​មិនសូវ​ងាប់ ហើយ​ឆាប់​ធំធាត់ ។ ក្រៅពី​ការ​ហូប​ចុក​ក្នុង​គ្រួសារ ក្នុង​មួយ​ឆ្នាំ​គាត់​លក់​បាន​២​ដង សរុប​៤០​ក្បាល និង​បាន​ប្រាក់​៣៦០.០០០​រៀល (​តម្លៃ​កាល​ឆ្នាំ​២០០៦) ។

៦-​ចំណុច​គួរ​កែ​លម្អ​លើ​ការ​ចិញ្ចឹម​មាន់ ៖ បងប្រុស​មានការ​ចិញ្ចឹម​មាន់បាន​ល្អ ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះ​ដូច​ជា ៖

– មិន​គួរ​បង្កាត់ ដោយ​យក​បា​ដែល​បាន​ពី​ការ​ទុក​ពូជ​កូន​ក្នុង​សម្បុក មក​បង្កាត់​ជាមួយ​មេ​របស់​វា​ដដែល ធ្វើ​ឱ្យ​ជាន់​ឈាម ។ ត្រូវ​បង្កាត់​បា​ដែល​មិនមែន​ជា​សាច់ញាតិ​គ្នា ទោះជា​មើលទៅ វា​មាន​សុខភាព​ល្អ​ក៏​ដោយ ។

– គួរ​ផ្តល់​ចំណី​បន្ថែម​ដូច​ជា ជន្លេន សាច់​ក្តាម ខ្យង ខ្ចៅ កណ្តៀរ សត្វល្អិត ចក​បាយ​ទា ក​ន្ធំ​ថេ​ត ស្លឹក​ដំឡូង​មី ដំឡូងជ្វា ព្រលិត ត្រកួន អង្គាដី ស្លឹក​ងប់ ផ្ទី ម្រំ កាកដូង កាក​ស្ករ ដើម​ចេក ។​ល​។

– គួរ​បោសសម្អាត​ទ្រុង​ឱ្យ​បាន​ទៀងទាត់ ជា​ពិសេស​នៅ​ខែ​ធ្លាក់​ភ្លៀង ព្រោះ​មាន់​ងាយ​កើត​ជំងឺ ។

– នៅ​ពេល​មាន់​ងាប់ ត្រូវ​យក​ទៅ​កប់ ឬ​ដុត​ចោល​នៅ​ឆ្ងាយ​ពី​ផ្ទះ និង​ប្រភព​ទឹក (​ជីករណ្តៅ​ជម្រៅ​កន្លះ​ម៉ែត្រ​ទៅ​១​ម៉ែត្រ ហើយ​កប់​ដោយ​មាន​ស្រះ​បន្លា ការពារ​សត្វ​ផ្សេង​ៗ​កាយ ឬ​អាច​បាច​កំបោរ​.​ស​ពីលើ ដើម្បី​រម្ងាប់​មេរោគ​) ។

– ត្រូវ​ក្រុងមាន់​ថ្មី ដែល​ទើប​ទិញ​មក ឱ្យ​បាន​១-២​ស​ប្តា​ហ៍ មុន​បញ្ចូល​ជាមួយ​មាន់​ចាស់ ដើម្បី​តាមដាន​ជំងឺឆ្លង​មាន់ (​បើ​មាន​ជំងឺឆ្លង វា​នឹង​បញ្ចេញ​រោគ​សញ្ញា ក្នុង​កំឡុង​ពេល​នេះ )​ម្យ៉ាងទៀត ធ្វើ​ឱ្យ​មាន់​ស៊ាំ​នឹង​ទីកន្លែង​ថ្មី​ផង ៕