ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ធ្វើ​ស្រូវ ប​.​វ​.​ស ដោយ​ប្រើ​ជី​កំ​ប៉ុ​ស្ត​ទឹក​មិន​ប្រើ​ជីគីមី

6 ឆ្នាំ មុន

លោកពូ ជុំ លន ជា​កសិករ រស់នៅ​ភូមិ​ឫស្សី​ដូច ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង ។ ក្រោយ​ពី​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​កសិករ​របស់​អង្គការ​សេ​ដាកចុះ​ទៅ​ផ្សព្វផ្សាយ​នៅ​ឆ្នាំ​២០០៣​មក…

លោកពូ ជុំ លន ជា​កសិករ រស់នៅ​ភូមិ​ឫស្សី​ដូច ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង ។ ក្រោយ​ពី​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​កសិករ​របស់​អង្គការ​សេ​ដាកចុះ​ទៅ​ផ្សព្វផ្សាយ​នៅ​ឆ្នាំ​២០០៣​មក គាត់​បាន​ចាប់អារម្មណ៍​លើ​ការ​អនុវត្ត​បច្ចេកទេស ប​.​វ​.​ស ។ នៅ​ឆ្នាំ​ដំបូង គាត់​សាកល្បង​តែ​នៅ​លើ​ដី​ចំនួន​០,៥​ហិ​កតា  លើ​ប្រភេទ​ពូជស្រូវ ខា ៩ និង​ផ្កាម្លិះ ។ ការ​អនុវត្ត​នៅ​ឆ្នាំ​ដំបូង​មិនសូវ​បាន​ល្អ​ទេ និង​នៅ​មានការ​ប្រើ​ជីគីមី​លាយ ។ នៅ​ឆ្នាំ​បន្ត​ៗ​មក ការ​សាកល្បង​ស្រូវ ប​.​វ​.​ស កាន់តែ​ប្រសើរ​ឡើង ។ មក​ដល់​ឆ្នាំ​២០០៦ គាត់​បាន​កាត់​ផ្តាច់​ការ​ប្រើ​ជីគីមី ដោយសារ​គាត់​បាន​រក​ឃើញ​ប្រភេទ​ទឹក​ជីធម្មជាតិ​ប្រើ​ទៅ​លើ​ដំណាំ​ស្រូវ ធ្វើ​ឱ្យ​ស្រូវ​ឆាប់​លូតលាស់ ទទួល​បាន​លទ្ធផល​ល្អ​ទ្វេ​ដង ជាង​ការ​ប្រើ​ជី​កំ​ប៉ុ​ស្ត​គោក និង​ជីគីមី​ទៀត​ផង ។ នៅ​ឆ្នាំ​២០០៦ ទិន្នផល​ស្រូវ​របស់​គាត់​ទទួល​បាន​ផល​៤៥៤០​គីឡូក្រាម ចំណាយ​ពូជ​២០​គីឡូក្រាម ។ នៅ​ឆ្នាំ​មុន​ៗ (២០០៤) ផល​ទទួល​បាន​២៣៥០​គីឡូក្រាម ប្រើ​ពូជ​អស់​១០០​គីឡូក្រាម ជីគីមី​អស់​ចំនួន​៥​បាវ លើ​ដី​ចំនួន​១​ហិ​កតា​ដូច​គ្នា ។

ដូចនេះ​នៅ​ក្នុង​លេខ​នេះ ខ្ញុំ​សូម​លើកយក​បទ​ពិសោធន៍​របស់​គាត់​មក​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖

១-​ការ​សាប​ពូជ
មុន​សាប គាត់​បាន​យក​គ្រាប់ពូជ​ទៅ​ដាស់​ដំណេក ដោយ​យក​គ្រាប់​ទៅ​ហាលថ្ងៃ​រយៈពេល​១​ថ្ងៃ ។ បន្ទាប់​មក យក​ស្រូវ​ទៅ​ជ្រាវ​ជាមួយ​ទឹកអំបិល ដោយ​ក្នុង​ចំណុះ​ទឹក​ធម្មតា​១០​លី​ត្រ លាយ​អំបិល​១​គីឡូក្រាម ។ បន្ទាប់​មក​ត្រាំ​១​យប់ និង​ផ្អាប់​មួយ​យប់  រួច​យក​ទៅ​សាប​លើ​ដីគោក (​សើម​ៗ) ដោយ​សាប​រង្វើល​ៗ ។

២-​ការ​រៀបចំ​ដី​សម្រាប់​ស្ទូង និង​ការ​ស្ទូង
ធ្វើការ​ភ្ជួ​រាស់​ចំនួន​២-៣​ដង ។ មុន​ពេល​ភ្ជួរ​រាស់​ដី គាត់​យក​ជី​កំ​ប៉ុ​ស្ត​ចំនួន​៩​ម៉ែត្រគូប​ទៅ​រោយ​ពីលើ​ដី បន្ទាប់​មក​ធ្វើការ​ភ្ជួរ​លុប​ពីលើ និង​រាស់​ឱ្យ​បាន​រាបស្មើ ។
-​ដកសំណាប​អាយុ​១៥​ទៅ​៣០​ថ្ងៃ យក​ទៅ​ស្ទូង
-​ដកសំណាប​ណា​ថ្លោស​ល្អ បណ្តូល​ល្អ
-​ដក​ភ្លាម​ស្ទូង​ភ្លាម និង​ដក​ថ្នម​ៗ
-​ស្ទូង​១​ដើម​ៗ ដោយ​១​គុម្ព​ៗ​ទុក​ចន្លោះ​២,៥​តឹក (​តម្រូវ​តាម​ជីជាតិ​ដី​)
-​ស្ទូង​រាក់​ៗ​ជា​ជួរ​ៗ ដោយ​ប្រើ​ខ្សែបន្ទាត់ ។

៣-​ការ​ថែទាំ និង​ការ​ដាក់​ជី
មុន​ពេល​យក​ជី​កំ​ប៉ុ​ស្ត​គោក​ទៅ​ប្រើ គាត់​បាន​ធ្វើការ​ផ្សំ​ជី​កំ​ប៉ុ​ស្ត​ទឹកជា​មុន ។ ជី​កំ​ប៉ុ​ស្ត​ទឹក​ដែល​គាត់​ផ្សំ​មាន​ដូច​ជា ៖

វត្ថុ​ធាតុ​ផ្សំ និង​វិធី​ផ្សំ
ក្បាល​ត្រី កាក​សំណល់ បន្លែ ស្លឹក​រុក្ខជាតិ​ស្រស់ ទឹកនោម វត្ថុធាតុដើម​នេះ​មិន​កំណត់​ចំនួន​ទេ គឺ​អាស្រ័យ​ទៅ​នឹង​ការ​រកបាន ។ បន្ទាប់​មក ច្របល់​សារធាតុ​ទាំងនេះ​បញ្ចូល​គ្នា​ឱ្យ​សព្វ រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ពាង បើ​មាន​ទឹកនោម​ច្រើន​គឺ​ចាក់​ឱ្យ​លិច​វត្ថុ​ធាតុ​ដែល​បាន​ផ្សំ រួច​រក្សា​ទុក​រយៈពេល​មួយ​ខែ ។

របៀប​នៃ​ការ​ប្រើ
ក្រោយ​រយៈពេល​មួយ​ខែ គាត់​យក​ទឹក​ជី​នេះ​ទៅ​ប្រើប្រាស់​នៅ​លើ​គំនរ​ជី​កំ​ប៉ុ​ស្ត ដែល​ត្រៀម​យក​ទៅ​ដាក់​នៅ​ក្នុង​ស្រែ ។ ចំពោះ​ការ​ប្រើ​ទៅ​លើ​គំនរ​ជី​កំ​ប៉ុ​ស្ត គឺ​មិន​មាន​លាយ​ទឹក​បន្ថែម​ទេ គឺ​យក​ទៅ​ចាក់​ពីលើ​រួច​រក្សា​ទុក​រយៈពេល​២​ថ្ងៃ​បន្ត​ទៀត ។ ក្រោយ​រយៈពេល​ពីរ​ថ្ងៃ គាត់​ធ្វើការ​កាយ​គំនរ​ជី​កំ​ប៉ុ​ស្ត​យក​ទៅ​ដាក់​នៅ​ក្នុង​ស្រែ ។ ការ​ដាក់​ជី​ទៅ​ក្នុង​ស្រែ​នៅ​ពេល​ដែល​រៀបចំ​ដី​ចុង​ក្រោយ​សម្រាប់​ស្ទូង (​ព្រាច​ជី​រួច​ស្ទូង​) ។ គាត់​បាន​បញ្ជាក់ ការ​ធ្វើ​ដូចនេះ គឺ​ធ្វើ​ឱ្យ​ស្រូវ​របស់​គាត់​ទទួលផល​បាន​ល្អ​ជាង​ការ​ដាក់​ជី​ទ្រាប់​បាត (​តែ​វា​ទាមទារ​ដី​សើម​ៗ ឬ​ទឹក​តិច​ៗ​នោះ​ទើប​ល្អ​) ។

ការ​ថែទាំ ៖ ក្រោយ​ពី​ការ​ស្ទូង​រួច​រយៈពេល​១០​ថ្ងៃ គាត់​ធ្វើការ​ដកស្មៅ ។ ការ​ដកស្មៅ​នេះ​ដើម្បី​កុំឱ្យ​ស្មៅ​ប្រជែង​ដណ្តើម​ស្រូប​ជីជាតិ​ពី​ដី និង​ឱ្យ​ដី​ធូរ​ផង ។

៤-​លទ្ធផល​ទទួល​បាន
ក្រោយ​ពី​ប្រមូល​ផល​ឃើញ​ថា ទិន្នផល​មានការ​កើនឡើង​ទ្វេ​ដង ។

តាម​រយៈ​ទិន្នផល​ទទួល​បាន លោកពូ​មាន​ចំណាប់អារម្មណ៍​ថា ការ​អនុវត្ត​បច្ចេកទេស​នេះ​ធ្វើ​ឱ្យ​គាត់​មានការ​ចំណេញ​ច្រើន​ទៅ​លើ​ការ​ប្រើប្រាស់​ពូជ ជីគីមី ពិសេស​គាត់​អាច​បង្កើន​ទិន្នផល​ស្រូវ​រហូត​បាន​ដល់​លក់ ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គាត់​បាន​ទៀត​ផង ។ ដូចនេះ គាត់​សូម​ផ្តាំផ្ញើ​ទៅ​ដល់​កសិករ​ផ្សេង​ៗ​ទៀត​ដែល​មិន​ទាន់​អនុវត្ត គួរ​សាកល្បង និង​បានដឹង​ជា​មិន​ខាន ។

កំណត់សម្គាល់​បន្ថែម​ពី​អ្នកនិពន្ធ
លក្ខណៈ​ពិសេស​មួយ​ក្នុង​ការ​បង្កើន​ទិន្នផល​ស្រូវ​គឺ កសិករ ជុំ លន បាន​ប្រើ​ជី​ទឹក​ទៅ​លើ​ជី​កំ​ប៉ុ​ស្ត​គោក ហើយ​យក​ទៅ​ដាក់​ក្នុង​ស្រែ ដែល​ជា​វិធីសាស្ត្រ​មួយ​ជួយ​បង្កើន​នូវ​សកម្មភាព​សត្វល្អិត​មាន​ប្រយោជន៍​ក្នុង​ដី ការ​បង្កើន​នូវ​ការ​បំបែក​ធាតុ​របស់​ជីធម្មជាតិ និង​ការ​បង្កើន​នូវ​ការ​ផ្តល់​សារធាតុចិញ្ចឹម​ផលដំណាំ ៕