ខេត្តប៉ៃលិន ៖ នៅពេលនិយាយពីខេត្តប៉ៃលិន នរណាក៏ដឹងថា កាលពីមុន ទឹកដីនេះ សម្បូរដោយសម្បត្តិធម្មជាតិ រ៉ែត្បូងដ៏ល្បីល្បាញដែរ ហើយត្រូវបានគេឲ្យឈ្មោះថា «ទឹកដីត្បូងពេជ្រ» ព្រោះសម្បូរដោយរ៉ែត្បូងមានតម្លៃគ្រប់ប្រភេទដូចជា ត្បូងទទឹម ត្បូងកណ្ដៀង ពេជ្រ និងត្បូងឆាំង ជាដើម ។
ភាពល្បីល្បាញនៃខេត្តនេះ មិនមែនតែនៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែពិភពលោកក៏គេទទួលស្គាល់ដែរ ធ្វើឱ្យវិនិយោគិននានាចូលទៅធ្វើអាជីវកម្មរែងរករ៉ែត្បូងកាន់តែច្រើនឡើងៗ ជាពិសេស កាលពីសម័យសង្គ្រាមត្រូវបានជនបរទេសចូលមកទិញដីដើម្បីជីកកកាយ ហើយបានបំផ្លិចបំផ្លាញអស់ ព្រមទាំងធ្វើឱ្យខូចទ្រង់ទ្រាយដីថែមទៀត ដោយសារតែក្រុមហ៊ុនទាំងនោះបានប្រើគ្រឿងចក្រ និងឧបករណ៍ម៉ាស៊ីនទំនើបៗជីករូងដី រួចដឹកយករ៉ែត្បូងទៅស្រុករបស់គេអស់ ហើយបច្ចុប្បន្ននេះ បានជំនួសទៅដោយដំណាំតាង៉ែន ឬហៅថា មៀនប៉ៃលិនវិញ ដោយប្រជាពលរដ្ឋនាំគ្នាដាំស្ទើរតែគ្រប់ទីកន្លែង ព្រោះកំពុងមានតម្រូវការខ្ពស់ទាំងក្នុងស្រុក និងនាំចេញ ។
អាជ្ញាធរក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីសម័យដើម កន្លែងណាក៏មានរ៉ែត្បូងដែរ ជាពិសេសក្បែរៗជើងភ្នំយ៉ាត និងតាមតំបន់នានាពាសពេញក្រុងប៉ៃលិន ដូច្នេះហើយ ទើបមានប្រជាពលរដ្ឋមួយចំនួន ពេលមានភ្លៀងធ្លាក់ម្តងៗនាំគ្នាដើរសម្លឹងមើលដី បើមានសំណាងអាចរើសបានត្បូងមានតម្លៃ ។ លើសពីនេះ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ក៏បានធ្វើចំណាកស្រុកមកផ្សងព្រេងរកស៊ីជីករ៉ែត្បូងនៅក្នុងខេត្តប៉ៃលិន នេះដែរ។
គួរឲ្យសោកស្ដាយ ពេលនេះ ខេត្តត្បូងពេជ្រមួយនេះមិនដូចពីមុនទៀតទេ ខណៈបច្ចុប្បន្ន ប្រជាពលរដ្ឋចាប់ផ្ដើមលុបរណ្ដៅចាស់ៗទាំងនោះ ហើយនាំគ្នាដាំដំណាំផ្សេងៗ ពិសេស គឺតាង៉ែន ដែលកំពុងមានទីផ្សារ ។
អាជ្ញាធរមូលដ្ឋានបានបន្ដថា ៖« បច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនបានចាប់ផ្តើមដាំតាង៉ែនក្នុងម្នាក់ៗរាប់ម៉ឺនដើម ព្រោះកាលពីឆ្នាំមុនៗ តាង៉ែនឡើងថ្លៃ ដោយក្នុង១គីឡូក្រាមអាចលក់បានប្រមាណ៤៥ទៅ៥០បាត ស្មើនឹងប្រមាណ៥.០០០ទៅ៦.០០០រៀល ទើបម្នាក់ៗសម្រុកដាំរាប់សិបដើម » ។
ស្ត្រីកសិករនៅក្រុងប៉ៃលិន បានឲ្យដឹងកាលពីថ្ងៃទី១ មីនា ថា ទីផ្សារតាង៉ែនបច្ចុប្បន្នធ្លាក់ចុះបន្ដិច ប៉ុន្ដែមិនធ្វើឲ្យគាត់ខាតចុងខាងដើមទេ ខណៈផ្លែល្អ អ្នកស្រីលក់ឲ្យឈ្មួញថៃ និងមិនសូវល្អបោះដុំឲ្យឈ្មួញក្នុងស្រុកដើម្បីយកទៅលក់បន្ដ ។
អ្នកស្រីម៉ិញ បានបន្ដថា ៖« ខ្ញុំមានតាង៉ែន២ពាន់ដើម ដោយបានដាំជាង១០ឆ្នាំហើយ ។ ក្រោយពីដាំបានរយៈពេល៣ឆ្នាំ ខ្ញុំបានប្រមូលផលលក់ឲ្យឈ្មួញថៃតម្លៃ៤០ទៅ៤៥បាត ស្មើនឹងប្រមាណជាង៤.០០០ទៅ៥.០០០រៀល »។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សាយ សុផាត បានឲ្យដឹងនៅថ្ងៃដដែលនេះថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិន បានដាំតាង៉ែនចំនួន៣.២០០ហិកតា ។
លោកបន្ដថា ៖« បច្ចុប្បន្ន ទីផ្សារតាង៉ែនមិនមានការធ្លាក់ចុះខ្លាំងគួរឲ្យព្រួយបារម្ភនោះទេ ខណៈមានឈ្មួញទាំងខ្មែរ និងថៃ ចូលមកម៉ៅទិញដល់ក្នុងចម្ការ ដើម្បីនាំចេញទៅប្រទេសថៃ និងបន្ដលក់ចេញទៅប្រទេសចិន » ។
ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍មៀន ប៉ៃលិន លោក ស្រេង ស្រៀង បានឲ្យដឹងដែរថា ក្រោយពីបង្កើតសមាគមរួច កសិករដាំមៀនជាច្រើនបានចូលជាសមាជិក ដើម្បីមានទំនុកចិត្តលើទីផ្សារ ។
លោកថា ៖« បច្ចុប្បន្ន បើផ្លែលេខ១ យើងទិញក្នុងតម្លៃ៣៥ទៅ៤០បាត ស្មើប្រមាណ៣.៥០០ទៅ៤.០០០រៀល តែបើមិនសូវល្អ យើងទិញចូលធូរថ្លៃជាងនេះ » ។ លោកបន្ដថា ៖« ទីផ្សារតាង៉ែនបានធ្លាក់ចុះបន្ដិចកាលពីប៉ុន្មានខែមុន ប៉ុន្ដែពេលនេះចាប់ផ្ដើមឡើងវិញហើយ » ។
លោកប្រធានក្រុមប្រឹក្សាភិបាលរូបនេះបានថ្លែងកន្លងមកថា មៀនប៉ៃលិនភាគច្រើននាំចេញទៅប្រទេសថៃ ហើយមិនបាននាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិននោះទេ ។ បញ្ហានេះ បានធ្វើឱ្យខាតបង់ទៅលើច្រកព្រំដែន និងតម្លៃដឹកជញ្ជូន ដែលនាំឲ្យមានការប្រែប្រួលតម្លៃនៅលើទីផ្សារ ។ នៅថ្ងៃខាងមុខ ប្រសិនបើថ្នាក់ដឹកនាំក្រសួងកសិកម្ម អាចចរចាបើកទីផ្សារនៅប្រទេសចិនបានជាផ្លូវការ វានឹងអាចជួយដល់កសិករដាំមៀនបាននៅទូទាំងប្រទេស ។
លោកបន្តថា ៖« ឆ្នាំនេះ ការប្រមូលផលមៀនប៉ៃលិនល្អជាងឆ្នាំមុន ហើយយើងមិនត្រឹមតែចែករំលែកចំណេះដឹងបច្ចេកទេសនៅក្នុងខេត្តប៉ៃលិនប៉ុណ្ណោះទេ តែសហគមន៍បានចែករំលែកទៅដល់អ្នកដាំមៀននៅខេត្តបាត់ដំបង និងបន្ទាយមានជ័យផងដែរ ហើយថែមទាំងជួយរកទីផ្សារជូនពួកគាត់ទៀត » ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងបាននិងកំពុងចាត់ចែងស្វែងរកទីផ្សារមៀនប៉ៃលិននេះជូនប្រជាកសិករ ដោយចរចាបើករបាំងទីផ្សារនៅប្រទេសចិន (អនាម័យ និងភូតគាមអនាម័យ) ។
លោកបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងកន្លងមកថា ៖«យើងមិនត្រឹមតែនិយាយជាមួយភាគីថៃប៉ុណ្ណោះទេ ថ្នាក់ដឹកនាំក្រសួងនឹងទៅចរចាបញ្ហាអនាម័យ និងភូតគាមអនាម័យដើម្បីបើកទីផ្សារនៅប្រទេសចិន » ។ លោកសង្កត់ធ្ងន់ថា ៖« សព្វថ្ងៃនេះ របាំងទីផ្សារដែលធំបំផុតនោះ គឺអនាម័យ និងភូតគាមអនាម័យ » ។
លោកបណ្ឌិតបញ្ជាក់ថា ៖« នៅពេលយើងចរចាបើករបាំងអនាម័យ និងភូតគាមអនាម័យរួចហើយនោះ កសិករមិនត្រឹមតែពង្រីកផ្ទៃដីដាំដុះមៀនប៉ៃលិនប៉ុណ្ណោះទេ កសិករត្រូវតែគោរពតាមគោលការណ៍បច្ចេកទេស ធ្វើយ៉ាងណា នៅពេលប្រមូលផល កុំបន្សល់នូវជាតិពុលផ្សេងពីការប្រើប្រាស់ក្នុងផលិតកម្ម ជាពិសេស ថ្នាំកម្ចាត់សត្វល្អិត ដើម្បីកុំឱ្យវាមានអ្វីមួយរារាំងទៅនឹងអ្វីដែលយើងខំប្រឹងប្រែងនេះ » ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា កម្ពុជាមានផ្ទៃដីដាំមៀនប៉ៃលិនប្រមាណ៨.៨១៦ហិកតា ក្នុងនោះខេត្តប៉ៃលិនមាន៤០%, បាត់ដំបង៤០%, កំពត៨% និងខេត្តពោធិ៍សាត់៣% ។ ចំណែកខេត្តផ្សេងៗមានផ្ទៃដីដាំដុះតិចតួចប៉ុណ្ណោះ។ របាយការណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០១៦-២០១៧ កម្ពុជាប្រមូលផលមៀនប៉ៃលិនបានប្រមាណ១៩.២១៨តោន ៕
ចែករំលែកព័តមាននេះ