ខេត្តបន្ទាយមានជ័យ ៖ ទីលានហាលដំឡូងមីដែលមាន១៧កន្លែងកាលពីឆ្នាំទៅមិញ នៅឆ្នាំ២០១៧នេះនៅសល់តែ១០កន្លែងទេ ព្រោះដំឡូងមីធ្លាក់ថ្លៃគឺរំពឹងលក់ឱ្យឈ្មួញថៃតែប៉ុណ្ណោះ ។
ប្រជាកសិករបានឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋមួយចំនួនក្រៅពីធ្វើស្រែគឺធ្វើចំការដែលភាគច្រើនគាត់ដាំដំឡូងមី ដូចឆ្នាំ២០១៦កន្លងទៅនេះដាំដំឡូងមីក្នុង១ហិកតា អាចទទួលផលបាន១៨ទៅ២៥តោន ហើយការដាំដំឡូងមីគឺទទួលផលច្រើនជាងធ្វើស្រែ តែជួបការលំបាកពីបញ្ហាទីផ្សារដែលរំពឹងតែលើទីផ្សារថៃ ដូចឆ្នាំនេះដំឡូងមីស្ងួត១គីឡូក្រាមតម្លៃ៣,៥បាត ប្រមាណជា៤.០០០រៀល និងដំឡូងមីសើម១គីឡូក្រាមតម្លៃ១,២បាតប្រមាណជា១.៥០០រៀល ។
ការដាំដំឡូងមីត្រូវបានចំណាយសម្រាប់ការភ្ជួររាស់ដី១ហិកតាតម្លៃ២៥ម៉ឺនរៀល ពូនរង១ហិកតាតម្លៃ២០ម៉ឺនរៀល ទិញពូជដំឡូងមី និងជួលដាំ១ហិកតាតម្លៃ៤០ម៉ឺនរៀល បាញ់ថ្នាំការពារដង្កូវ និងថ្នាំប៉ូវមើម១ហិកតាអស់ប្រមាណ៤០ម៉ឺនរៀល ទទួលផលហើយដកដំឡូងមី១ហិកតាតម្លៃ២៤ម៉ឺនរៀល និងចិញ្ច្រាំដំឡូងហាល១ខេងស្មើនឹង២០គីឡូក្រាមតម្លៃ១.០០០រៀល ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបានប្រាប់ថា នៅខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋនាំគ្នាដាំដំឡូងមីក្នុងឆ្នាំ២០១៦មានប្រមាណជាង៨ម៉ឺនហិកតា ដែលទទួលផលក្នុង១ហិកតាបានប្រមាណជា១៨ទៅ២៥តោន ច្រើនជាងឆ្នាំ២០១៥មានប្រមាណជិត៧ម៉ឺនហិកតា តែឆ្នាំនេះប្រជាកសិករជួបការលំបាកដែលធ្វើបានផលល្អហើយ តែជួបការលំបាករកទីផ្សារ ។
លោក ថោង ធីណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឱ្យដឹងថា ចំពោះកន្លែងហាលសម្ងួតដំឡូងមីនៅខេត្តបន្ទាយមានជ័យមានចំនួន១៧កន្លែង នៅស្រុកម៉ាឡៃ១១កន្លែង តែនៅឆ្នាំ២០១៦នេះទីលានហាលដំឡូងមីត្រូវបានបិទទ្វារទិញនៅសល់ចំនួនតែ១០កន្លែងទេ ព្រោះតែតម្លៃដំឡូងមីឆ្នាំនេះធ្លាក់ថ្លៃ ដែលដំឡូងមីស្ងួត១គីឡូក្រាមតម្លៃ៣,៥បាតប្រមាណជា៤.០០០រៀល និងដំឡូងមីសើម១គីឡូក្រាមតម្លៃ១បាតប្រមាណជា១.០០០រៀល ។ បើប្រៀបធៀបឆ្នាំ២០១៥ដំឡូងមីស្ងួត១គីឡូក្រាមតម្លៃ៤ទៅ៥បាតប្រមាណជា៤.០០០ទៅ៥.០០០រៀល ដំឡូងមីសើម១គីឡូក្រាមតម្លៃ២បាតប្រមាណជា២.០០០រៀល ។
លោកបានបញ្ជាក់ថា មូលហេតុដែលដំឡូងមីធ្លាក់ថ្លៃក្នុង២០១៦នេះ ព្រោះតែប្រទេសចិនទទួលទិញមានការថយចុះទើបឈ្មួញថៃទិញតិចជាងឆ្នាំមុន ជាហេតុធ្វើឱ្យដំឡូងមីស្ងួត និងសើមមានតម្លៃថោកជាងឆ្នាំ២០១៥ ។ កសិករនិយាយថា ទីផ្សារដំឡូងមីរំពឹងតែទៅលើទីផ្សាថៃ បើគេឱ្យតម្លៃថោកហើយ មិនដឹងយកទៅលក់នៅឯណាទេ បើលក់ឱ្យឈ្មួញវៀតណាមតម្លៃក៏មិនខុសគ្នា និងរឹតតែជួបការលំបាករឿងទូទាត់ប្រាក់ថែមទៀត ៕
ចែករំលែកព័តមាននេះ