ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​មាត់​ឃ្មង់​ក្នុង​រដូវវស្សា​ក្លាយជា​កន្លែង​គួរ​ឱ្យ​ចាប់​អារម្មណ៍​​គ្រប់​ទិស​ទី

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ «​ភូមិ​នេសាទ​» ស្ថិត​នៅ​តំបន់​ស្ពាន​មាត់​ឃ្មង់ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ​ក្នុង​រដូវ​ទឹកទន្លេ​មេគង្គ​ឡើង​ក្លាយទៅជា​កន្លែង​ទេសចរណ៍ ដោយ​មាន​អ្នកទេសចរ​ពី​គ្រប់​ទិស​ទី​ទៅ​លេង​កម្សាន្ត ។ អ្នកទេសចរ​ជិះ​​អាច​កង់​ទឹក​កម្សាន្ត ស្ទូចត្រី…

ខេត្ត​ត្បូងឃ្មុំ ៖ «​ភូមិ​នេសាទ​» ស្ថិត​នៅ​តំបន់​ស្ពាន​មាត់​ឃ្មង់ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ​ក្នុង​រដូវ​ទឹកទន្លេ​មេគង្គ​ឡើង​ក្លាយទៅជា​កន្លែង​ទេសចរណ៍ ដោយ​មាន​អ្នកទេសចរ​ពី​គ្រប់​ទិស​ទី​ទៅ​លេង​កម្សាន្ត ។ អ្នកទេសចរ​ជិះ​​អាច​កង់​ទឹក​កម្សាន្ត ស្ទូចត្រី និង​ខ្លះ​ទៀត​នាំ​គ្នា​ទទួលទាន​អាហារ​នៅ​តាម​កន្លែង​លក់ដូរ ។ អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ។

ស្ត្រី​អ្នក​លក់ដូរ​ម្នាក់​ឈ្មោះ​វ៉ា​ត សំបូរ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ប្រាប់​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​ថា ប្តី​របស់​គាត់​ដែល​ពិការ​ជើង​ម្ខាង​តែងតែ​ចេញ​ទៅ​រាយ​មង​នៅ​តាម​បឹង​ផ្នែក​ខាងលើ​ត្រង់​ស្ពាន​មាត់​ឃ្មង់ ថ្ងៃ​ខ្លះ​បាន​រហូត​ដល់​ជិត​១០​គីឡូក្រាម ។ ត្រី​ទាំងនោះ​គាត់​លក់​បាន​១​គីឡូក្រាម​តម្លៃ​ជាង​១​ម៉ឺន​រៀល ។ អ្នកដំណើរ និង​អ្នកទេសចរ​តែងតែ​ឈប់​ម៉ូតូ និង​រថយន្ត​ចូល​ទិញ​ត្រី​យក​ទៅ​ធ្វើ​ម្ហូប ។

ក្រៅពី​លក់​ត្រី​អ្នកស្រី​វ៉ា​ត សំបូរ ជួយ​មើល​ការ​ខុស​ប្អូនស្រី​ចៀន​កំពឹស និង​ក្រួច​លក់ ។ ក្នុង​១​ស​ប្តា​ហ៍​គាត់​អាច​រក​ចំណូល​បាន​ប្រមាណ​៥០​ម៉ឺន​រៀល ។

ក្នុង​រយៈពេល​២​ឆ្នាំ​មក​ហើយ​ដែល​ទឹកទន្លេ​មិន​ឡើង​លិច​ត្រង់​ទីតាំង​មាត់​ឃ្មង់ ដូច្នេះ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ មិន​បាន​ទៅ​កម្សាន្ត​ទេ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ។ ទើបតែ​ឆ្នាំ​២០១៧​នេះ​ទឹកទន្លេ​ឡើង​លិច​មាន​អ្នកទេសចរ​ច្រើន​ទៅ​កម្សាន្ត ។ អ្នក​នៅ​ក្រុង​កំពង់ចាម និង​តាម​បណ្តា​ស្រុក ផ្សេង​ៗ​ទៀត​ទៅ​លេង​ជា​ហូរហែ ខ្លះ​ជិះ​កង់​ទឹក​លេង និង​ទទួលទាន​អាហារ​នៅ​តាម​តូប​លក់ដូរ ។

អ្នកស្រី​មុត ចាន់​ថន អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ឲ្យ​ដឹង​ថា ចាប់តាំងពី​ពេល​ដែល​ស្ពានបេតុង​មាត់​ឃ្មង់​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់ មក គាត់​លក់ដូរ​នៅ​ក្បាលស្ពាន​មាន​ផ្អក​ម៉ាំ​១​កំប៉ុង​តូច​តម្លៃ​៤.០០០​រៀល កំប៉ុង​កណ្តាល​តម្លៃ​១​ម៉ឺន​រៀល និង​កំប៉ុង​ធំ​១៥.០០០​រៀល ។ ចាប់តាំងពី​លក់​ជាង​១០​ឆ្នាំ​មកនេះ ក្នុង​១​ថ្ងៃ អាច​រក​ចំណេញ​បានជា​មធ្យម​៣​ម៉ឺន​រៀល ។

លោក​អឿ​ន រិ​ទ្ធិ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៤ ស្ពាន​មាត់​ឃ្មង់​ក្លាយជា​កន្លែង​ទេសចរណ៍​ថ្មី​ក្នុង​រដូវវស្សា ដោយ​ដាក់​ឈ្មោះ​ថា​«​ភូមិ​នេសាទ​» ។ មន្ទីរ​បាន​ណែនាំ​ដល់​ក្រុម​អាជីវករ​លក់ដូរ ត្រូវ​សំអាត​អនាម័យ មិន​ត្រូវ​បោះ​សំរាម​ចោល​ទេ គឺ​ត្រូវ​ប្រមូល​ដាក់​ធុង ។ អាជីវករ​លក់ដូរ​មួយ​ចំនួន​ធំ​បាន​អនុវត្ត​តាម ។
សព្វ​ថ្ងៃនេះ​អ្នកខ្លះ​នៅ​ជិត​ស្ពាន​មាត់​ឃ្មង់ ចាក់​ដី​ពង្រីក និង​ត្រៀម​សង់​ប៉ម​សម្រាប់​អ្នកទេសចរ​ជាតិ​ថត​ទេសភាព​ព្រះអាទិត្យ ៕