តើរថយន្តដែលបង្ហោះទៅក្រៅភពថ្ងៃមុន អាចធ្លាក់មកបុកផែនដីឬទេ?
កាលពីថ្ងៃទី៦ កុម្ភៈ រថយន្ត១គ្រឿងរបស់ក្រុមហ៊ុន Tesla ត្រូវបានបញ្ជូនទៅក្រៅភព តាមរយៈយានអវកាសរបស់ SpaceX ។ នៅពេលនេះ រថយន្តពណ៌ក្រហមឆ្អិនឆ្អៅរបស់ម្ចាស់ក្រុមហ៊ុន…
កាលពីថ្ងៃទី៦ កុម្ភៈ រថយន្ត១គ្រឿងរបស់ក្រុមហ៊ុន Tesla ត្រូវបានបញ្ជូនទៅក្រៅភព តាមរយៈយានអវកាសរបស់ SpaceX ។ នៅពេលនេះ រថយន្តពណ៌ក្រហមឆ្អិនឆ្អៅរបស់ម្ចាស់ក្រុមហ៊ុន…
កាលពីថ្ងៃទី៦ កុម្ភៈ រថយន្ត១គ្រឿងរបស់ក្រុមហ៊ុន Tesla ត្រូវបានបញ្ជូនទៅក្រៅភព តាមរយៈយានអវកាសរបស់ SpaceX ។ នៅពេលនេះ រថយន្តពណ៌ក្រហមឆ្អិនឆ្អៅរបស់ម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk កំពុងតែអណ្តែតនៅក្នុងអវកាស មិនដឹងជាថ្ងៃណាត្រឡប់មកភពផែនដីវិញទេ ។ តើអ្នកមានគិតដែរទេថា នៅថ្ងៃណាមួយ វានឹងអាចធ្លាក់មកលើផែនដីវិញ? តើវានឹងធ្លាក់មកចំមនុស្សឬទេ ?
ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Toronto Scarborough បានប្រាប់ថា កុំឲ្យភ័យ។ វានឹងមិនធ្លាក់មកចំពេលដែលពួកយើងរាល់គ្នាកំពុងមានជីវិតទេ តែវាអាចនឹងធ្លាក់ក្នុងពេលរាប់លានឆ្នាំទៅមុខទៀត ហើយអាចនឹងបុកមកចំផែនដី ឬភពសុក្រ ។
សាស្ត្រាចារ្យខាងតារាសាស្ត្រ លោក Hanno Rein ឲ្យដឹងថា រថយន្ត Tesla Roadster អាចធ្លាក់មកលើផែនដី ។ លោករកឃើញថា វាអាចនឹងធ្លាក់នៅរាប់លានឆ្នាំខាងមុខទៀត ។ ម្យ៉ាងទៀត លទ្ធភាពនៃការធ្លាក់នេះ គឺពិតជាតិចមែនទែន ។ ដូចនេះហើយ យើងមិនបាច់ទៅខ្វល់ខ្លាចវាធ្លាក់លើអ្វីឡើយ ។
លោក Rein និងក្រុមការងារបានបង្កើតកម្មវិធីសាកល្បងជាច្រើនដោយផ្អែកលើទិន្នន័យតាមដានរបស់អង្គការ NASA ហើយកំណត់ថា លទ្ធភាពនៃការធ្លាក់មកលើផែនដីក្នុងរយៈពេលជាច្រើនលានឆ្នាំទៀត គឺមានត្រឹមតែ៦%ប៉ុណ្ណោះ ។ ចំពោះនៅភពសុក្រវិញ គឺរឹតតែមានភាគរយធ្លាក់តិចជាងភពរបស់យើងទៅទៀត ពោលគឺត្រឹមតែ២,៥%ប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ទម្រាំតែរថយន្តនោះធ្លាក់ខិតជិតផែនដីជាដំបូង គឺទាល់តែក្រោយឆ្នាំ២០៩១ ឯណោះ។ ពាក្យថា «ខិតជិតផែនដី» មានន័យថា នៅសល់ចម្ងាយរាប់សែនគីឡូម៉ែត្រពីដី ។ លោក Rein ថា ទាល់តែខ្ទង់១០លានឆ្នាំទៅមុខទៀត ទើបវាអាចធ្លាក់មកបាន ។
ប្រសិនបើលោកអ្នកនៅតែភ័យព្រួយខ្លាចវាធ្លាក់មកលើផែនដីទៀតនោះ អ្នកអាចតាមដានមើលវាបានតាម Youtube ដោយគ្រាន់តែវាយ “Tesla Roadster Elon Musk Space” ជាការស្រេច ព្រោះថា រថយន្តនេះមានភ្ជាប់កាមេរ៉ាសម្រាប់ចាប់ទិដ្ឋភាពមកផែនដី ។
គួររំឭកថា អគ្គនាយកក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានប្រកាសអំពីការបង្ហោះយានអវកាស Falcon Heavy ទៅភពព្រះអង្គារនៅលើ Twitter កាលពីខែធ្នូឆ្នាំមុន ។ លោកក៏បានបង្ហាញដែរថា រថយន្ដ Tesla Roadster ពណ៌ក្រហមរបស់លោក នឹងឡើងទៅកាន់ភពព្រះអង្គារ ដោយជិះជាមួយយានអវកាស ។
យោងតាមលោក Elon ថា រថយន្តរបស់លោក ជាប្រភេទ Roadster នឹងនៅអណ្តែតវិលជុំវិញភពព្រះអង្គាររយៈពេល១ពាន់លានឆ្នាំ ។ នេះប្រសិនបើវាមិនផ្ទុះខ្ទេចនៅក្រៅភពផែនដី ។
វាជាទង្វើដ៏ចម្លែកមួយ ដែលយករថយន្តផ្ទាល់ខ្លួនទៅដាក់នៅក្នុងយានអវកាស ហើយបង្ហោះទៅក្រៅភពបែបនេះ ។ ប៉ុន្តែសម្រាប់លោក Elon វិញ ការធ្វើដូចនេះ សម្រាប់លោក គឺគួរឲ្យចាប់អារម្មណ៍ ។
ខាងក្រុមហ៊ុន SpaceX ដែលជាកម្មសិទ្ធិរបស់លោក Elon បានប្រាប់ថា យានអវកាស Falcon Heavy ថ្មី គឺជារ៉ុក្កែត ដែលមានអនុភាពបំផុតនៅក្នុងពិភពលោក ។ វាអាចផ្ទុកទម្ងន់បានជាង៥៤តោនសម្រាប់ការហោះទៅកាន់ភពផ្សេង ដែលនេះគឺជាសមត្ថភាពដ៏អស្ចារ្យមួយ ។
រ៉ុក្កែតនេះត្រូវបានផលិតឡើងដោយមានគោលបំណងបញ្ជូនមនុស្សទៅក្នុងអវកាស ស្របតាមគោលដៅរបស់ក្រុមហ៊ុន ដែលចង់ឲ្យមនុស្សទៅរស់នៅភពផ្សេងនៅថ្ងៃអនាគត ក្រៅពីផែនដី ៕
ចែករំលែកព័តមាននេះ