ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូងមីអាចផ្តល់ប្រាក់ដល់កសិករលំដាប់ទី២ បន្ទាប់ពីស្រូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជាបានប្រកាសជាផ្លូវការហើយនូវគោលនយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥ កាលពីថ្ងៃទី១៤ ខែមករានេះ ។ តាមរយៈគោលនយោបាយនេះគេរំពឹងថា កសិករខ្មែរនឹងមានភាពជឿនលឿន នៅក្នុងការដាំដុះដំណាំកសិឧស្សាហកម្មនេះ…

រាជធានីភ្នំពេញ ៖ កម្ពុជាបានប្រកាសជាផ្លូវការហើយនូវគោលនយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥ កាលពីថ្ងៃទី១៤ ខែមករានេះ ។ តាមរយៈគោលនយោបាយនេះគេរំពឹងថា កសិករខ្មែរនឹងមានភាពជឿនលឿន នៅក្នុងការដាំដុះដំណាំកសិឧស្សាហកម្មនេះ ហើយការវិនិយោគលើដំណាំនេះមកពីក្រៅប្រទេសនឹងមានកាន់តែមានច្រើនដែរ ។

នៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីដំឡូងមី លោក ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន ឲ្យដឹងថា កម្ពុជាចាត់ទុកដំឡូងមីជាដំណាំយុទ្ធសាស្ត្រសំខាន់ទី២បន្ទាប់ពីស្រូវ ។ ក្នុងមួយឆ្នាំៗដំឡូងមី បានចូលរួមចំណែកប្រមាណពី៣ទៅ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប និងទទួលបានការវិនិយោគទឹកប្រាក់ប្រមាណ៣០០លានដុល្លារ ។

នៅក្នុងនោះកម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីជាង៦ម៉ឺនហិចតា ។ ប៉ុន្តែមន្រ្តីថា ការដាំដុះដំឡូងមីនៅកម្ពុជានៅមានជាលក្ខណៈគ្រួសារនៅឡើយ ដោយតម្រូវឲ្យមានការការវិនិយោគបន្ថែម ។ « យើងចង់ឱ្យមានក្រុមហ៊ុនចូលមកវិនិយោគបង្កើតរោងចក្រកែច្នៃ ហើយប្រមូលទិញដំឡូងមីពីប្រជាពលរដ្ឋមកកែច្នៃវិញ ព្រោះបច្ចុប្បន្ននេះ ពលរដ្ឋជាច្រើនបានដាំដុះដំឡូងមី សម្រាប់នាំចេញទៅកាន់ប្រទេសជិតខាងនេះដែរ » រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបញ្ជាក់​។

គោលនយោបាយជាតិស្តីពីដំឡូងមី មានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួនមួយចំនួនដូចជា ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម គាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មតាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងដែរថា ដំណាំដំឡូងមី គឺជាដំណាំឧស្សាហកម្ម និងជាដំណាំរកចំណូលដ៏សំខាន់ ដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារសកលលោក ។ ដំណាំដំឡូងមី ជាដំណាំដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងអាចបន្តរស់ក្នុងបរិយាកាសដែលពិបាក និងបន្តមានការប្រែប្រួល ហើយក៏ជាប្រភពនៃម្សៅដែលមានគុណភាពខ្ពស់សម្រាប់ផលិតផលជាច្រើនប្រភេទ។ ចាំបាច់ត្រូវធ្វើទំនើបកម្មផលិកម្ម និងការកែច្នៃដំឡូងមី តាមរយៈការអនុវត្តប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់លទ្ធផលដែលទទួលបានពីការស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកវិទ្យាសាស្រ្ត។

Cassava, Farm, Food, Thailand, Agriculture

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ធ្លាប់បានផ្សព្វផ្សាយឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ បរិមាណផល ដំឡូងមីរបស់កម្ពុជាមានប្រមាណ ចំនួន ១២ ០៤១ ៨១២ តោន បាននាំចេញ មានចំនួន ៧ ២០៣ ១២៨ តោន ហើយជារួមដំឡូងមីបានផ្តល់ថវិកាប្រមាណ ១ ១០៨ ៣១៥ ៨៨១ ដុល្លារអាមេរិក។  

លោក Nick Beresford តំណាងUNDP ប្រចាំកម្ពុជា ដែលបានចូលរួមផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមីដែលនោះ បានមានប្រសាសន៍ថា «ដំឡូងមី ផ្ដល់ឱកាសល្អជាច្រើនសម្រាប់កម្ពុជា ជាពិសេសប្រសិនបើកម្ពុជាអាចឈានជើងចូលទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈការនាំចេញនូវផលិតផលកែច្នៃ ដូចជាម្សៅដំឡូងមី។ វាតម្រូវឲ្យមានការធ្វើកសិកម្មតាមកិច្ចសន្យារវាងរោងចក្រកែច្នៃ និងកសិករដាំដុះដំឡូងមី ដើម្បីបង្កើតឲ្យបាននូវការផ្គត់ផ្គង់ដែលប្រកបដោយគុណភាព និងស្ថេរភាព» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ