ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ម្រុំ​អាច​ជួយ​លើកកម្ពស់​ជីវភាព អ្នក​ភូមិ​រុន​តា​ឯក

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដំណាំ​ម្រុំ​នឹង​អាច​ជួយ​លើកកម្ពស់​ដល់​ជីវភាព អ្នក​ភូមិ​រុន​តា​ឯក ឱ្យ​កាន់តែ​ប្រសើរ​ឡើង​វិញ​មួយ​កម្រិត​ទៀត ដោយ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់​ចេញ​នូវ​គម្រោង​ជា​ច្រើន ដែល​គម្រោង​ទាំងនោះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​កសិកម្ម​ដំណាំ​ដាំ​ដុះ ការ​ចិញ្ចឹមសត្វ​ជា​អាទិភាព ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក…

ខេត្តសៀមរាប ៖ ដំណាំ​ម្រុំ​នឹង​អាច​ជួយ​លើកកម្ពស់​ដល់​ជីវភាព អ្នក​ភូមិ​រុន​តា​ឯក ឱ្យ​កាន់តែ​ប្រសើរ​ឡើង​វិញ​មួយ​កម្រិត​ទៀត ដោយ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់​ចេញ​នូវ​គម្រោង​ជា​ច្រើន ដែល​គម្រោង​ទាំងនោះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​កសិកម្ម​ដំណាំ​ដាំ​ដុះ ការ​ចិញ្ចឹមសត្វ​ជា​អាទិភាព ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

លោក ម៉ី ម៉ា​រ៉ា​ឌី ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៦ ថា ចាប់ពី​កកើត​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នេះ​មក អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​ខ្លាំង​ទាំង​វិស័យសេដ្ឋកិច្ច វិស័យ​សុខាភិបាល វិស័យ​អប់រំ វិស័យ​កសិកម្ម វិស័យ​បរិស្ថាន និង​ជា​ពិសេស​គឺ​វិស័យ​សាសនា​ផង​ដែរ​។

លោក​បាន​បន្ត​ថា ដើម្បី​លើកកម្ពស់​ជីវភាព​អ្នក​ភូមិ​ឱ្យ​កាន់តែ​ប្រសើរ​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​ចេញ​នូវ​គម្រោង​ថ្មី​មួយទៀត គឺ​គម្រោង​ដាំ​ម្រុំ ព្រោះ​ដើម​ម្រុំ​ជា​ប្រភេទ​រុក្ខជាតិ​ធម្មជាតិ​ម្យ៉ាង​ដែល​មាន​សក្ដានុពល​នៅ​លើ​ទីផ្សារ ហើយ​ក៏​អាច​បង្កើន​ចំណូល​បន្ថែម​ឱ្យ​កាន់តែ​ច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។

ចំណែក​លោក អ៊ឹ​ង តុង​អៀង ជា​ប្រធាន​ក្រុមហ៊ុន SPLE បាន​លើក​ឡើង​ថា ក្រុមហ៊ុន​របស់​លោក​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ផ្តល់​បច្ចេកទេស ផ្តល់​ពូជ​ម្រុំ ដល់​ប្រជា​កសិករ​នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​ជាង​នេះ​ទៀត​នៅ​ពេល​ដែល​ប្រជា​កសិករ​ទទួល​បាន​ផល ក្រុមហ៊ុន​របស់​លោក​នឹង​ទទួល​ទិញ​យក​ទាំងអស់​ក្នុង​តម្លៃ​សមរម្យ​ស្មើនឹង​តម្លៃ​ទីផ្សារ​។
លោក តុង​អៀង បាន​បន្ត​ថា ដើម្បី​ឱ្យ​ការ​ដាំ​ដុះ​ម្រុំ​ទទួល​បាន​ផល​ល្អ និង​គុណភាព​ខ្ពស់​ត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​នោះ ក្រុមហ៊ុន​របស់​លោក​បាន​ផ្តល់​បច្ចេកទេស​ក្នុង​ការ​ដាំ​ដុះ ជាដំបូង​គឺ​ក្រុមការងារ​បច្ចេកទេស​របស់​លោក ចុះ​ទៅ​ដល់ទី​តាំង​ផ្ទាល់ ដើម្បី​តាមដាន​ស្ថានភាព​ដី ជា​ពិសេស​គឺ​ដី​ដែល​មិន​លិច​ទឹក ដី​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ បម្រែបម្រួល​អាកាសធាតុ របៀប​នៃ​ការ​ដាំ​ដុះ របៀប​នៃ​ការ​កាត់​ក្រី​មែក និង​ក្រៀវ​ដើម​។ ដំបូង​ក្រុមហ៊ុន​របស់​លោក​បាន​ជ្រើសរើស​គ្រួសារ​ដែល​ស្ម័គ្រចិត្ត​ចំនួន ៨ គ្រួសារ​សម្រាប់​ការ​ដាំ​ដុះ​លើ​ផ្ទៃដី​ចំនួន ១​ហិ​កតា​ជាង ដែល ៦​គ្រួសារ ផ្នែក​ខាង​គម្រោង​ម្រុំ​ជូន​ផ្ទៃដី​ដល់​ពួក​គាត់ ៥០×៥០ ម៉ែត្រ ប្រហែលជា​២៥០០ ម៉ែត្រការ៉េ ក្នុង​មួយ​ឆ្នាំ​ពួក​គាត់​អាច​ទទួល​ចំណូល ២២០០ ដុល្លារ​គិត​ជា​មធ្យម​។

ចំណែក​រឿង​ពូជ​ក្រុមហ៊ុន​នឹង​មានការ​ចែក​ជូន​ដល់​ពួក​គាត់​ដោយ​ឥត​គិតថ្លៃ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ពូជ ១ គីឡូក្រាម​ផង​ដែរ​។ លោក តុង​អៀង បាន​បន្ថែម​ទៀត​ថា លោក​ជឿជាក់​ថា​ប្រជា​កសិករ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ដូច​ជា​ការ​កើនឡើង​នូវ​ចំណូល​ជា​ប្រចាំ​ថ្ងៃ​បន្ថែម​ទៀត សក្ដិ​សម​នឹង​ទំហំ​ផ្ទៃដី​ដែល​ពួក​គាត់​ដាំ​ដុះ ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​ដើម​ម្រុំ​ជា​ប្រភេទ​ដើម​រុក្ខជាតិ​ម្យ៉ាង ដែល​សារធាតុចិញ្ចឹម​ខ្ពស់ ដែល​អាច​បរិភោគ​ស្លឹក​របស់​វា​ជា​ពិសេស ត្រួយ​ខ្ចី គ្រាប់​ខ្ចី ស្លឹក និង​ប្ញ​សរប​ស់វា​ផង​ដែរ​។

ស្លឹក​របស់​ម្រុំ​អាច​បញ្ចុះទម្ងន់ និង​សំបូរ​ទៅ​ដោយ​ជាតិ​អំបិល​ខនិជ ជាតិ​ដែក និង​វីតាមីន​B​។ ម្រុំ​អាច​ជួយ​ផ្តល់​អត្ថប្រយោជន៍​ដល់​យើង​ជា​ច្រើន នៅ​ពេល​ដែល​ដើម​របស់​វា​មាន​ផ្លែ​នៅ​ខ្ចី ដែល​ស្លឹក​ម្រុំ​មាន​រសជាតិ​យ៉ាង​ឆ្ងាញ់​ដូច​បន្លែ​ដែរ ហើយនឹង​ផ្នែក​ជា​ច្រើន​ទៀត​របស់​ម្រុំ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ជម្ងឺ ដែល​មានគុណ​តំលៃ​បំផុត ដូច​ជា ស្លឹក ប្ញ​ស គ្រាប់ ផ្កា​ជាដើម​៕