ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ពោត​សាលី​មាន​លើក​ដំបូង​លើ​ទឹក​ដី​ខេត្ត​ ទើប​តែ​បំបែក​ថ្មី​

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ចំនួន​១០​គ្រួសារ កំពុង​សាកល្បង​ដាំពោត​សាលី តាម​រយៈ​ក្រុមហ៊ុន​ចិន​ដែល​បាន​ផ្ដល់​ពូជ​ឲ្យ​ដាំ​សាកល្បង សម្រាប់​បង្កបង្កើន​ផល ដើម្បី​ជួយ​ជំរុញ​ឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​ឡើង…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ចំនួន​១០​គ្រួសារ កំពុង​សាកល្បង​ដាំពោត​សាលី តាម​រយៈ​ក្រុមហ៊ុន​ចិន​ដែល​បាន​ផ្ដល់​ពូជ​ឲ្យ​ដាំ​សាកល្បង សម្រាប់​បង្កបង្កើន​ផល ដើម្បី​ជួយ​ជំរុញ​ឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​ឡើង ។

លោក ថៀ​វ សំ​អាន អនុប្រធាន​ភូមិ​ទួល​ខ្សាច់ ដែល​ជា​ម្ចាស់​ចម្ការពោត​សាលី បានឱ្យ​ដឹង​ថា លោក​បាន​ទទួល​ពូជ​ពោត​នេះ​មក​ពី​ក្រុមហ៊ុន​ចិន ដែល​គេ​ផ្ដល់​ឱ្យ​តាម​រយ​:​លោក​មេឃុំ​ទន្លេ​បិទ ដើម្បី​ចែក​ជូន​ប្រជា​កសិករ​សម្រាប់​ការ​ដាំ​សាកល្បង​ចំនួន​១០​គ្រួសារ ។ ដំណាំ​នេះ​ប្រើ​រយៈពេល​ត្រឹមតែ​៣​ខែ​១០​ថ្ងៃ​ប៉ុណ្ណោះ​នឹង​ទទួលផល ។
លោក​អនុប្រធាន​ភូមិ​បន្ត​ថា ចំណែក​បច្ចេកទេស​ដាំ​ដូច​ដំណាំ​ពោត​យើង ដោយ​មិន​ប្រើប្រាស់​ជី​ក៏​បាន  ព្រោះ​ដី​មាន​ជីជាតិ​ស្រាប់ គឺ​ស្រោចទឹក​ឲ្យ​ជោក​ដី​តែ​ម្តង​នៅ​ពេល​ដើម​វា​ដាក់​គ្រាប់ ហើយ​ការ​ប្រមូល​ផល​គឺ​ច្រូត​ដូច​ដំណាំ​ស្រូវ​ដែរ ។

លោក ថៀ​វ សំ​អាន បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ចិន ពោត​សាលី​នេះ​ឲ្យ​ផល​ក្នុង​១​ហិ​កតា​ពី​៧​ទៅ​៨​តោន ហើយ​វាមាន​លក្ខណ​:​ពិសេស គឺ​ធន់​នឹង​អាកាសធាតុ និង​គ្មាន​ជំងឺ​ដូច​ពោត​យើង​ទេ ។ លោក​បន្ត​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​ភូមិ​គាត់​នាំ​គ្នា​ដាំ​​ពោត​សាលី ហើយ​បើ​ទិន្នផល​និង​តម្លៃ​ល្អ នោះ​ប្រជា​កសិករ​នឹង​នាំ​គ្នា​ដាំពោត​សាលី​នេះ​វិញ ព្រោះថា ខាង​ក្រុមហ៊ុន​ចិន​មក​ទទួល​ទិញ​ក្នុង​តម្លៃ​១​គីឡូក្រាម​៧២០​រៀល ។ ចំណែក​ដើម​ពោត​សាលី​អាច​ធ្វើ​ជា​ចំណី​គោក្របី​បាន និង​ផ្លែ​របស់​វា​យក​ទៅ​ចម្រាញ់​ធ្វើ​ជា​ស្រា​បៀរ​តែ​ម្តង ។

លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន​ដែល​មា​នទី​តាំងនៅ​រាជធានី​ភ្នំពេញ បាន​ទៅ​ទាក់ទង​ខាង​អាជ្ញាធរ​ឃុំ ហើយ​ឃុំ​ក៏​បាន​បញ្ជូន​គ្រាប់ពូជ​ពោត​សាលី​នេះ​ឲ្យ​ទៅ​កសិករ​ដើម្បី​ដាំ​សាកល្បង ។ បើ​បាន​ទិន្នផល​ល្អ និង​មាន​ទីផ្សារ​ត្រឹមត្រូវ​មែន​នោះ គាត់​នឹង​ហៅ​ក្រុមហ៊ុន​នោះ​មក​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ ដើម្បី​ឲ្យ​កសិករ​មាន​ទំនុកចិត្ត​តែ​ម្តង ។

លោក​មេឃុំ​ទន្លេ​បិទ​បញ្ជាក់​ថា  ក្រុមហ៊ុនចិន​ដែល​បាន​ផ្តល់​ពូជ​ដល់​ប្រជា​កសិករ​ដាំ​សាកល្បង​នេះ​មិន​យក​លុយ​ទេ ហើយ​ថែម​ទាំង​ផ្តល់​បច្ចេកទេស​ដាំ និង​ឲ្យ​ប្រជា​កសិករ​ចំនួន​១០​គ្រួសារ​នោះ​ខ្ចី​លុយ​ក្នុង​១​គ្រួសារ​១០០​ដុល្លារ​ផង​ដែរ ៕