ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ឃ្លោក​ទទួល​បាន​ផល​ល្អ​សម្រាប់​កសិករ​ស្រុក​ចំការលើ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដីក្រហម​ក្រៅពី​មាន ជីជាតិ​សម្រាប់​ដំណាំ​កៅស៊ូ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​កែ​ច្នៃ​ដាំ​ឃ្លោក​នៅ​លើ​ផ្ទៃដី​ជិត​៣​ហិ​កតា ដែល​ពេល​នេះ​កំពុង​តែ​ហុច​ផល​បណ្តើរ​ៗ ស្ថិត​នៅ​ភូមិ​បាំង​១ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ និង​ត្រូវ​បាន​ម៉ូយ​មក​ប្រមូល​ទិញ​ដល់​ចំការ​តែ​ម្តង…

ខេត្តកំពង់ចាម ៖ ដីក្រហម​ក្រៅពី​មាន ជីជាតិ​សម្រាប់​ដំណាំ​កៅស៊ូ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​កែ​ច្នៃ​ដាំ​ឃ្លោក​នៅ​លើ​ផ្ទៃដី​ជិត​៣​ហិ​កតា ដែល​ពេល​នេះ​កំពុង​តែ​ហុច​ផល​បណ្តើរ​ៗ ស្ថិត​នៅ​ភូមិ​បាំង​១ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ និង​ត្រូវ​បាន​ម៉ូយ​មក​ប្រមូល​ទិញ​ដល់​ចំការ​តែ​ម្តង ដឹក​មក​លក់​នៅ​តាម​ផ្សារ​ក្នុង​ក្រុង​កំពង់ចាម ផ្សារ​នៅ​ខេត្តកំពង់ធំ និង​រហូត​ដល់​ខេត្តស្វាយរៀង​ផង​ដែរ ។

ឈ្មោះ ហយ ហេ​ន អាយុ​៣៨​ឆ្នាំ នៅ​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ​ថា គាត់​និង​ប្រពន្ធ​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ជាមួយនឹង​ប្រពន្ធ​មក​ស៊ី​ឈ្មួ​ល​បេះ​ផ្លែ​ឃ្លោក​ឲ្យ​ម្ចាស់​ចំការ​ម្នាក់​ឈ្មោះ ឡែ​ន ដោយ​ក្នុង​១​ថ្ងៃ​បាន​កម្រៃ​ចំនួន​២០.០០០​រៀល ។ រួម​ទាំង​ប្រពន្ធ​បាន​៤០.០០០​រៀល ការ​បេះ​នេះ​ត្រូវ​បាន​ដើរ​មើល​ផ្លែ​ឃ្លោក​ណា ដែល​រីក​ធំធាត់​ល្អ​និង​ត្រូវ​ប្រើ​កាំបិត​កាត់​ទង​ដោយ​ថ្ម​ម​ៗ​ដើម្បី​ជៀសវាង​ប៉ះពាល់​ដើម​ដែល​វារ​នៅ​លើ​ដី​មាន​ផ្លែ​តូច​ធំ​ជា​ច្រើន​ទៀត ។ ឈ្មោះ ហយ ហេ​ន ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ឃ្លោក​បាន​ហុច​ផល​ឱ្យ​ដំបូង​ពួក​គាត់​បាន​ដើរ​បេះ​រាល់ថ្ងៃ តែ​ក្រោយមក​រាង​ស្កាល​បន្តិច ក៏​ត្រូវ​បាន​បេះ​១​ថ្ងៃ​រំលង​១​ថ្ងៃ​ទើប​បេះ​ទៀត​ដោយ​បាន​ដើរ​ប្រមូល​ផល​ដាក់​កន្ត្រក់​ប្រមូល​បាន​យក​ទៅ​ដាក់​ជា​គំនរ​នៅ​ចិញ្ចើមថ្នល់ ដើម្បី​រង់ចាំ​ម៉ូយ​មក​ទទួលយក ។

ចំពោះ​សកម្មភាព​ប្រមូល​ផល​ឃ្លោក​នេះ ត្រូវ​បាន​ប្រើ​ពេលវេលា​យ៉ាង​ហោច​ណាស់​២​ខែ​ទៀត​ទើប​ប្រមូល​ផល​អស់ ហើយ​ដើម​ឃ្លោក​ក៏​នឹង​ត្រូវ​ងាប់ ។ បន្ទាប់​មក​ម្ចាស់​ចំការ​នឹង​បាន​ចាប់ផ្តើម​ដាំ​ដុះ​នៅ​ដំណាំ​បន្ត​ទៀត​ទៅ​តាម​រដូវ​កាល​នីមួយ​ៗ ។ ផុ​តពីនេះទៅ​គាត់​នឹង​ដើរ​ស៊ី​ឈ្មួ​ល​កាច់​ពោត និង​ជម្រះ​ស្មៅ​ចំការ​ឲ្យ​គេ​ម្តង ។

បុរស​ឈ្មោះ នូ ឡែ​ន អាយុ​៥១​ឆ្នាំ ម្ចាស់​ចំការ​រស់នៅ​ភូមិ​បាំង​១ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ផ្ទៃដី​របស់​គាត់​ជិត​៣​ហិ​កតា ដែល​នៅ​ជាប់​នឹង​ផ្លូវថ្នល់​នោះ គាត់​បាន​ជួល​ពី​គេ​ក្នុង​១​ហិ​កតា​តម្លៃ​៥០០​ដុល្លារ​ក្នុង​១​ឆ្នាំ នៅ​ដើមរដូវ​គាត់​ដាំ​សណ្តែកដី លុះ​ពេល​ផុត​ពី​នេះ​ដាំ​ឃ្លោក​នៅ​ចុងរដូវ ដែល​កំពុង​តែ​ហុច​ផល​បណ្តើរ ជា​មធ្យម​ក្នុង​១​ហិ​កតា​ឃ្លោក​ហុច​ផល​ពី​៣០​ទៅ​៥០​ឡូត៍​ផង​ដែរ ។ នៅ​ពេល​ដែល​កម្មករ​ប្រមូល​បាន​ផល​ហើយ​នោះ គឺ​មាន​ម៉ូយ​មក​ទិញ​ដល់​ចំការ ដោយ​ក្នុង​១​ឡូត៍​អាច​លក់​បាន​ក្នុង​តម្លៃ​៥.០០០​រៀល ត្រូវ​បាន​គេ​ទិញ​យក​ទៅ​លក់​នៅ​ខេត្តកំពង់ធំ ផ្សារ​ក្រុង​កំពង់ចាម និង​ផ្សារ​នៅ​ខេត្តស្វាយរៀង ជាប់​ព្រំប្រទល់​ជាមួយនឹង​ប្រទេស​វៀតណាម ។

គាត់​ប្រាប់​បន្ត​ថា សម្រាប់​ដី​១​ហិ​កតា​ជួល​គេ​៥០០​ដុល្លារ ក្នុង​ពេល​ដែល​ដាំ​សណ្តែកដី ផល​ដែល​បាន​មក​គ្រាន់​នឹង​ទូទាត់​ការ​ជួល​ថ្លៃ​ដី លុះ​ផុត​ពី​នេះ​បាន​ដាំ​ឃ្លោក​ត្រូវ​បាន​ទទួលផល​ចំណេញ តែ​មិន​បាន​ច្រើន​នោះ​ទេ​គឺ​គ្រាន់តែ​នឹង    ដោះស្រាយ​ជីវភាព​គ្រួសារ និង​ឧបត្ថម្ភ​ដល់​កូន​ៗ​បាន​ទៅ​រៀនសូត្រ​ផង​ដែរ ៕