ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ស្លា​ច្រើន​រយ​ដើម​ក្នុង​ឃុំ​ខ្នារ​ពោធិ៍ និង​ឃុំ​ចាន់​សរ ជា​ការ​ដាំ​ត​ៗ​គ្នា

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដើម​ស្លា​ដែល​ចាស់​ៗ​សម័យ​មុន​ដាំ​ទុក​សម្រាប់​យក​ផ្លែ​ហូប​ជាមួយ​ម្លូ នៅ​ក្នុង​ឃុំ​ខ្នារ​ពោធិ៍ និង ឃុំ​ចាន់​សរ ស្រុក​សូទ្រនិគម បច្ចុប្បន្ន​កំពុង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​កូនចៅ​ជំនាន់​ក្រោយ ទាំង​ដើម​និង​ផ្លែ​របស់​វា ។…

ខេត្តសៀមរាប ៖ ដើម​ស្លា​ដែល​ចាស់​ៗ​សម័យ​មុន​ដាំ​ទុក​សម្រាប់​យក​ផ្លែ​ហូប​ជាមួយ​ម្លូ នៅ​ក្នុង​ឃុំ​ខ្នារ​ពោធិ៍ និង ឃុំ​ចាន់​សរ ស្រុក​សូទ្រនិគម បច្ចុប្បន្ន​កំពុង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​កូនចៅ​ជំនាន់​ក្រោយ ទាំង​ដើម​និង​ផ្លែ​របស់​វា ។

លោកតា ស្រិល យ៉ែ​ម អាយុ​៨៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជប់ ឃុំ​ខ្នារ​ពោធិ៍ បានឱ្យ​ដឹង​ថា ចាស់​ៗ​កាលពី​សម័យ​បុរាណ​ប្រមាណ​ជា​៩០​ភាគរយ​បាន​ហូប​ម្លូ​ស្លា ហើយ​ដើម្បី​បាន​ស្លា​ហូប​ពួក​គាត់​ដាំ​ដើម​ស្លា​នេះ​ស្ទើរតែ​គ្រប់​ផ្ទះ​នៅ​ក្នុងភូមិ ។ ស្លា​ទាំងនោះ ពេល​ផ្លែ​ទុំ​ជ្រុះ​ដុះ​កូន​ដោយ​ខ្លួនឯង​ជា​បន្តបន្ទាប់ ដែល​មក​ដល់​បច្ចុប្បន្ន បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទាំង​ដើម និង​ផ្លែ​របស់​វា ពីព្រោះ​មាន​ឈ្មួញ​ជា​ច្រើន​បាន​នាំ​គ្នា​មក​ទិញ ប៉ុន្តែ​លោកតា​មិន​ច្បាស់​ថា គេ​ទិញ​ដើម និង​ផ្លែ​ស្លា យក​ទៅ​ធ្វើ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ ។

លោកតា ស្រិល យ៉ែ​ម បញ្ជាក់​ថា ចំពោះ​តម្លៃ​លក់​ស្លា​នៅ​ក្នុង​តំបន់​នេះ សម្រាប់​ផ្លែ​ស្លា​ស្រស់​ក្នុង​១​គី​ទ្បូ​ក្រាម​១​ម៉ឺន​រៀល ផ្លែ​ស្លា​ចិត​ហាល​ស្ងួត​១​គី​ទ្បូ​ក្រាម​២​ម៉ឺន​៥​ពាន់​រៀល ។ ក្រុម​គ្រួសារ​របស់​លោកតា ក្នុង​១​ឆ្នាំ​ៗ​ទទួល​បាន​ចំណូល​ពី​ការ​លក់​ស្លា​នេះ​ប្រមាណ​ជាង​១​លាន​រៀល ។ ចំណូល​ទាំងនេះ បាន​រួមចំណែក​ក្នុង​ការ​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ ជា​ពិសេស​បាន​លុយកាក់​ទាំងនេះ សម្រាប់​យក​ទៅ​ធ្វើបុណ្យ​ទាន​២​នាក់​យាយ​ផង​ដែរ ដើម្បី​សន្សំ​កុសល​ទៅ​ជាតិ​មុខ​។

លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បានឱ្យ​ដឹង​ថា នៅ​ក្នុងស្រុក​សូទ្រនិគម​សព្វថ្ងៃ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០គ្រួសារ នៅ​ក្នុង​ឃុំ​ខ្នារ​ពោធិ៍ និង​ឃុំ​ចាន់​សរ ដែល​មាន​ស្លា​លក់ ក្រៅពី​នោះ​ពួក​គាត់​ធ្វើស្រែ​ចម្ការ ។ បច្ចុប្បន្ន ទីផ្សារ​លក់​ស្លា​ខុស​ពី​កសិផល​ផ្សេង​ៗ​ត្រង់​ថា ឈ្មួញ​មក​ទិញ​ដល់​ផ្ទះ ហើយ​បើ​គ្មាន​អ្នកទិញ ស្លា​នេះ​ក៏​អត់​ខូច​ដែរ ព្រោះ​គេ​ចិត​ដាក់​ហាល​ឱ្យ​ស្ងួត​ទុក​បាន​យូរ ។

លោក​អភិបាលស្រុក​បញ្ជាក់​ថា ដើម​ស្លា​មួយ​ចំនួន​ធំ​ត្រូវ​បាន​គេ​ទិញ​ទាំង​រស់​យក​ទៅ​ដាំ​លម្អ​តាម​ស​ណ្ឋ​គារ ផ្ទះសំណាក់ នៅ​តាម​ភោជនីយដ្ឋាន និង​តាម​ទី​សាធារណៈ​ក្នុង​ក្រុង​សៀមរាប ៕