ខេត្តប៉ៃលិន ៖ ខណៈកសិករមួយចំនួនកំពុងជួបក្តីកង្វល់ពីការធ្លាក់ថ្លៃដំឡូងមី ក៏មានកសិករមួយចំនួនរស់នៅក្នុងខេត្តប៉ៃលិន មិនខ្វល់ខ្វាយចំពោះបញ្ហាដំឡូងមីធ្លាក់ថ្លៃនោះទេ ហើយថែមទាំងមិនព្រួយបារម្ភចំពោះបញ្ហាអាកាសធាតុរាំងស្ងួតយូរឡើយ ព្រោះពួកគាត់ជ្រើសរើសពូជដំឡូងមីល្អ ធន់នឹងអាកាសធាតុ និងទទួលទិន្នផលខ្ពស់ថែមទៀតផង ពោលគឺចាប់ពី៥៥ទៅ៦០តោនក្នុង១ហិកតា ។ បើដាំប៉ះចំដីមានជីជាតិល្អអាចទទួលផលពី៦០ទៅ៧០តោនខណៈពូជដំឡូងមីដទៃទៀតទទួលផលបានត្រឹមតែ២៥ទៅ៣០តោនក្នុង១ហិកតាប៉ុណ្ណោះ ។
កសិករឈ្មោះ ប៊ុត កែវ ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ ឡុង ច្រូង អាយុ៤៦ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានឱ្យដឹងកាលពីរសៀលថ្ងៃទី២០ មករាថា កាលពីឆ្នាំ២០១៣ គាត់បានសុំពូជដំឡូងមីម្យ៉ាងប្រភេទ AM 089 ពីបុរសម្នាក់ ឈ្មោះ អ៊ុក ទូច ចំនួន២ដើមយកទៅដាំសាកមើល ស្រាប់តែទទួលបានទិន្នផលខ្ពស់ក្នុង១គុម្ពដកបានជាង១០គីឡូក្រាម ទើបនៅឆ្នាំ២០១៤ គាត់ដាំជិតកន្លះហិកតា លុះប្រមូលផលយកទៅចិញ្ច្រាំហាលស្ងួត ថ្លឹងបានចំនួន១៧តោន ។ នៅឆ្នាំ២០១៥ គាត់ដាំរហូតដល់១២ហិកតា ហើយក្នុង១ហិកតាទទួលបានផលចាប់ពី៦០ ទៅ៧០តោន បើទោះបីជាប្រឈមការរាំងស្ងួតយូរ តែដំឡូងមីគាត់មិនងាប់នោះទេ ពោលគឺធន់នឹងកម្តៅថ្ងៃ ។
បើតាមលោក ពៅ ហឿន អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុច ឯក អាយុ៥៣ឆ្នាំ បានឱ្យដឹងថា ឆ្នាំ២០១៣ គាត់សាកល្បងដាំពូជដំឡូងមីនេះត្រឹមតែ១៥បាច់ប៉ុណ្ណោះ ព្រោះមិនទាន់ជឿជាក់ លុះទទួលផលខ្ពស់គាត់ដាំបន្ថែមនៅឆ្នាំ២០១៤ចំនួនជាងកន្លះហិកតាដែរដោយទទួលផលចំនួន៣០តោន ។ នៅឆ្នាំ២០១៥ គាត់ដាំរហូតដល់១០ហិកតាហើយពេលដកសាកមើលក្នុង១គុម្ពទទួលបានពី១៥ទៅ២០គីឡូក្រាម ។
ចំណែកលោក អ៊ុក ទូច អាយុ៤២ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ុត ទឹម អាយុ៣៥ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឱ្យដឹងថា ពូជដំឡូងមីល្អប្រភេទAM89នេះខាងលោកនាំយកមកពីមន្ទីរពិសោធន៍មួយឈ្មោះស៊ីឃិវ ក្នុងប្រទេសថៃ ដោយលោកបានសាកល្បងដាំនៅឆ្នាំ២០១៣ត្រឹមតែ២០ហិកតា លុះទទួលបានទិន្នផលខ្ពស់នៅឆ្នាំ២០១៤ដាំចំនួន៤០ហិកតា រហូតដល់ឆ្នាំ២០១៥ លោកដាំចំនួន៨០ហិកតា។ បើដីមិនសូវល្អទទួលផលពី៥៥ទៅ៦០តោនក្នុង១ហិកតា តែបើប៉ះចំកន្លែងដីល្អ ចាប់ពី៦០ទៅ៧០តោនក្នុង១ហិកតា ។ ចំណែកអ្នកដែលដាំដំឡូងមីពូជផ្សេងពីនេះ នៅក្បែរដីចម្ការរបស់លោកដែរ ខណៈសុំម្ចាស់គេដកប្រៀបធៀបមើលទិន្នផលចំនួនពីរទៅបីគុម្ព ស្រាប់តែឃើញមានមើមខ្លីៗហើយមានទម្ងន់ប្រហែល៣ទៅ៤គីឡូក្រាមក្នុង១គុម្ពប៉ុណ្ណោះ ។ ដូច្នេះលោកសូមអំពាវនាវដល់កសិករទាំងអស់រស់នៅក្នុងខេត្តប៉ៃលិន ងាកមកដាំពូជដំឡូងមីល្អដែលលោកបានដាំនេះវិញ ដើម្បីទទួលបានទិន្នផលខ្ពស់ ហើយបើចង់បានពូជដំឡូងនេះសូមទាក់ទងតាមទូរស័ព្ទលេខ ០៩៧ ៦៧៧ ៣១៣៨៕
ចែករំលែកព័តមាននេះ