ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​សត្វ​ចៃ​បំផ្លាញ​ដំណាំ

6 ឆ្នាំ មុន

ចៃ​ជា​សត្វល្អិត​មួយ​ប្រភេទ ដែល​តែងតែ​បំផ្លាញ​ដំណាំ​បន្លែ​នៅ​គ្រប់​ដំណាក់កាល​លូតលាស់​ទាំងអស់ ។ ចៃ​គ្រប់​ប្រភេទ​ទាំងអស់ ស្ថិត​ក្នុង​អំបូរ «​អា​ភី​ឌី​ដេ (Aphididae)» ឈ្មោះ​ជា​ភាសា​អង់គ្លេស អា​ភី​ត (Aphids)…

ចៃ​ជា​សត្វល្អិត​មួយ​ប្រភេទ ដែល​តែងតែ​បំផ្លាញ​ដំណាំ​បន្លែ​នៅ​គ្រប់​ដំណាក់កាល​លូតលាស់​ទាំងអស់ ។ ចៃ​គ្រប់​ប្រភេទ​ទាំងអស់ ស្ថិត​ក្នុង​អំបូរ «​អា​ភី​ឌី​ដេ (Aphididae)» ឈ្មោះ​ជា​ភាសា​អង់គ្លេស អា​ភី​ត (Aphids) ។

រុ​ក្ខ​ជាតិ​ដែល​ជា​ជម្រក​របស់​វា
រុក្ខជាតិ​ដែល​ពួក​ចៃ​តែងតែ​បំផ្លាញ និង​យក​ធ្វើ​ជា​ជម្រក​របស់​វា​មាន ពពួក​ដំណាំ​សណ្ដែក ត្រសក់ ពោត ដំឡូង ខ្ទឹមបារាំង ពពួក​ដំណាំ​ស្ពៃ ម្ទេស ។​ល​។

លក្ខណៈ​រូបរាង
ពពួក​ចៃ​ជា​ទូទៅ​មានខ្លួន​ទន់ មាន​រាង​ប៉ោង​ស្រួច​ក្បាល ដងខ្លួន​មាន​ប្រវែង ៤​មី​ល្លី​ម៉ែត្រ (៤​លី​) ។ ចៃ​មាន​២​ប្រភេទ​គឺ ចៃ​មាន​ស្លាប និង​គ្មាន​ស្លាប ។ ចំពោះ​ចៃ​មាន​ស្លាប ដងខ្លួន​មាន​ប្រវែង ១,៦​ទៅ​២,៦​មី​ល្លី​ម៉ែត្រ (​ជិត​៣​លី​) ។ នៅ​លើ​ដងខ្លួន​របស់​វា គ្របដណ្ដប់​ទៅ​ដោយ​ជាតិ​ម្សៅ​ក្រមួន ពណ៌​ស​ប្រផេះ ដែល​បញ្ចេញ​ទៅ​លើ​រុក្ខជាតិ​ដែល​វា​រស់នៅ ។

ចៃ​មាន​ស្លាប​(​ចៃ​ញី​) មាន​ប្រវែង​ដងខ្លួន​វែង​ជាង​ចៃ​គ្មាន​ស្លាប ។ សរសៃ​ឆ្នូត​ៗ​នៅ​លើ​ស្លាប​របស់​វា មាន​ពណ៌​ត្នោត ។     ​

លក្ខណៈ​ជីវសាស្ដ្រ
សត្វ​ចៃ​បង្ក​កំណើត​ដោយ​ភេទ និ​ត​អភេទ (​ដោយ​ភេទ​មាន​ន័យ​ថា ចៃ​ញី និង​ចៃ​ឈ្មោល​អាច​ផ្ដល់​កំណើត​ដល់​កូនចៃ​តូច​ៗ ឯ​អភេទ​មាន​ន័យ​ថា មេ​ចៃ​អាច​ផ្ដល់​កំណើត​ដោយ​ឯកឯង​ទៅ​ជា​កូនចៃ​តូច​ៗ ដោយ​មិន​ចាំបាច់​មាន​ចៃ​ឈ្មោល​ទេ​) ។ ចៃ​ពេញវ័យ អាច​បង្ក​កំណើត​បានកូន​ពី​២​ទៅ​២០​ក្បាល ក្នុង​មួយ​ថ្ងៃ ។ ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​សម​ស្រប ថៃ​អាចរ​ស់បាន​រហូត​ដល់​២​អាទិត្យ ។

លក្ខណៈ​នៃ​ការ​បំផ្លាញ
ពពួក​ចៃ​បំផ្លាញ​ដំណាំ​តាម​២​របៀប ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ។

ការ​បំផ្លាញ​ដោយ​ផ្ទាល់ ៖ វា​ច្រើន​រស់នៅ​ជា​ក្រុម​យ៉ាង​កកកុញ​នៅ​លើ និង​ក្រោម​ផ្ទៃ​ស្លឹក និង​លើ​ទង​ផ្លែ សី​ុ​ជញ្ជក់​ត្រួយ ដោយ​ប្រើ​ម្ជុល ដើម្បី​បី​តយ​ក​រុក្ខ​រស​ពី​ត្រួយ និង​ស្លឹក​រុក្ខជាតិ​។ លទ្ធផល​នៃ​ការ​ស៊ីបំផ្លាញ ធ្វើ​ឱ្យ​ស្លឹក​ខូច​ទ្រង់ទ្រាយ បន្ថយ​ការ​លូតលាស់ ក្រិន និង​ឈាន​ទៅ​ដល់​ងាប់ ប្រសិនបើ​មានការ​បំផ្លាញ​ខ្លាំង ។  ពពួក​ចៃ​អស់ទាំង​នោះ វា​មិន​ត្រឹមតែ​សី​ុ​បំផ្លាញ​ដំណាំ​ទេ វា​ថែម​ទាំង​បញ្ចេញ​អាចម៍ ឬ​សារធាតុ​ម្យ៉ា​ង​ដែល​មាន​ជាតិ​ផ្អែម ធ្វើ​ឱ្យ​មាន​ផ្សិត​ដុះ​នៅ​លើ​ស្លឹក​រុក្ខជាតិ​នោះ ហើយ​គេ​តែង​សង្កេត​ឃើញ​កន្លែង​ណា​មាន​ចៃ កន្លែង​នោះ​មាន​ស្រមោច ដោយ​ស្រមោច​វា​មក​រោម​សារធាតុ​ផ្អែម ដែល​បញ្ចេញ​ពី​ចៃ ។

ការ​បំផ្លាញ​ដោយ​ប្រយោល​៖ ការ​បំផ្លាញ​ដោយ​ប្រយោល​នេះ​គឺ​មាន​ន័យ​ថា ពួក​ចៃ​ទាំងនោះ​បាន​នាំ​ជំងឺ​វីរុស​ចំលង​ដល់​រុក្ខជាតិ​ទៀត ។

វិធានការ​កម្ចាត់
ពពួក​ចៃ​គ្រប់​ប្រភេទ​ទាំងអស់ មាន​វដ្ដ​ជីវិត​រស់នៅ​ដូច​ៗ​គ្នា និង​វិធានការ​កម្ចាត់​ក៏​ដូច​គ្នា​ដែរ​។

ក្នុង​ការ​កម្ចាត់​ពពួកសត្វ​ចៃ​ឱ្យ​មាន​ប្រសិទ្ធភាព ដោយ​ពុំ​ចាំបាច់​ប្រើ​ថ្នាំពុល​កសិកម្ម យើង​មាន​វិធានការ​សាមញ្ញ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​៖
១-​កម្ចាត់​ដោយ​សត្រូវ​ធម្មជាតិ​របស់​វា សត្វ​មាន​ប្រយោជន៍ (​ឧ​ទា​. ស្រមោច​ត្រោក​អង្ក្រង​។​ល​។​)
២-​ផ្ដល់​ជីជាតិ​ដល់​ដី ជា​ពិសេស​ជី​កំ​ប៉ុ​ស្ដ
៣-​ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​បាញ់់​លើ​ដំណាំ រុក្ខជាតិ​មួយ​ចំនួន​ដូច​ជា ទៀប​ស្រុក ឬ​ទៀបបារាំង ខ្ទឹមស ផ្លែ​ម្ទេស ស្ដៅ ថ្នាំជក់ ក្បៀស បុ​ិ​កួៈ ទឹកនោម ទឹក​ល្បាយ​សាប៊ូ យើង​អាច​ប្រើ​ជា​ថ្នាំ​សម្លាប់សត្វ​ល្អិត​បាន ជា​ពិសេស​សត្វ​ចៃ
៤.​យើង​អាច​ដាំ​ដំណាំ​ឆ្លាស់ ឬ​ចម្រុះ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​បំផ្លាញ​របស់​សត្វល្អិត ៕