រាជធានីភ្នំពេញ ៖ ក្រោយពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានចេញលិខិតចាត់វិធានការទប់ស្កាត់ការបន្ទាបថ្លៃកសិផល ត្រូវបានផ្ញើទៅប្រធានមន្ទីរកសិកម្មរាជធានី-ខេត្ត ដែលកម្មវត្ថុនៃលិខិតនេះ បានស្នើឱ្យចាត់វិធានការការទប់ស្កាត់ការប្រមូលទិញកសិផល ដោយបន្ទាបថ្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្ម នៅមន្ទីរកសិកម្មខេត្តបាត់ដំបងបានបើកប្រជុំពិភាក្សាលើតម្លៃស្រូវ ដែលអាចប្រមូលទិញពីប្រជាកសិករនៅតាមខេត្តនានា ។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ កិច្ចប្រជុំបន្តពិភាក្សាលើបញ្ហាតម្លៃស្រូវ និងកសិផលដំឡូងមី ពោត ដែលកាន់តែមានតម្លៃធ្លាក់ចុះថោក ត្រូវបានធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្មខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្ដម ច័ន្ទ សុផល និងឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាល និងអភិបាលរងខេត្ត អមដំណើរដោយលោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោកឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត លោកអនុប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាល អភិបាលរងស្រុកថ្មគោល អភិបាល អភិបាលរងស្រុកបវេល ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្នុងឃុំខ្នាចរមាស ស្រុបវេល ។
ឯកឧត្ដម ច័ន្ទ សុផល អភិបាលខេត្ត បានមានប្រសាសន៍ថា យោងអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវរកទីផ្សារតម្លៃស្រូវជូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការធ្លាក់តម្លៃស្រូវ ។ ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ភូមិ ឃុំ ស្រុក គ្រប់លំដាប់ថ្នាក់ ជួយសហការជាមួយលោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងមកប្រមូលទិញស្រូវដល់ទីនេះ ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានសូមអាជ្ញាធរ ភូមិ ឃុំ ស្រុក គ្រប់លំដាប់ថ្នាក់ជួយផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់ធនាគារស្រូវ(កម្ពុជា) ភីអិលស៊ីដល់ប្រជាកសិករក្រោយពីប្រជុំ និងផ្សព្វផ្សាយដល់មូលដ្ឋានរបស់គណៈប្រតិភូខេត្ត ។
នៅក្នុងកិច្ចប្រជុំនោះដែរលោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បាននាំសេចក្ដីជូនដំណឹងពីធនាគារស្រូវ(កម្ពុជា) ភីអិលស៊ីមកប្រកាសជម្រាបជូនប្រជាកសិករដែលមានអត្ថន័យដូចខាងក្រោម ៖
១-សូមបងប្អូនប្រជាកសិករឈប់លក់ស្រូវសែនក្រអូបសើមនៅក្នុងតម្លៃក្រោម ៨៤០រៀល = ៧បាត ក្នុងមួយគីឡូក្រាម។
២-ធនាគារស្រូវសូមប្រកាសទិញស្រូវសែនក្រអូបសើមក្នុងតម្លៃចាប់ពី ៨៤០រៀល = ៧បាតក្នុងមួយគីឡូក្រាមពីកសិករផ្ទាល់នៅនឹងស្រែ ។
៣-ធនាគារស្រូវសូមប្រកាសទិញស្រូវសែនក្រអូបសើមក្នុងតម្លៃចាប់ពី ៩០០រៀល = ៧.៥បាតក្នុងមួយគីឡូក្រាមពីកសិករនៅទីតាំងក្រុមហ៊ុនធនាគារស្រូវ(កម្ពុជា) ភីអិលស៊ី ដែលមានទីតាំងស្ថិតនៅផ្លូវជាត់លេខ៥ ភូមិព្រៃកូនសេក សង្កាត់អូចារក្រុង និងខេត្តបាត់ដំបង។
៤-សូមប្រកាសជម្រាបជូនដល់បងប្អូនប្រជាកសិករទាំងអស់ដែលមិនទាន់ចង់លក់ស្រូវបងប្អូនអាចដឹកស្រូវមកសម្ងួត និងទុកផ្ញើនៅធនាគារស្រូវបាន ។
៥-ធនាគារស្រូវបាន និងកំពុងធ្វើកិច្ចសហការគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវក្នុងការដឹកស្រូវមកបញ្ចាំស្តុកទុកនៅធនាគារស្រូវ និងទិញកាត់ស្រូវពីធនាគារស្រូវ បញ្ចាំស្តុកទុកដោយទទួលបានប្រាក់កំចី៧០ភាគរយពីធនាគារស្រូវ ។ ជាមួយគ្នានេះធនាគារស្រូវនឹងជួយទិញអង្ករពីរោងម៉ាស៊ីនកិនស្រូវស្តុកទុកលក់ បញ្ចាំ សម្រាប់អ្នកនាំចេញ។ សម្រាប់លក្ខខណ្ឌរោងម៉ាស៊ីនកិនស្រូវដែលធនាគារស្រូវជួយគាំទ្រក្នុងការបញ្ចាំស្តុក និងជួយទិញអង្ករគឺក្នុងករណីដែលរោងម៉ាស៊ីនកិនស្រូវនោះឲ្យឈ្មួញរបស់ខ្លួនទទួលទិញស្រូវសែនក្រអូបសើមពីប្រជាកសិករក្នុងតម្លៃចាប់ពី ៨៤០រៀល = ៧បាតក្នុងមួយគីឡូក្រាម ។
៦-ធនាគារស្រូវនឹងអនុវត្តគោលការណ៍ខាងលើនេះសម្រាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦តទៅ។ ករណីមានការផ្លាស់ប្ដូរ ឬកែប្រែណាមួយនោះធនាគារស្រូវនឹងជម្រាបជូនដំណឹងជាថ្មីនៅពេលបន្ទាប់ ៕
ចែករំលែកព័តមាននេះ