ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការផលិតចំណីសត្វក្នុងស្រុកកើនឡើងឆ្លើយតបតម្រូវការអ្នកចិញ្ចឹមត្រី ជ្រូក មាន់ក្នុងស្រុក

3 ឆ្នាំ មុន

រដ្ឋមន្រ្តីក្រសួងកសិកម្មបានជំរុញឲ្យក្រុមហ៊ុនវិនិយោគលើការផលិតចំណីសត្វសម្រាប់ការផ្គត់ផ្គង់ដល់ការចិញ្ចឹមមាន់ ជ្រូកនិងត្រី នៅក្នុងស្រុកឲ្យបានច្រើន ដោយសារបច្ចុប្បន្ននេះ ការចិញ្ចឹមសត្វកំពុងរីកចម្រើន។ សូមជម្រាបថា អ្នកចិញ្ចឹមត្រី មាន់ និងជ្រូក នៅកម្ពុជាបានត្អូញត្អែរថាការចិញ្ចឹមសត្វ​នៅក្នុងស្រុកបានចំណាយដើមទុនខ្ពស់លុះបានផលិតផលលក់មិនឈ្នះផលិផលនាំចូលពីបរទេស…

រដ្ឋមន្រ្តីក្រសួងកសិកម្មបានជំរុញឲ្យក្រុមហ៊ុនវិនិយោគលើការផលិតចំណីសត្វសម្រាប់ការផ្គត់ផ្គង់ដល់ការចិញ្ចឹមមាន់ ជ្រូកនិងត្រី នៅក្នុងស្រុកឲ្យបានច្រើន ដោយសារបច្ចុប្បន្ននេះ ការចិញ្ចឹមសត្វកំពុងរីកចម្រើន។

សូមជម្រាបថា អ្នកចិញ្ចឹមត្រី មាន់ និងជ្រូក នៅកម្ពុជាបានត្អូញត្អែរថាការចិញ្ចឹមសត្វ​នៅក្នុងស្រុកបានចំណាយដើមទុនខ្ពស់លុះបានផលិតផលលក់មិនឈ្នះផលិផលនាំចូលពីបរទេស ដែលមានថ្លៃដើមចិញ្ចឹមទាប។ ចំណីសត្វនិងពូជសត្វចិញ្ចឹម​ភាគច្រើនកសិករទិញរបស់នាំចូល នេះបើតាមការបញ្ជាក់ពីអ្នកចិញ្ចឹមមាន់ ចិញ្ចឹមត្រីនៅកម្ពុជា។

នៅពេលចុះពិនិត្យចង្វាក់ ផលិតកម្មក្រុមហ៊ុនផលិតចំណីសត្វមួយកន្លែង នៅក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥មករាឆ្នាំ២០២១នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថាពេលនេះជា ឱកាសល្អក្នុងការបង្កើតផលិតចំណីសត្វដ់ម្បីចូលរួមចំណែកបង្កើនផលិតកម្មចិញ្ចឹមសត្វ និងត្រីតាមរយ:ការផលិតចំណីមានគុណភាពល្អ និងតម្លៃសមរម្យ ឆ្លើយតបតាមតម្រូវការក្នុងស្រុក បង្កើតការងារ និងបង្កើនចំណូលគ្រួសារ។ លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឲ្យក្រុមហ៊ុន ប្រើវត្ថុធាតុដើមក្នុងស្រុកឲ្យបានច្រើនជាងនេះបន្ថែមទៀត តាមរយ:ការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព កាត់បន្ថយការនាំចេញ។

បើតាមនាយកគ្រប់គ្រងផលិតចំណីសត្វឈ្មោះ AGRI-MASTER  ថា កន្លងមកក្រុមហ៊ុនផលិតតែចំណីជ្រូក មាន់ ទា និងគោតែប៉ុណ្ណោះ ប៉ុន្តែដោយសារវិស័យវារីវប្បកម្មមានការីកចម្រើន ក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការវិនិយោគដោយពង្រីកខ្សែច្រវាក់ផលិតកម្មទៅផលិតចំណីត្រីថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនអាចផលិតចំណីត្រីបាន ៦០០តោនក្នុងមួយខែ ហើយចំពោះចំណីជ្រូក មាន់ ទា និងគោ គឺអាចផលិតបានចំនួន ៧ ០០០តោនក្នុងមួយថ្ងៃ លក់បាន ៩ ០០០តោនក្នុងមួយខែ។ ក្នុងឆ្នាំ២០២០ កន្លងមកក្រុមហ៊ុនផលិតគ្រប់ប្រភេទសរុបបាន ៨៥ ០០០-៩០ ០០០តោន។ ចំពោះវត្ថុធាតុដើមវិញ គឺក្រុមហ៊ុនបានប្រមូលទិញក្នុងស្រុករួមមានពោត កន្ទក់ កញ្ចុងអង្ករ ដំឡូងមី និងកាកស្រាបៀសរុបបានជាង ៤០ ០០០តោនក្នុងមួយឆ្នាំ។ ក្រៅពីផលិតកម្មចំណី ក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមសត្វ និងកិច្ចសន្យាសហការចិញ្ចឹមជាមួយកសិករនៅតាមបណ្តាខេត្តផងដែរ។

កាលពីចុះពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី ក្នុងខេត្តព្រៃវែងកាលពីពាក់កណ្តាលឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមន្រ្តីពាក់ព័ន្ធជំរុញការវិនិយោគចំណីសត្វ នៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់ចំណីសត្វក្នុងតម្លៃសមរម្យដល់អ្នកចិញ្ចឹមត្រី មាន់ កង្កែបជាដើម ដើម្បីជំរុញវិស័យចិញ្ចឹមសត្វនេះឲ្យមានការរីកចម្រើន កាត់បន្ថយការចំាចូលត្រី សាច់ពីប្រទេសជិតខាង និងបង្កើតការងារ ដល់ពលរដ្ឋក្នុងស្រុកផង៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ