ខេត្ដព្រៃវែង ៖ បងប្រុស សយ សុខា ប្រជាកសិករនៅឃុំកោះរការ ស្រុកពាមជរ បានប្រាប់កោះសន្តិភាពថា បច្ចុប្បន្នមុខរបរដាំសណ្តែកបាយពុំសូវទទួលបានផលចំណេញទេ រហូតធ្វើឱ្យកសិករដាំសណ្តែកបាយមួយចំនួនបោះបង់ចោលរបរមួយនេះងាកទៅចាប់យកមុខរបរថ្មីមកជំនួសវិញ ។
បងប្រុស សយ សុខា បានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យមុខរបរដាំសណ្តែកបាយនេះមិនសូវចំណេញ ដោយសារតែទុនដែលប្រើប្រាស់ក្នុងការដាំសណ្តែកត្រូវចំណាយអស់ច្រើន គឺពូជសណ្តែកក៏ថ្លៃ ជី និងថ្នាំផ្សេងៗក៏ថ្លៃ ខណៈសណ្តែកបាយនៅលើទីផ្សារមានតម្លៃថោក ហើយបញ្ហាសំខាន់គឺពុំសូវមានទីផ្សារតែម្តង ។
ដោយឡែក ប្រជាកសិករផ្សេងទៀតបានប្រាប់ឱ្យដឹងដែរថា សណ្តែកបាយដែលពួកគាត់ដាំបាន គឺមិនអាចយកទុកធ្វើពូជដាំបន្តទៀតបាននោះទេ ព្រោះវាផ្តល់គ្រាប់តូចល្អិតហើយក៏មិនបានច្រើនទៀតផង ។ ដូច្នេះហើយទើបកសិករទាំងអស់ត្រូវបង្ខំចិត្តទិញពូជសណ្តែកថ្មីពី ប្រទេសវៀតណាមយកមកដាំបន្ត បើទោះបីជាតម្លៃថ្លៃក៏ដោយតែវាផ្តល់ផលច្រើនជាងពូជដែលយើងដាំបាន ។ ជាមួយគ្នានេះ បញ្ហាជី និងថ្នាំផ្សេងៗក៏ត្រូវទិញពីប្រទេសវៀតណាមដែរ ព្រោះជីខ្មែរដែលនាំចូលពីថៃមានតម្លៃថ្លៃជាងជីវៀតណាម ។
ប្រជាកសិករទាំងនោះ បានសំណូមពរសុំឱ្យរាជរដ្ឋាភិបាលជួយរកទីផ្សារសណ្តែកឱ្យពួកគាត់ផង ព្រោះបច្ចុប្បន្ននេះទីផ្សារមានតែនៅលើមាត់ឈ្មួញវៀតណាមប៉ុន្មាននាក់ប៉ុណ្ណោះ គ្មានឈ្មួញក្នុងស្រុកណាម្នាក់ទិញនោះទេ ។ ហើយក៏ស្នើសុំឱ្យខាងមន្ទីរកសិកម្មខេត្ត មេត្តាជួយដោះស្រាយបញ្ហាតម្លៃជីក្នុងស្រុកផង ពួកគាត់ចង់ប្រើប្រាស់ជីក្នុងស្រុកព្រោះវាមានគុណភាពជាងជីវៀតណាម ប៉ុន្តែមានបញ្ហាត្រង់ជីក្នុងស្រុកមានតម្លៃខ្ពស់ពេក ពួកគាត់គ្មានលទ្ធភាពទិញទេ ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងតាមទូរស័ព្ទថា កន្លងមកមន្ទីរធ្លាប់បានចុះទៅបណ្តុះបណ្តាលដល់កសិករអំពីវិធីសាស្ត្រក្នុងការជ្រើសរើស និងរក្សាទុកពូជសណ្តែកបាយសម្រាប់ដាំបន្តនៅតាមបណ្តាស្រុកមួយចំនួនរួចហើយ ។ ប៉ុន្តែសម្រាប់កសិករដែលនៅមិនទាន់ចេះ ក៏មិនចាំបាច់ទៅរកទិញពីប្រទេសវៀតណាម ដែរ ព្រោះពូជសណ្តែកបាយនេះគឺមានលក់នៅគ្រប់ទីផ្សារក្នុងស្រុកតែម្តង ហើយតម្លៃវិញក៏សមរម្យមិនថ្លៃនោះទេ ។ ចំណែករឿងជី និងថ្នាំកសិកម្មនោះ មន្ត្រីជំនាញក៏ដូចជារដ្ឋាភិបាល មិនអាចកំណត់រឿងតម្លៃបានទេ ព្រោះវាជាចរន្តភាវូពាណិជ្ជកម្មទីផ្សារសេរី បើបរិមាណតម្រូវការច្រើន ផលិតផលផ្គត់ផ្គង់តិច នោះតម្លៃគឺត្រូវតែថ្លៃហើយ តែបើតម្រូវការតិច ឯចំនួនផលិតផលផ្គត់ផ្គង់ច្រើន នោះតម្លៃក៏ត្រូវតែធ្លាក់ចុះដែរ ។
ដោយឡែក លោក នង សំហឿង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានឱ្យដឹងថា ពាក់ព័ន្ធរឿងទីផ្សារផលិតផលក្នុងស្រុកនេះ កន្លងមកលោកធ្លាប់នាំយកកសិផលរបស់ប្រជាកសិករក្នុងខេត្តព្រៃវែង ទាំងសណ្តែកបាយ ពោត ស្រូវ និងកសិផលជាច្រើនទៀត ទៅចូលរួមដាក់តាំងបង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ថ្នាក់ជាតិជាច្រើនលើកច្រើនសាមកហើយ ដើម្បីទាក់ទាញអ្នកវិនិយោគ និងក្រុមហ៊ុនធំៗក្នុងស្រុក ឱ្យចូលមកប្រមូលទិញ ។ ជាពិសេសថែមទាំងបានកៀងគរក្រុមហ៊ុនទាំងនោះ ឱ្យមកបង្កើតរោងចក្រកែច្នៃផលិតផលកសិផលទាំងនោះនៅក្នុងខេត្តព្រៃវែងទៀតផង ដើម្បីឱ្យកសិផលទាំងនោះមានទីផ្សារផង និងដើម្បីបង្កើតការងារឱ្យប្រជាជនក្នុងខេត្តផងដែរ ។ ប៉ុន្តែជាអកុសលរហូតមកដល់ពេលនេះ គឺនៅមិនទាន់មានក្រុមហ៊ុនណាមួយចាប់អារម្មណ៍ទាល់តែសោះ ។ ទោះជាយ៉ាងណាលោកក៏នៅតែខំប្រឹងប្រែងតទៅទៀតដែរតាមរយៈការធ្វើរបាយការណ៍ស្នើសុំទៅក្រសួងឱ្យជួយផ្សព្វផ្សាយបន្ត និងផ្សព្វផ្សាយដោយផ្ទាល់ក្នុងពេលទៅប្រជុំនៅក្រៅប្រទេសម្តងៗដូចជានៅថៃ និងវៀតណាមជាដើម ៕
ចែករំលែកព័តមាននេះ