ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារៀបចំទំនិញ៦៥មុខ នាំទៅចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix) រាយមុខទំនិញសក្តានុពលពី ៥០មុខ ទៅជា ៦៥…

រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix) រាយមុខទំនិញសក្តានុពលពី ៥០មុខ ទៅជា ៦៥ មុខទំនិញ ដោយត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានា ដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា ។

ការសិក្សាលើទំនិញទាំង ៦៥មុខនេះ ដោយផ្អែកលើឯកសារគោល ដែលបានដក ស្រង់ចេញពីឯកសារគោលនយោបាយពាណិជ្ជកម្ម និងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមូល ដ្ឋានច្បាស់លាស់ និងមានមូលដ្ឋានសម្រាប់ធ្វើការនាំចេញ។

ក្រសួងពាណិជ្ជកម្មបានកំពុងធ្វើកិច្ចការខាងលើនេះ ហើយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ គឺជាកិច្ចប្រជុំលើកទី៧ ដែលក្រុមការងារបានពិភាក្សាគ្នា។ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំនៅថ្ងៃនេះ ពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នេះ ។

នៅក្នុងកិច្ចប្រជុំនេះ មន្រ្តីជំនាញបានស្នើសិក្សាស្រាវជ្រាវបន្ថែមទៀត លើទំនិញគោល១មុខដែលអាចធ្វើការ កែច្នៃទៅជាទំនិញជាច្រើនមុខ(ទំនិញដេរីវ៉េ)តាមរយៈផលិតកម្ម ការកែច្នៃបង្កើតតម្លៃបន្ថែម ដោយត្រូវសិក្សាអំពីលេខបន្ទាត់ពន្ធគយ (HS code) របស់ទំនិញដេរីវ៉េទាំងនោះដែលអាចទទួលបានភាពអនុគ្រោះក្នុងការនាំចេញទៅកាន់ប្រទេសចិន។ជាលទ្ធផល អង្គរប្រជុំបានឯកភាពដាក់របៀបវារៈលើការសិក្សាលើតារាង ម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញសក្តានុពលទាំង ៦៥ ទៅក្នុងកិច្ចប្រជុំលើកក្រោយទៀត និងបានឯកភាពគ្នាត្រូវបញ្ចប់តារាងម៉ាទ្រិចទំនិញទាំង ៦៥ មុខនោះសម្រាប់ទំនិញនាំចេញទៅកាន់ទីផ្សារចិនដំណាច់ខែមករាឆ្នាំ ២០២១នេះ។

សូមបញ្ជាក់ថា ឯកសារយុទ្ធសាស្រ្តពាណិជ្ជកម្មដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា គឺជាឯកសាររស់ ដែលនឹងត្រូវធ្វើការសិក្សាស្រាវជ្រាវលើមុខទំនិញសក្តានុពល ជាបន្តបន្ទាប់ទៀត និងត្រូវពង្រីកការសិក្សាស្រាវជ្រាវឯកសារនេះជាមួយបណ្តាប្រទេសដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ទាំងថ្នាក់តំបន់ និងទ្វេភាគី ដើម្បីជំរុញការនាំចេញឱ្យបានជាអតិបរមាទៅតាមបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ