ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាផ្តើមគិតគូរពីការប្រមូលពន្ធលើសេវាឌីជីថល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជាហាក់កំពុងជំរុញយន្តការប្រមូលពន្ធពីសេវាឌីជីថល (Digital Services Tax)។  នៅក្នុងរយៈពេលចុងក្រោយនេះគេសង្កេតឃើញស្ថាប័ន​ជំនាញបានពិភាក្សា​គ្នាក្នុងក្របខណ្ឌអន្តរក្រសួងផង និងជាមួយដៃគូបរទេសផងនៅក្នុងបញ្ហានេះ។ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ…

រាជធានីភ្នំពេញ ៖ កម្ពុជាហាក់កំពុងជំរុញយន្តការប្រមូលពន្ធពីសេវាឌីជីថល (Digital Services Tax)។  នៅក្នុងរយៈពេលចុងក្រោយនេះគេសង្កេតឃើញស្ថាប័ន​ជំនាញបានពិភាក្សា​គ្នាក្នុងក្របខណ្ឌអន្តរក្រសួងផង និងជាមួយដៃគូបរទេសផងនៅក្នុងបញ្ហានេះ។

កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការងារបច្ចេកទេស សេចក្តីព្រាងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថល (Digital Services Tax) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរដែលមិនចុះបញ្ជីនៅកម្ពុជា។

កិច្ចប្រជុំនោះត្រូវបានមន្រ្តីអះអាងថា បានពិភាក្សាស៊ីជម្រៅលើបទពិសោធន៍របស់ក្រុមហ៊ុន Facebook ជាមួយប្រទេសមួយចំនួននៅសកលលោក ប្រទេសសមាជិកអាស៊ាន និងគោលការណ៍ណែនាំអន្តរជាតិស្ដីពីពន្ធលើតម្លៃបន្ថែមរបស់អង្គការសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD)។

ក្រោយពីបានប្រជុំជាមួយក្រុមហ៊ុន Facebookនោះហើយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រជុំពិភាក្សាការងារនេះជាមួយក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ។

លោក សុខ សុភ័ក្រ្ត បានលើកឡើងអំពីនិន្នាការអន្តរជាតិ និងតំបន់ចំពោះការកំណត់​ពន្ធលើផលិតផលនិងសេវាឌីជីថល អំពីកាតព្វកិច្ចផ្នែកពន្ធដែលជាការប្តេជ្ញា​ចិត្តរបស់ព្រះរាជា​ណាចក្រកម្ពុជា នៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border E-Commerce)។

តំណាងក្រសួងពាណិជ្ជកម្ម បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅអំពីយន្តការ និងនីតិវិធីនៅក្នុងការប្រមូលពន្ធលើសេវាឌីជីថល ក្នុងកម្រិតសកល និងតំបន់ ដោយនឹងសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនផងដែរ។


កាលពីថ្ងៃ ទី​៤​វិច្ឆិកា ឆ្នាំ​២០២០ លោក ជា វ៉ាន់​ដេ​ត បានពិភាក្សាជាមួយ លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយដែរនៅក្នុង​គម្រោងការនៃការប្រមូលពន្ធលើសេវាឌីជីថលនេះ។

​កម្ពុជាហាក់កំពុងជំរុញការប្រពន្ធនានាឲ្យបានច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ​ស្ថិតនៅក្នុង​វិបត្តិ​កូ​វីដ​-១៩​នេះ ។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ពន្ធ​-​អាករ កម្ពុជា បានប្រកាសនៅមុននេះថាបានប្រមូលពន្ធ​ជិត​២,២២៦​លាន​ដុល្លារ​អាមេរិក ស្មើ​ជាង​៧៨​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​​។ ចំណូល​ពន្ធដាបាន កើន​ជិត​៤​% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ