អ្នក​រែង​ត្បូង​នៅ​តែ​ផ្សងព្រេង ខណៈ​រដូវរំហើយ​ទឹក​ចាប់ផ្តើម​ស្រក​ក្តី


ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទឹកស្ទឹង​ប​យ៉ា​ខា ស្រក​ចុះ​ទៅ​វិញ​នៅ​រដូវរំហើយ​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​មួយ​ចំនួន​នៅ​តែ​នាំ​គ្នា​យក​ចបជីក ចបកាប់ ដែក​ស្បែង និង​កញ្ច្រែង​ទៅ​អង្គុយ​រែង​ត្បូង​យ៉ាង​ពពាក់ពពូន​នៅ​ក្បែរ​ៗ​មាត់​ស្ទឹង ។ តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ម្នាក់​ៗ​ខំប្រឹង​ជីក​លុង​យក​ដុំ​ថ្ម​ធំ​ៗ​ចេញ រួច​យក​ដី​ទៅ​រែង​ក្នុង​ស្ទឹង ដោយ​អ្នកខ្លះ​បាន​គ្រាប់​ត្បូង​តូច​ៗ​ពណ៌​ខៀវ ក្រហម យក​ទៅ​លក់ ។

បើ​តាម​បុរស​ម្នាក់ ឈ្មោះ ជុំ រ​ដ្ឋា អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ពីរ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​​ក្រៅ បាន​រៀបរាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទំនេរ​ពីរ​បរ​ធ្វើ​ចម្ការពោត និង​ដំឡូង​មី គាត់​បាន​នាំ​បងប្អូន​ទៅ​អង្គុយ​រែង​ត្បូង​នៅ​ក្នុង​មាត់​ស្ទឹង​ប​យ៉ា​ខា ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​នាំ​គ្នា​ជីកដី​មាត់​ស្ទឹង​រែង​រក​រែ​ត្បូង​អស់​រយ​:​ពេល​ជាង​១​ស​ប្តា​ហ៍​មក​ហើយ បាន​កម្ទេច​ត្បូង​លក់​ឱ្យ​ឈ្មួញ​បាន​ប្រាក់​ជួនកាល​១០​ម៉ឺន​រៀល ពេល​ខ្លះ​៤​ទៅ​៥​ម៉ឺន​រៀល ហើយ​ក៏​មាន​ថ្ងៃ​ខ្លះ​ទៀត អត់​បាន​កម្ទេច​ត្បូង​ច្រើន​ទេ តែ​ដោយសារ​ជីវ​ភាព​​ខ្វះខាត​មិនដឹង​ទៅ​ប្រកប​របរ​អ្វី​ផ្សេង​ពី​នេះ​ឡើយ ។

គាត់​បន្ត​ទៀត​ថា ក៏​មាន​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ភូមិ​នានា​ក្នុង​ក្រុងប៉ៃលិន​នាំ​គ្នា​អង្គុយ​បណ្តាក់​ដូច​ខ្យង​នៅ​តាម​មាត់​ស្ទឹង​ខាងលើ​ដែរ ។ ការ​ជីក​ត្បូង​ជា​លក្ខណ​:​គ្រួសារ​បច្ចុប្បន្ន​ពិតជា​មានការ​ផ្សងព្រេង​ច្រើន បើសិនជា​ហេង​អាច​នឹង​ប៉ះ​បាន​កម្ទេច​ត្បូង​ល្អ​ៗ​លក់​ឱ្យ​ឈ្មួញ​នៅ​ក្នុង ក្រុងប៉ៃលិន ។

បុរស​ម្នាក់​ឈ្មោះ យិ​ន សុខ អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា គាត់​ជា​អ្នក​ចំណាកស្រុក​មក​ពី​ខេត្តកំពង់ឆ្នាំង មក​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ អត់​មាន​ដីស្រែ​ចម្ការ​ធ្វើ​នឹង​គេ​នោះ​ទេ ។ រៀង​រាល់​ថ្ងៃ ទោះ​បើ​រដូវប្រាំង​ឬ​វស្សា​ក្តី គាត់​មាន​តែ​ប្រកប​របរ​រែង​ត្បូង​នៅ​ក្បែរ​មាត់​ស្ទឹង ដើម្បី​បាន​កម្ទេច​ត្បូង​តូច​ៗ​យក​ទៅ​លក់ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ម្យ៉ាងវិញទៀត បើ​គាត់​មិន​ខំប្រឹង​បែប​នេះ​ទេ គ្មាន​អ្វី​ទទួលទាន​ឡើយ ព្រោះ​កម្លាំង​កាន់តែ​ចាស់ មិន​អាច​លី​សែង​បាវ​ពោត ដំឡូង​មី​ដូច​ក្មេង​មាន​កម្លាំង​នោះ​ឡើយ ។

ចំណែក​ឈ្មួញ​ដើរ​រក​ទិញ​ត្បូង​ម្នាក់ បាន​បង្ហើប​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ត្បូង​កណ្តៀង និង​ត្បូង​ទទឹម នៅ​ក្នុង​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​ពុំ​សូវ​មាន​ច្រើន​ដូច​កាលពីមុន​នោះ​ទេ ។ តែបើ​រកបាន​ត្បូង​ល្អ​ណាមួយ​ចាប់ពី​១​កា​រ៉ាត់​ឡើង​ទៅ នោះ​លក់​ក៏​បាន​ថ្លៃ​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​​ផង​ដែរ ។ ប្រភព​បន្ត​ទៀត​ថា ត្បូង​ល្អ​គេ​ទិញ​យក​ទៅ​ធ្វើ​គ្រឿងអលង្ការ​ដូច​ជា​ខ្សែ​ក ចិញ្ចៀន ដោយ​ភាគច្រើន​មហាជន​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ចូល​ទិញ​នា​ពេល​បុណ្យ​ទាន​ផ្សេង​ៗ ចូល​មក​ទស្សនា​នៅ​ក្រុងប៉ៃលិន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ