ស្ថានភាពក្រីក្រនៅភ្នំពេញនឹងបង្ហាញតាមរយៈពិព័រណ៍រូបថតមួយក្នុងសប្តាហ៍នេះ


រាជធានីភ្នំពេញ៖ សមាគមធាងត្នោត ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានធ្វើការជិតស្និទ្ធជាមួយសហគមន៍ក្រីក្រី នៅក្នុងរាជធានីភ្នំពេញ នឹងរៀបចំពិព័រណ៍រូបថតសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

ពិព័រណ៍រូបថត ដែលសាធារណជនអាចចូលទស្សនាដោយសេរី នេះ នឹងធ្វើឡើងនៅ ហ្វេកទ័ររី ភ្នំពេញ (Factory Phnom Penh) ម្តុំចាក់អង្រែ។ មិនទាន់ដឹងថានៅក្នុងពិព័រណ៍រូបថត នោះនឹងមានរូបអ្វីខ្លះមកបង្ហាញសាធារណជនទេ ប៉ុន្តែជាទម្លាប់ព្រឹត្តិការណ៍បែបនេះ អាចជារូបថត ដែលអ្នកថតរូបបានប្រមាញ់ពីសកម្មភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ដូចជាបញ្ហាលំបាកក្នុងការរស់នៅ ផ្ទះសម្បែង ការធ្វើដំណើររបស់ពលរដ្ឋក្រីក្រ ឬថាបញ្ហា បរិស្ថាន ក្នុងសហគមន៍ជាដើម។​

សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញបានថយចុះពី ៣៣៥សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១សហគមន៍ ក្នុងឆ្នាំ២០២០។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះបានបញ្ជាក់ថា សហគមន៍ក្រីក្រីនៅភ្នំពេញបានកាត់បន្ថយជាបន្តបន្ទាប់ ក្រោយគោលនយោបាយអភិវឌ្ឍន៍របស់ប្រមុខរដ្ឋាភិបាល។

លោកអភិបាលក្រុងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រទានកម្មសរុបបានចំនួន ២៩ទីតាំង លើផ្ទៃដីទំហំ ៨២ហិចតា ដោយបានប្រគល់ដីធ្លីជូនប្រជាពលរដ្ឋប្រមាណ ១៨.០០០គ្រួសារ និងបានបិទបញ្ចប់ទាំងស្រុងសំណុំរឿង ទំនាស់ដីធ្លីរ៉ាំរ៉ៃអូសបន្លាយ រយៈពេលជាច្រើនឆ្នាំក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ និងសហគមន៍បុរីកីឡា ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិលំនៅឋាន និងគោលការណ៍មនុស្សធម៌។

នៅក្នុងសន្និសីទសារព័ត៌មាននោះ លោកឃួង ស្រេង ថាអាជ្ញាធរបានកំពុងដោះស្រាយ បញ្ចប់បញ្ហាតំបន់អភិវឌ្ឍន៍ឫស្សីកែវ តំបន់អភិវឌ្ឍន៍បឹងទំពន់-ជើងឯក តំបន់អតីតផ្លូវដែក តំបន់ស្ថានីយ៍បូមទឹកទួលគោក តំបន់ស្ថានីយ៍ស្ដុកទឹកបឹងត្របែក និងពិនិត្យរៀបចំតំបន់មិនរៀបរយមួយចំនួនទៀត​។​

សូមជម្រាបថាអង្គការសមាគមធាងត្នោត ជាអង្គការមួយដែលឃ្លំាមើលការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញផងដែរ។ កន្លងមកអង្គការនេះ តែងតែបង្ហាញការព្រួយបារម្ភ លើគម្រោងអភិវឌ្ឍន៍មួយចំនួនពិសេសការលុបបឹងសំខន់ៗ ដូចជាបឹងទំពុន បឹងតាមោកជាដើមនោះ។ សម្រាប់បឹងទំពុន ឬបឹងជើងឯក អង្គការនេះបង្ហាញថា គឺជាតំបន់ដីសើមដែលមានទំហំប្រមាណ ២,៥០០ហិកតា បច្ចុប្បន្នបឹងនេះ កំពុងត្រូវបានកាត់ឱ្យក្រុមហ៊ុនឯកជន ហើយផ្ទៃបឹងយ៉ាងហោចណាស់៩០% នឹងត្រូវបានបាត់បង់៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ