សុំ​លុយ​ម្តាយ​ទៅ​លេងល្បែង​មិន​បាន ស្អែក​ឡើង​ធ្វើ​បែប​នេះ​តែ​ម្តង


ខេត្ត​ប៉ៃលិន ៖ សព​បុរស​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​សំយាបរោង​ចត​រថយន្ត​របស់​អ្នក​ជិតខាង ខណៈ​លេងល្បែង​កាស៊ីណូ​ចាញ់​អស់​លុយ​ពី​ខ្លួន លុះ​មក​សម្លុត​សុំ​លុយ​ម្តាយ​ទៅ​លេង​បន្ត​មិន​បាន និង​សង្ស័យ​បែក​ថ្នាំ​ក៏​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ប្រទះ​ឃើញ​សព​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សំយាបរោង​ចត​រថយន្ត​មួយ​កន្លែង ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ចង​.​ក​ឈ្មោះ​សេត ដួង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កម្មករ​ធ្វើ​នំប៉័ង ពោះម៉ាយ ធ្លាប់​រៀប​ការ​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​ថាវ រី អាយុ​៣០​ឆ្នាំ មានកូន​ស្រី​១ ត្រូវ​ប្រពន្ធ​រត់​ចោល ព្រោះ​ងប់​នឹង​ល្បែង ។

ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ​គឹ​ម សុ​ផា អាយុ​៧០​ឆ្នាំ ត្រូវជា​ម្តាយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កូនប្រុស​របស់​គាត់​ធ្លាប់​បំផ្លិចបំផ្លាញ​អស់​ម៉ូតូ​ចំនួន​៤​គ្រឿង និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត​ដោយ​លក់​យក​លុយ​ទៅ​លេងល្បែង​កាស៊ីណូ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ប្រភព​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​បុរស​ខាងលើ តែងតែ​មក​សម្លុត និង​គម្រាម​សុំ​លុយ​គាត់​យក​ទៅ​លេងល្បែង ដោយ​លក់​ខ្ទេចខ្ទី​គ្មាន​សល់​របស់របរ​នៅ​ក្នុងផ្ទះ​សូ​ម្បី​តែ​គ្រែ​ម្តាយ​ដេក​រាល់ថ្ងៃ​ក៏​យក​ទៅ​លក់​លេងល្បែង​អស់​ដែរ ។ ម្យ៉ាងវិញទៀត​កូនប្រុស គាត់​រស់នៅ​តែងតែ​រករឿង​ឈ្លោះ​ជាមួយ​អ្នក​ជិតខាង ។ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​កូនប្រុស​របស់​គាត់​បាន​ទៅ​សុំ​លុយ​យក​ទៅ​បន្ត​លេងល្បែង​តែ​គាត់​មិន​ឲ្យ​ហើយ​ក៏​ដើរ​ចេញពីផ្ទះ​បាត់​ស្រមោល​រហូត​ដល់​យប់​ជ្រៅ​ទើប​ដើរ​ចូល​មក​ផ្ទះ​រករឿង​ជេរ​ម្តាយ លុះ​គាត់​ភ័យ​ខ្លាច​កូន​វាយ​ធ្វើបាប​មិន​ហ៊ាន​បើកទ្វារ​ឲ្យ​ចូល​ស្រាប់តែ​ព្រឹក​ឡើង​ប្រទះ​ឃើញ​សព​ចង​.​ក​នៅ​នឹង​សំយាបផ្ទះ​អ្នក​ជិតខាង​តែ​ម្តង ។

ចំណែក​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​មិត្តភក្តិ​មានចិត្ត​កាច​សាហាវ បំផ្លាញ​ទ្រព្យសម្បត្តិ​ម្តាយ​អស់​ជា​ច្រើន ដោយ​យក​ទៅ​លេងល្បែង ក្រោយមក​រូបគេ​មិន​ធ្លាប់​ចូល​ផ្ទះ​នោះ​ទេ បន្ទាប់​ពី​ប្រពន្ធ​រត់​ចោល​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​ស្នាក់​នៅ​កន្លែង​ឡ​ដុត​នំប៉័ង​១​កន្លែង​ក្នុង​ក្រុងប៉ៃលិន ។ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច រក​ឃើញ​ថា ជន​រង​គ្រោះ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ក៏​ប្រគល់​សព​ជន​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ