លោកស្រី ឳ វណ្ណឌីន ៖ ហានិភ័យខ្ពស់នៅតែមានទោះចំនួនឆ្លងពីព្រឹត្តិការណ៍២៨វិច្ឆិកាថយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោកស្រី ឳ វណ្ណឌីន ៖ ហានិភ័យខ្ពស់នៅតែមានទោះចំនួនឆ្លងពីព្រឹត្តិការណ៍២៨វិច្ឆិកាថយ

2 ខែ មុន

រាជធានីភ្នំពេញ ៖ លោកស្រី ឱ វណ្ណ​ឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានថយចុះ…

រាជធានីភ្នំពេញ ៖ លោកស្រី ឱ វណ្ណ​ឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានថយចុះ តែក្រសួង​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បែប​ណា​បាន​នៅឡើយ​ទេ អ្វីដែលសំខាន់គឺពលរដ្ឋទំាងអស់ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។

ក្នុងសារឆ្លើយឆ្លងជាអ្នកកាសែតតាមតេឡេក្រាម លោកស្រី វណ្ណឌីន បញ្ជាក់ថា «អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវតែ​បន្ត​ការ​ប្រុងប្រយ័ត្ន​ថែមទៀត ក្រែងលោ វីរុស​កូ​វីដ​-១៩ នេះ វា​នៅ​ចរាចរ​កន្លែង​ផ្សេងទៀតដែល​យើង​មិនទាន់​បានដឹង ព្រោះ​ពេលនេះគឺជា​ការ​ចម្លង​ក្នុង​សហគមន៍​ ជា​ចង្កោម និង​ដោយ​កន្លែង ហើយ​ហានិភ័យ​នៅ​ខ្ពស់​នៅឡើយ​ទេ»។

កាលពី​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា ចំនួន​ម្នាក់ទៀតដែល​ជា​អ្នក​បាន​ទៅ​ទិញទំនិញ​នៅ​ហាង Zando ។ ក្រសួង​បន្ត​ថា គិត​ចាប់ពី​ថ្ងៃទី២៨ ខែវិច្ឆិកា ដល់​ព្រឹក​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍​ចំនួន៤០នាក់​។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានកំណត់រយៈពេល១៥ថ្ងៃនៅក្នុងការប្រយុទ្ធប្រឆំាងការឆ្លងរាលដាលជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ អ្នកពាក់ព័ន្ធទំាងអស់បានធ្វើតេស្តចំនួនពីរលើកហើយ។ ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយគ្រោងធ្វើនៅថ្ងៃទី១២ធ្នូខាងមុខនេះ។ ដោយសារស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធូរស្រាយចាប់ពីថ្ងៃនេះ ក្រសួងឈប់ផ្សាយរូបថតអ្នកជំងឺកូវីដ១៩ហើយ។

ក្រសួងសុខាភិបាលនៅតែបញ្ជាក់ថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងមនុស្សលោកជាប់ជានិច្ចនិងបន្តអំពាវនាវឲ្យពលរដ្ឋប្រយ័ត្នប្រយែងជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​និង ឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ជាដើម៕